សារ​ជូនពរ​របស់​អ្នក​នយោបាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល

ដោយ យាង សុជាមេត្តា
2015.01.01
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
RFA

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ អ្នក​នយោបាយ​ខ្មែរ​ទាំង​ខាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង សុទ្ធតែ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រៀងៗ​ខ្លួន។ តើ​សារ​ជូនពរ​របស់​អ្នក​នយោបាយ​ខ្មែរ​មាន​ខ្លឹមសារ​ដូចម្តេច​ខ្លះ?

ក្នុង​ឱកាស​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល ២០១៥ អ្នក​នយោបាយ​ខ្មែរ​បាន​ផ្ញើ​សារ​ជូនពរ​ខុសៗ​គ្នា​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ខណៈ​បក្ស​កាន់​អំណាច​យក​ឱកាស​ចូល​ឆ្នាំ​សកល ដើម្បី​អួត​អាង​អំពី​សមិទ្ធផល​របស់​ខ្លួន​ដែល​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក ខាង​គណបក្ស​ប្រឆាំង​ឯណោះ​វិញ ចង់​ឲ្យ​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សេរីភាព និង​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ។

ក្នុង​សារ​លិខិត​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ច្រើន​អំពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​របស់​លោក​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក។

មិន​ខុស​ពី​អ្វី​ដែល​លោក​បាន​ថ្លែង​កន្លង​មក លោក ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ជន​រួម​ជាតិ​ខ្មែរ​ថា កម្ពុជា បច្ចុប្បន្ន​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​ល្អ​បរិបូរណ៍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ជា​កត្តា​ធានា​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រកប​ដោយ​សេចក្តី​សុខ សុភមង្គល ក្នុង​ភាព​សុខដុមរមនា និង​មាន​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ​ឡើង។

លោក ហ៊ុន សែន ថ្លែង​សរសើរ​រដ្ឋាភិបាល​ខ្លួន​ឯង​បន្ត​ថា ស្រប​នឹង​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នេះ រដ្ឋាភិបាល​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​នៃ​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច ដែល​មាន​ការ​បែង​ចែក​ប្រកប​ដោយ​សមធម៌ និង​ចិរភាព ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ​នៅ​កម្ពុជា ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន និង​កូន​ចៅ​ជំនាន់​ក្រោយ​នា​ពេល​អនាគត។

ជា​រួម លោក ហ៊ុន សែន បាន​ថ្លែង​សរសើរ​អំពី​សមិទ្ធផល​សម្រេច​បាន​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ថា កម្ពុជា ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​ប្រទេស​ទី​១១ លើ​ពិភពលោក ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ និង​ជា​ប្រទេស​ទី​៥ ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍ ដែល​អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ព្រម​ទាំង​ឋិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ល្អ​ប្រសើរ ក្នុង​ការ​កែ​លម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អត្រា​ជាង ១% ក្នុង​មួយ​ឆ្នាំ។

លោក ហ៊ុន សែន បាន​បង្ហាញ​ថា ជាក់ស្តែង​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​មធ្យម​ប្រចាំ​ឆ្នាំ ៧% ហើយ​សម្រាប់​ឆ្នាំ​២០១៤ កំណើន​សេដ្ឋកិច្ច​អាច​សម្រេច​បាន​ក្នុង​រង្វង់ ៧% ដដែល ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន​ប្រមាណ ៩,៦% វិស័យ​សេវា​មាន​កំណើន ៧,៥% និង​វិស័យ​កសិកម្ម​មាន​កំណើន ២,៦%។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០១៥ កម្ពុជា នឹង​នៅ​តែ​អាច​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៧% បន្ត​ទៀត។

លោក ហ៊ុន សែន អះអាង​ថា ឈរ​លើ​មូលដ្ឋាន​នៃ​កំណើន​ទាំងអស់​នេះ ផលិតផល​ក្នុង​ស្រុក​សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ពី ៧៦០​ដុល្លារ​នៅ​ឆ្នាំ​២០០៨ ដល់ ១.១៣០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤។ លោក​ថា កត្តា​នេះ​ធ្វើ​ឲ្យ​កម្ពុជា អាច​នឹង​ចេញ​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក ហ៊ុន សែន បញ្ជាក់​ថា ចំពោះ​អត្រា​នៃ​ភាព​ក្រីក្រ​វិញ ក៏​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ក្រោម ១៨% នៅ​ឆ្នាំ​២០១៤។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ សំដៅ​បន្ត​ជំរុញ​អនុវត្ត​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​រាល់​កំណែ​ទម្រង់​សំខាន់ៗ រួម​មាន ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ការ​កែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ កិច្ច​ការពារ​បរិស្ថាន ការ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ និង​ការ​កែ​ទម្រង់​ផ្សេងៗ​ទៀត ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទិស​ស្លោក «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល»។

នៅ​ចុង​បញ្ចប់​នៃ​សារ​លិខិត​របស់​លោក ក្រៅ​ពី​ជូនពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​សិរី​សួស្តី លោក ហ៊ុន សែន ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា ឆ្នាំ​២០១៥ នឹង​នាំ​មក​នូវ​វិបុលភាព វឌ្ឍនភាព និង​ឱកាស​ថ្មីៗ​បន្ថែម​ទៀត​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា។

ដោយ​ឡែក​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ វិញ ប្រធាន និង​អនុប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ មិន​បាន​ផ្ញើ​សារ​ផ្លូវ​ការ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ដូច លោក ហ៊ុន សែន ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ផ្ញើ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ លោក​សូម​ឲ្យ​ប្រទេស​កម្ពុជា ឈាន​ទៅ​មុខ ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ដែល​នឹង​ធានា​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​នូវ​សេរីភាព​ប្រកប​ដោយ​យុត្តិធម៌។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​មក​ពី​គ្រប់​និន្នាការ​នយោបាយ ចេះ​ស្រឡាញ់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​តម្កល់​ទុក​អាយុ​ជីវិត​ជាតិ និង​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​លើស​អ្វីៗ​ទាំងអស់។

បន្ថែម​ពី​លើ​នេះ លោក​ទទូច​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ បោះ​បង់​ចោល​នូវ​វប្បធម៌​ហិង្សា និង​គុំកួន​គ្នា ហើយ​ចាប់​យក​វប្បធម៌​សន្ទនា​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រទេស​ជាតិ​ដោយ​សន្តិវិធី។ លោក​ក៏​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​គំនិត​វិជ្ជមាន ហើយ​ចេះ​រួបរួម​គ្នា​ក្នុង​បំណង​កសាង​អំពើ​ល្អ​ជាមួយ​គ្នា ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំងអស់​គ្នា និង​ដើម្បី​អនាគត​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ។

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា វិញ លោក​មិន​បាន​សរសេរ​ច្រើន​លើ​ទំព័រ​ហ្វេសប៊ុក​ដូច លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​លោក​ថ្លែង​សារ​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។

ក្នុង​វីដេអូ​នោះ លោក កឹម សុខា ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៥ នេះ លោក​សូម​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់ ទទួល​បាន​នូវ​សេចក្តី​សុខ​សន្តិភាព សិទ្ធិ​សេរីភាព និង​សុភមង្គល​ឲ្យ​បាន​គ្រប់ៗ​គ្នា។ លោក កឹម សុខា ថ្លែង​បន្ត​ថា សូម​ឲ្យ​ឧបទ្រព​ចង្រៃ អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ ត្រូវ​បញ្ចប់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នេះ។

ស្រដៀង​ទៅ​នឹង លោក សម រង្ស៊ី លោក កឹម សុខា ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​មាន​សាមគ្គី​ភាព​រវាង​ខ្មែរ និង​ខ្មែរ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ លោក​ក៏​សូម​ឲ្យ​វប្បធម៌​សន្ទនា​ដែល លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​នោះ គឺ​ជា​ការ​សន្ទនា​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ គឺ​មិន​មែន​សន្ទនា​ដើម្បី​តែ​ចំណេញ​សម្រាប់​បុគ្គល ឬ​បក្ខពួក​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។