ក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលភ្ជាប់មរណភាពរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម និងភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហមនោះថា ជាការចោទមិនឆ្លុះបញ្ចាំងពីការពិត និងគ្មានយុត្តិធម៌។
សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមិថុនា ហៅការចោទប្រកាន់របស់ប្រធានអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺលោក ប៊្រែដ អាដាម (Brad Adams) ចំពោះលោក ជា ស៊ីម ថា ជាការរៀបចំគ្រោងទុកជាមុន ក្នុងចេតនាមួលបង្កាច់ និងបង្កប់នូវគំនុំគំកួនបុគ្គលមកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើសេចក្ដីថ្លែងការណ៍នេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងបញ្ជាក់ថា លោក ជា ស៊ីម គឺជាឥស្សរជនដែលបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ពីនរកអវិចីនៃរបបកម្ពុជាប្រជាធិបតេយ្យ៖ «ខ្ញុំចាត់ទុកថា អ្វីៗ ដែលលើកឡើងដោយលោក ប៊្រែដ អាដាម ហ្នឹង គឺជាការចោទប្រកាន់មួយដែលមិនបានផ្ដល់យុត្តិធម៌ទាល់តែសោះ ចំពោះអ្នកដែលបានសង្គ្រោះជីវិតប្រជាជន និងអ្នកដែលបានរួមចំណែករំដោះទឹកដីរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យអង្គការសិទ្ធិមនុស្សនេះដែលកន្លងមកគេទទួលស្គាល់នោះ វាមិនសូវមានកេរ្តិ៍ឈ្មោះល្អចំពោះកម្ពុជា ទាំងមូល ជារួម ព្រោះថា សម្ដេចធម្មពោធិសាល ជា ស៊ីម លោកត្រូវបានប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់កំពុងកាន់ទុក្ខនូវថ្ងៃមរណភាពរបស់លោកហ្នឹង»។
សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ដដែល សរសេរថា សមិទ្ធផលជាតិ ដែលបន្សល់ទុកក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាស្នាដៃរួមចំណែកមិនអាចកាត់ថ្លៃបានរបស់លោក ជា ស៊ីម ដែលអ្នកការពារជាតិ និងប្រជាពលរដ្ឋ។ ការដែលលោក ប៊្រែដ អាដាម មិនបានរស់នៅស្គាល់រសជាតិរបបខ្មែរក្រហម គឺមិនដឹងការពិត និងធ្វើវិភាគវាយតម្លៃបែបមនុស្សមានភ្នែកតែគ្មានប្រស្រី ឬបែប មនុស្សភ្នែកភ្លឺតែធ្វើជាខ្វាក់។
សេចក្ដីថ្លែងការណ៍បន្តថា អត្ថបទរបស់លោក ប៊្រែដ អាដាម ដែលចោទលោក ជា ស៊ីម ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មរំលោភបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋនោះ ជាអត្ថបទអសីលធម៌ និងគ្មានគុណធម៌ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជា និងគ្រួសារនៃសពកំពុងកាន់ទុក្ខ។
ទាក់ទងនឹងបញ្ហានេះ លោក ខៀវ សុភ័គ ព្រមានលោក ប៊្រែដ អាដាម ឱ្យផ្លាស់ប្ដូរចរិតរិះគន់របស់លោក៖ «ខ្ញុំគិតថា បើសិនជាលោក ប៊្រែដ អាដាម មិនដូរជំហរអ៊ីចឹងទេ ប្រហែលជាប្រជាពលរដ្ឋកម្ពុជា លែងស្វាគមន៍លោកលើទឹកដីកម្ពុជា ទៀតហើយ សង្ឃឹមថា គាត់នឹងផ្លាស់ប្ដូរនូវអត្តចរិតគុំកួនរបស់គាត់ ព្រោះគាត់ពីដើមធ្លាប់បានរស់នៅ និងស្នាក់អាស្រ័យដោយប្រាក់ខែរបស់រាជរដ្ឋាភិបាលកម្ពុជា ដែរតើ!»។
កាលពីថ្ងៃទី៩ មិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយសរសេរថា លោក ជា ស៊ីម គឺជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ដែលគេមិនដែលបានស៊ើបអង្កេតពីបទឧក្រិដ្ឋអន្តរជាតិធ្ងន់ធ្ងរ ដែលអាចចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងរបបខ្មែរក្រហមក្នុងសមត្ថកិច្ចរបស់លោកជាលេខាស្រុកពញាក្រែក តំបន់ ២០ ក្នុងភូមិភាគបូព៌ា ចាប់ពីឆ្នាំ១៩៧៥ ដល់ ១៩៧៨។ បទឧក្រិដ្ឋទាំងនោះ គឺរាប់ទាំងការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការសម្លាប់ដោយសារនយោបាយ ជាតិសាសន៍ និងសាសនា ចំពោះមន្ត្រីរដ្ឋការសាធារណរដ្ឋខ្មែរ ចាម វៀតណាម និងចិន។
អង្គការនេះរិះគន់ថា មរណភាពរបស់លោក ជា ស៊ីម នៅពេលនេះ គឺជាបង្ហាញពីភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហម ដែលមិនបានស៊ើបអង្កេតពីបទឧក្រិដ្ឋរបស់លោក។
សេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ លើកហេតុផលថា សាលាក្ដីខ្មែរក្រហមកាត់ទោសតែឧក្រិដ្ឋជន ២ប្រភេទ គឺមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែលោក ជា ស៊ីម គ្រាន់តែជាមន្ត្រីមូលដ្ឋានមួយរូប ហើយជាជនរងគ្រោះដែលខ្មែរក្រហមចង់សម្លាប់ដែរ។ សេចក្ដីថ្លែងការណ៍បន្តថា លោកគឺជាមគ្គុទ្ទេសក៍ដ៏ឆ្នើមមួយរូប ដែលបានចូលរួមស្ដារ កសាង អភិវឌ្ឍន៍ និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិយ៉ាងស្មោះស្ម័គ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
