អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ស្ត្រីទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមកដល់កម្ពុជា នៅចុងសប្ដាហ៍នេះ ដើម្បីជំរុញគំនិតផ្ដួចផ្ដើមថ្មីរបស់សហរដ្ឋអាមេរិក លើកស្ទួយវិស័យអប់រំនៅកម្ពុជា។
ទោះបីក្នុងដំណើរទស្សនកិច្ចលើកនេះ ផ្ដោតជាសំខាន់លើវិស័យសិក្សាអប់រំក៏ដោយ អ្នកស្រីក៏នឹងលើកឡើងអំពីក្តីកង្វល់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ផងដែរ។
ពលរដ្ឋសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ៥០នាក់ ប្រមូលផ្ដុំកាលពីព្រឹកថ្ងៃអង្គារ ទី១៧ មីនា ដាក់ញត្តិតាមរយៈស្ថានទូតសហរដ្ឋអាមេរិក ជូនភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក សុំឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
មន្ត្រីសេតវិមានសហរដ្ឋអាមេរិក អះអាងថា អ្នកស្រី មីស្ហ៊ែល អូបាម៉ា នឹងពិភាក្សាពីប្រព័ន្ធនយោបាយបើកចំហនៅកម្ពុជា ដោយដាក់បង្ហាញពីតម្លៃ និងគោលការណ៍មួយចំនួនដែលសហរដ្ឋអាមេរិក គិតថា មានសារសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ។ ស្ត្រីទី១ ភរិយាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ក៏នឹងជួបមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីជំរុញអង្គការទាំងនោះឲ្យដើរតួនាទីសំខាន់ចូលរួមដំណើរការអភិបាលកិច្ចល្អដើម្បីឲ្យប្រទេសកម្ពុជា មានប្រព័ន្ធនយោបាយបើកចំហ។
ទស្សនកិច្ចរបស់អ្នកស្រី មីស្ហ៊ែល អូបាម៉ា នឹងចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ មីនា ដើម្បីផ្សព្វផ្សាយពីគំនិតផ្ដួចផ្ដើមថ្មី ដើម្បីលើកកម្ពស់ផ្នែកអប់រំមានឈ្មោះថា "អនុញ្ញាតឲ្យកុមារីសិក្សា (Let Girls Learn)” ដែលអ្នកស្រី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរួមគ្នាបង្កើតឡើងកាលពីដើមខែមីនា នេះ។ គំនិតផ្ដួចផ្ដើមថ្មីនេះ ជាយុទ្ធនាការដើម្បីជំរុញឲ្យមានកុមារីកាន់តែច្រើនឡើងបានចូលរៀន និងបន្តការសិក្សានៅលើពិភពលោក។
មន្ត្រីសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតុន បញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា អ្នកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាប ជួបនឹងកុមារីជាសិស្សចំនួន ១០នាក់ នៅវិទ្យាល័យ ហ៊ុន សែន បាគង ដើម្បីគាំទ្រវិស័យអប់រំ ដល់យុវនារីនៅកម្ពុជា។ អ្នកស្រីក៏នឹងទៅទស្សនាប្រាសាទអង្គរផងដែរ។
អ្នកស្រី មីស្ហ៊ែល អូបាម៉ា ក៏នឹងសិក្សាដកយកបទពិសោធន៍នូវដំណោះស្រាយបញ្ហាអប់រំនៅថ្នាក់មូលដ្ឋាននៅកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១១ ចូលរួមក្នុងកម្មវិធី "អនុញ្ញាតឲ្យកុមារីសិក្សា (Let Girls Learn)” គ្រប់គ្រងដោយក្រុមអ្នកស្ម័គ្រចិត្តអាមេរិក (Peace Corps)។ បច្ចុប្បន្ន មានក្មេងស្រីប្រមាណជាង ៦០លាននាក់ នៅទូទាំងពិភពលោកពុំមានលទ្ធភាពទទួលបានការសិក្សាដោយហេតុផលផ្សេងៗ។
ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សវិញ កាលពីថ្ងៃទី១៧ មីនា ក្រុមសកម្មជនដីធ្លីនៅតំបន់បឹងកក់ និងតំបន់ផ្សេងទៀត បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក នៅភ្នំពេញ ដើម្បីស្នើសុំអ្នកស្រី មីស្ហ៊ែល អូបាម៉ា ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស និងដោះស្រាយជម្លោះដីធ្លី។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី១៧ បញ្ជាក់ថា សាលារាជធានីនឹងបន្តដោះស្រាយជម្លោះដីធ្លីឲ្យពលរដ្ឋ ប៉ុន្តែលោកមិនទាន់មានវិធានការស្វែងរកដំណោះស្រាយជម្លោះដីធ្លីតាមសំណើរបស់អ្នកស្រី មីស្ហ៊ែល អូបាម៉ា នៅឡើយទេ៖ «លោកជំទាវគាត់មានសំណូមពរ ឬការស្នើសុំយ៉ាងណានោះយើងគោរពការណែនាំរបស់រដ្ឋាភិបាល ពីព្រោះយើងជាស្ថាប័នរដ្ឋ»។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ទស្សនកិច្ចអ្នកស្រី មីស្ហ៊ែល អូបាម៉ា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតចំពោះកិច្ចសហការរវាងប្រទេសទាំងពីរ។ ប៉ុន្តែលោកបដិសេធមិនអត្ថាធិប្បាយពាក់ព័ន្ធគម្រោងពិភាក្សាបញ្ហាសិទ្ធិមនុស្សរបស់អ្នកស្រីឡើយ៖ «ខ្ញុំសង្ឃឹមថា នឹងជួយដល់ការពង្រឹងមិត្តភាព និងកិច្ចប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក»។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជាដំណើរទស្សនកិច្ចលើកទីពីរបស់ស្ត្រីទី១ សហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រកម្ពុជា។ កាលពីឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា មានវត្តមានក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជា ប៉ុន្តែលោកមិនមែនទៅធ្វើទស្សនកិច្ចនៅកម្ពុជា ឡើយ គឺគ្រាន់តែចូលរួមកិច្ចប្រជុំដែលកម្ពុជា ជាម្ចាស់ផ្ទះប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
