ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ដែលចុះហត្ថលេខាជំនួសដោយលោក អ៊ុច បូររិទ្ធ ជារដ្ឋលេខាធិការកាលពីថ្ងៃទី១៧ ខែមករា ទៅកាន់លោក សឺន យឿង នាយកប្រតិបត្តិនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បញ្ជាក់ថា ពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅវៀតណាម គឺជាពលរដ្ឋវៀតណាម ស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់វៀតណាម។
លិខិតដដែលបន្ថែមថា ប្រទេសកម្ពុជានិងវៀតណាម ជាប្រទេសមានអធិបតេយ្យភាពរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូច្នេះក្រសួងការបរទេសកម្ពុជា ពុំអាចធ្វើការអន្តរាគមន៍ទៅលើអ្វីដែលជាកិច្ចការផ្ទៃក្នុងរបស់វៀតណាម បានឡើយ។
លិខិតនេះធ្វើឡើងឆ្លើយតបតាមការស្នើសុំរបស់ខាងសមាគមខ្មែរក្រោម ដែលសុំឲ្យថ្នាក់ដឹកនាំក្រសួងការបរទេស ជួយអន្តរាគមន៍អាជ្ញាធរវៀតណាម ឲ្យដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ៧នាក់ ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនកាលពីឆ្នាំមុន។
ប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុនៃលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន ប្រតិកម្មថា ត្បិតពលរដ្ឋខ្មែរក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម តែខ្មែរក្រោមគឺជាពលរដ្ឋខ្មែរដែលទាមទារឲ្យអាជ្ញាធរខ្មែរជួយការពារ៖ «អ្វីដែលក្រសួងការបរទេសផ្ញើមកនោះ ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំសូមសួររដ្ឋាភិបាលវិញថា សព្វថ្ងៃនេះតើចាត់ទុកខ្មែរកម្ពុជាក្រោមជាខ្មែរឬទេ? ប្រហែលជាសមាគមខ្មែរកម្ពុជាក្រោមយើងនៅកម្ពុជា នឹងមានសកម្មភាពបន្តទៀត ដើម្បីប្រតិកម្មចំពោះលិខិតរបស់ក្រសួងការបរទេស។ យើងនឹងដាក់ទៅរដ្ឋាភិបាលវៀតណាម តាមរយៈស្ថានទូត ឬក៏អាចធ្វើជាបាតុកម្មមួយ ឬសកម្មភាពផ្សេងទៀត ដែលយើងគិតថា មានប្រសិទ្ធភាព»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ដោយឡែកច្បាប់ស្ដីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត និងមិនអាចបាត់បង់សញ្ជាតិដោយឯកឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
