ជំហររបស់ប្រទេសទាំងនេះ បានបណ្ដាលឲ្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣១ កក្កដា ក្រើនរំលឹកដល់បេសកកម្មការទូតបរទេសប្រចាំនៅកម្ពុជា កុំឲ្យមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣១ កក្កដា ស្នើឲ្យបេសកកម្មការទូតបរទេស កុំដើរតួនាទីគាំទ្រគណបក្សប្រឆាំង។
ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បានសម្ដែងការព្រួយបារម្ភចំពោះភាពមិនប្រក្រតីដ៏ច្រើន ក្នុងដំណើរការបោះឆ្នោត និងបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយកំហុសដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។ លោកក៏បានបង្ហាញជំហរគាំទ្រឲ្យមានការបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលស្នើដោយគណបក្សប្រឆាំងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានក្រើនរំលឹកដល់បេសកកម្មការទូតបរទេស តាមរយៈសេចក្តីថ្លែងការណ៍នោះថា ប្រទេសកម្ពុជា គឺជារដ្ឋអធិបតេយ្យ ប្រជាធិបតេយ្យ និងគ្រប់គ្រងដោយច្បាប់ ហើយបេសកកម្មការទូតទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា អនុសញ្ញាទីក្រុងវីយ៉េន ឆ្នាំ១៩៦១ មិនអនុញ្ញាតឲ្យបេសកកម្មការទូតបរទេស ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣១ កក្កដា ថា បញ្ហាខ្មែរនេះមានតែខ្មែររួមគ្នាដោះស្រាយប៉ុណ្ណោះ៖ «ចំណុចនានាពាក់ព័ន្ធជាមួយនឹងការសម្របសម្រួលរវាងគណបក្សនយោបាយ គណបក្សប្រជាជន សូមជម្រាបថា បានប្រជុំអចិន្ត្រៃយ៍របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា កន្លងផុតទៅនេះ។ ក្នុងនោះ គឺយើងបានត្រៀមខ្លួនដើម្បីបើកចំហពិភាក្សានយោបាយរវាងបក្សនយោបាយ ដែលមានអាសនៈក្នុងសភា ដើម្បីពិភាក្សាគ្នារៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋ។ ខ្ញុំគិតថា នេះជាដំណើរដែលគ្មានអ្នកណាដោះស្រាយជំនួសខ្មែរ និងខ្មែរគ្នាឯង បានទេ មិនអាចយកបរទេសមកដោះស្រាយជំនួសយើង ហើយបរទេសមានតែការលើកទឹកចិត្តយើងឱ្យមានការសន្ទនាគ្នា»។
ការចេញសេចក្តីថ្លែងការណ៍នេះ ត្រូវបានលោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា រដ្ឋាភិបាលកំពុងព្រួយបារម្ភពីវត្តមានរបស់សហគមន៍អន្តរជាតិ ដែលអាចនឹងចេញមកអន្តរាគមន៍ដល់គណបក្សណាមួយ ហើយសេចក្តីថ្លែងការណ៍នេះជាការប្រកាសអាសន្នមួយទប់ស្កាត់បរទេសមិនឲ្យលូកដៃចូលក្នុងការដោះស្រាយបញ្ហា ដែលកើតមានក្រោយពេលបោះឆ្នោត។
លោក សុខ ទូច៖ «ក្រសួងការបរទេស ខ្លាចទូតទាំងអស់ហ្នឹងចេញមកអន្តរាគមន៍ខាងណាមួយ ដែលធ្វើឲ្យបាត់បង់តុល្យភាពនយោបាយនៅក្នុងប្រទេស ពិសេសក្រោយពេលបោះឆ្នោតហ្នឹង។ យើងឃើញថា មានស្ថានទូតបី គឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយនិងជប៉ុន បីហ្នឹងគេចេញសេចក្តីថ្លែងការណ៍ថា គេរីករាយអបអរសាទរនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រជាជនកម្ពុជា បានចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែគេសុំឲ្យមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ យុត្តិធម៌ ដោះស្រាយរាល់បញ្ហាដែលកើតមានឡើង កន្លែងហ្នឹងមានន័យថា ស្មើនឹងគេមិនទទួលស្គាល់អ្វីហ្នឹងហើយ ប៉ុន្តែគ្រាន់តែគេនិយាយជាភាសាការទូត»។
បន្ទាប់ពីការបោះឆ្នោតនីតិកាលទី៥ បានបញ្ចប់ ថ្វីបើលទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតនៅមានភាពចម្រូងចម្រាសនៅឡើយ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) បានផ្ញើលិខិតអបអរសាទរដល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។ ទោះបីបណ្ដាប្រទេសមួយចំនួន ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកាន់កម្ពុជា បានមើលឃើញថា ការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពវិជ្ជមានក៏ដោយ ក៏ប្រទេសខ្លះ និងអង្គការអន្តរជាតិ ព្រមទាំងសង្គមស៊ីវិលមួយចំនួនទៀត រកឃើញថា ដំណើរការបោះឆ្នោតសភានីតិកាលទី៥ នេះ មានភាពមិនប្រក្រតីជាច្រើន។
ទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជា ដែលរងការរិះគន់ថាខ្វះតម្លាភាព និងយុត្តិធម៌នេះ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលទទួលយកអនុសាសន៍របស់លោកក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោត ម្ល៉េះសមមិនមានការខ្វែងគំនិតគ្នាជុំវិញលទ្ធផលបោះឆ្នោតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
