ក្រសួង​មហាផ្ទៃ​ប្ដូរ​តួនាទី​អភិបាល​ខេត្ត​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល
2016-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
RFA/Morm Moniroth

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ប្ដូរ​តួនាទី​ភារៈ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក  អេង ប៊ុនហ៊ាង ទៅ​បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ វិញ។ ពិធី​ផ្ទេរ​ភារកិច្ច​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ នៅ​សាលា​ខេត្ត​មណ្ឌលគិរី ក៏ប៉ុន្តែ​មិន​មាន​​ប្រភព​ផ្លូវ​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​តួនាទី​អភិបាល​ខេត្ត​រូប​នេះ​ទេ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ដែល​បាន​ទទួល​លិខិត​អញ្ជើញ​ឲ្យ​ចូលរួម​​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​ចាត់​ទុក​ការ​ផ្លាស់ប្ដូរ​នេះ​ទំនង​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​បណ្ដឹង​របស់​សហគមន៍​ជនជាតិ​ដើម​ខេត្ត​មណ្ឌលគិរី ចំនួន ៥​ស្រុក ដែល​បាន​ប្ដឹង​ទាមទារ​ឲ្យ​ដក​​អភិបាល​ខេត្ត​រូប​នេះ​ចេញ​ក្រោម​ហេតុផល​ថា អភិបាល​ខេត្ត​រូប​នេះ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​​តិច និង​គំរាមកំហែង​ជនជាតិ​ដើម​ភាគតិច​ព្នង​មិន​ឲ្យ​គោរព​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ពិភពលោក​​កាល​ពី​ឆ្នាំ​២០១៥។

លោក​កត់សំគាល់​ថា ក្នុង​អាណត្តិ​ដឹកនាំ​របស់​អភិបាល​ខេត្ត​លោក អេង ប៊ុនហ៊ាង មិន​អាច​ដោះស្រាយ​បញ្ហា​បទល្មើស​ព្រៃឈើ និង​បញ្ហា​ជម្លោះដីធ្លី​ដែល​កើត​មាន​ច្រើន​ករណី​​នោះ​បាន​ឡើយ៖ «ប្រជាពលរដ្ឋ​ទាំង​សហគមន៍​ពួកគាត់​ហាក់​លែង​ជឿជាក់​ទៅ​លើ​អភិបាល​ខេត្ត​ហ្នឹង និង​មិន​មាន​ភាព​ជឿ​ទុកចិត្ត​ត​ទៅ​ទៀត​ដែរ ដោយសារ​កន្លង​ទៅ ពួកគាត់​បាន​ដាក់​ពាក្យ​ប្ដឹង ធ្វើ​សំណើ​រដាក់​ញត្តិ​ជា​​ច្រើន​ហ្នឹង​ហាក់​ដូច​ជា​មិន​បាន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ»

​តាម​ការ​គ្រោង​ទុក អភិបាល​រង​ខេត្ត​មណ្ឌលគិរី គឺ​លោក ស្វាយ សំអៀង នឹង​ត្រូវ​ប្រកាស​ឲ្យ​ចូលកាន់​​តួនាទី​អភិបាល​ខេត្ត​ជំនួស​អភិបាល​ខេត្ត​បច្ចុប្បន្ន ដែល​ត្រូវ​ប្ដូរ​ចេញ​ទៅ​ក្រសួង​មហាផ្ទៃ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vannith Dc

ពី Senmonorom City

មកពីគាត់ចាស់ហេីយ

Feb 17, 2016 10:18 AM

គេហទំព័រ​ទាំងមូល