សភា​ឯក​បក្ស​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ និង​កែ​សម្រួល​សមាជិក​គណៈកម្មការ​ជំនាញ

ដោយ មាន ឫទ្ធិ
2017.11.17
ហ៊ុន សែន ២០១៧ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly
Photo courtesy of National Assembly

រដ្ឋសភា​ជាតិ​ឯក​បក្ស ដែល​មានតែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យប្រជុំ​លើក​ទី៩ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ដោយ​សម្រេច​អនុម័ត​ជ្រើសតាំង​សមាជិក​បន្ថែម​ចំនួន ២​រូប ទៅ​លើ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា។ ការ​បន្ថែម​សមាជិក​នេះ នាំ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា កើន​ឡើង​សមាជិក ពី ៩​រូប ដល់​១១​រូប​វិញ ព្រមទាំង​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ទាំងស្រុង​តែម្ដង លើ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋសភា​នេះ។

ក្នុង​សម័យ​ប្រជុំ​ដដែល​នោះ រដ្ឋសភា​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៨ នេះ​រហូតដល់ ជាង ៦​កោដិ (ពាន់​លាន) ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​នេះ​កើន​ឡើង​លើស​ឆ្នាំ​ចាស់​២០១៧ ក្នុង​ចំនួន​ជិត​១ កោដិ (ពាន់​លាន) ដុល្លារ​អាមេរិក។

វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​ការ​ចំណាយ ក្នុង​​នោះ​រួមមាន វិស័យ​អប់រំ នឹង​ទទួល​បាន​ថវិកា ជិត៨៥០ លាន​ដុល្លារ វិស័យ​ដឹកជញ្ជូន ទទួល​បាន​ថវិកា​ជាង ៦០០​លាន​ដុល្លារ និង​វិស័យ​ការពារ​ជាតិ ទទួលបាន​ថវិកា​ជិត ៥៥០​លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​សុខាភិបាល ទទួល​បាន​ថវិកា​ជិត ៥០០​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​នេះ រដ្ឋសភា​ដដែល​ក៏បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី និង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និង​រដ្ឋាភិបាល​ប្រទេស​ថៃ ស្ដីពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។