មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺនៅថ្ងៃទី១៩ កក្កដា ថា ក្រសួងមហាផ្ទៃ គ្មានចេតនាដើម្បីពន្យារពេលក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលជាការរំខានដល់ការបោះឆ្នោតនោះឡើយ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ចេញប្រតិកម្មថា បទវិភាគរបស់វិទ្យុអាស៊ីសេរី ជាបទវិភាគដោយទាញយកទឡ្ហីករណ៍មិនត្រឹមត្រូវ និងមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។
ការបញ្ចេញប្រតិកម្មឆ្លើយតបបែបនេះ នៅបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សាយថា ក្រសួងមហាផ្ទៃ ហាក់បីដូចជាមានចេតនាពន្យារពេលធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុមួយចំនួន និងការប្រើប្រាស់ទម្រង់ ១០ ១៨ ក្នុងការបោះឆ្នោតនោះ។
លោក ខៀវ សុភ័គ បានពន្យល់ថា ទម្រង់ ១០ ១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សហការនឹងក្រសួងមហាផ្ទៃ បានលុបចោលការប្រើប្រាស់ទម្រង់នេះ កាលពីឆ្នាំ២០១១ ដោយជំនួសការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ដែលចេញដោយចៅសង្កាត់ ឬមេឃុំ ហើយការចេញលិខិតនេះបានត្រឹមថ្ងៃទី១២ កក្កដា ឆ្នាំ២០១៣ ប៉ុណ្ណោះ។
ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណវិញ លោក ខៀវ សុភ័គ អះអាងថា កន្លងមក ក្រសួងមហាផ្ទៃ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ពិសេសប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោតនៅពេលគ្រប់អាយុបោះឆ្នោត ១៨ឆ្នាំ។ លោក ខៀវ សុភ័គ បញ្ជាក់ថា បញ្ហាដែលក្រសួងពន្យារធ្វើអត្តសញ្ញាណប័ណ្ណនោះ ដោយសារតែបច្ចេកទេស។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការផ្ដល់អត្តសញ្ញាណប័ណ្ណមិនគ្រប់គ្រាន់ជូនប្រជាពលរដ្ឋនេះ អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សហការជាមួយក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋកាន់លិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោតក្ដី តែមិនទាន់ជួយសម្រួលដល់ការចុះឈ្មោះបោះឆ្នោតបានទាំងស្រុងនៅឡើយ។
បន្ថែមពីលើនេះទៀត កន្លងមកមានការចោទប្រកាន់ពីប្រជាពលរដ្ឋមួយចំនួនថា ការធ្វើអត្តសញ្ញាណប័ណ្ណនេះ ប្រសិនបើទៅធ្វើធម្មតាតាមការកំណត់របស់ក្រសួងមហាផ្ទៃ នោះ គឺពិបាកនឹងធ្វើណាស់ តែប្រជាពលរដ្ឋណាផ្ដល់លុយចំនួនពី ៥០ដុល្លារ ទៅ ១០០ដុល្លារ មន្ត្រីនគរបាលមួយចំនួននឹងធ្វើជូន។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ខៀវ សុភ័គ ពន្យល់ថា សកម្មភាពបែបនេះជារឿងខុសច្បាប់ ហើយមន្ត្រីនគរបាលណាបានធ្វើដូច្នេះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងអ្នកសូកប៉ាន់ផង។ ហើយរហូតមកទល់ពេលនេះ ក្រសួងមហាផ្ទៃ បានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៥ឆ្នាំឡើងទៅបានជាង ១លាន ៧សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
