រដ្ឋ​សភា​គ្រោង​បើក​សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦

0:00 / 0:00

រដ្ឋសភា​គ្រោង​​រៀបចំ​សិក្ខា​សាលា​មួយ​អំពី​ការ​កសាង​ក្របខណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ជាតិ ឆ្នាំ​២០១៦ នៅ​សប្ដាហ៍​ក្រោយ ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​ការ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋសភា​យល់​ឃើញ​ថា លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ចាយ​នៃ​កញ្ចប់​ថវិកា​ជាតិ​រាល់​ដង គឺ​មិន​ស៊ី​គ្នា​ទៅ​នឹង​សកម្មភាព​ជាក់ស្ដែង​ម្ដង​ណា​នោះ​ទេ។

អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​តែ​បង្ហាញ​ក្តី​កង្វល់​អំពី​ការ​អនុម័ត​ថវិកា​ជាតិ​នេះ ដោយ​ចាត់​ទុក​ថា ច្បាប់​នេះ​អាច​នឹង​នៅ​តែ​បញ្ហា​ដូច​មុន។

ការ​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​លើ​សេចក្ដី​ព្រាងច្បាប់​ដែល​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ស្តីពី​ការ​ចាយ​វាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៦ នៅ​ពេល​នេះ ធ្វើ​ឡើង ២​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ។

លោក សន ជ័យ អ្នក​សម្របសម្រួល​បណ្តាញ​រួបរួម​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ថា លោក​មិន​សង្ឃឹម​ទាល់​តែ​សោះ ទាក់ទិន​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី​នេះ ថា​អាច​បាន​ល្អ​ជាង​ច្បាប់​មុនៗ​នោះ។ លោក​បន្ត​ថា ក្នុង​ពេល​កន្លង​ទៅ ក្រោយ​ពី​រដ្ឋសភា​អនុម័ត​រួច គឺ​ផ្ទុយ​គ្នា​ស្រឡះ ពាក់ព័ន្ធ​ការ​ចំណាយ បើ​ធៀប​ទៅ​នឹង​សកម្មភាព​វិញ​នោះ។

ភាព​ខ្វះចន្លោះ​នេះ លោក សន ជ័យ អះអាង​ថា ដោយ​សារ​រាល់​សេចក្តី​ព្រាង​ច្បាប់ មុន​ប្រគល់​ឲ្យ​រដ្ឋ​សភា​អនុម័ត គឺ​មិន​ដែល​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ពី​អង្គការ​ដៃគូ​ឲ្យ​បាន​ស៊ីជម្រៅ​ម្តង​ណា​ឡើយ៖ «ច្បាប់​ហ្នឹង​មុន​ពេល​ដែល​យក​ទៅ​សភា ឥត​ដែល​បាន​ចែក​ជូន​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ផ្តល់​ជា​យោបល់​ឲ្យ​បាន​ច្រើន​ដែរ​ទេ។ ច្បាប់​នេះ​គឺ​មិន​មាន​តម្លាភាព តាំង​ពី​ផ្តល់​អនុសាសន៍​ពី​សង្គម​ស៊ីវិល​មក​ម៉្លេះ។ អ៊ីចឹង​ធ្វើ​ឲ្យ​យើង​បារម្ភ ទាំង​ការ​ឆ្លើយ​តប​នៃ​ការ​ចំណាយ​ទៅ​នឹង​តម្រូវការ​របស់​សហគមន៍ របស់​ប្រជាពលរដ្ឋ»

បើ​ទោះ​ជា​បែប​ណា សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​ចាយវាយ​សម្រាប់​ឆ្នាំ​២០១៦ នេះ គឺ​គេ​នៅ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ថា​តើ​ទំហំ​នៃ​ការ​ចំណាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ អាច​មាន​កំណើន​ជាង​មុន ឬ​ថយ​ចុះ​នោះ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ពី​លោក ឈាន វុន មន្រ្តី​នាំពាក្យ​នៃ​រដ្ឋ​សភា ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា។

យ៉ាង​ណា​ក៏ដោយ លោក សន ជ័យ អះអាង​ថា តួនាទី​របស់​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា ហាក់​ប្រើប្រាស់​ភារកិច្ច​របស់​ខ្លួន​បាន​តិចតួច​នៅ​ឡើយ ប្រឆាំង​នឹង​ការ​អនុម័ត​ជុំវិញ​ការ​ចំណាយ​ថវិកាជាតិ​ម្តងៗ​នោះ។

ឆ្លើយ​តប​រឿង​នេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តី​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ថ្លែង​ថា ការ​ពិត​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា ប្រឹងប្រែង​សម្បើម​ណាស់​ហើយ ក្នុង​ការ​តស៊ូ​មតិ​ជុំវិញ​រឿង​នេះ។ ក៏ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​តិចតួច​សម្រាប់​ការ​តតាំង​នៅ​ក្នុង​រដ្ឋសភា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អនុម័ត​ច្បាប់ នៅ​តែ​មិន​មាន​ភាព​ល្អ​ប្រសើរ​ទៅ​បាន។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «មុន​នឹង​ចូល​ទៅ​ដល់​គណៈកម្មការ​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន​នឹង​ដាក់​មក​សិក្ខាសាលា​មុន​នឹង​ដាក់​ចូល​សភា​ពេញអង្គ​ជាដើម យើង​សង្កេត​ឃើញ​ថា ប្រើ​ពេវេលា​ខ្លី ហើយ​ពុំ​សូវ​បាន​ជជែក​លម្អិត​ឲ្យ​បាន​ស៊ី​ជម្រៅ។ ក្រៅ​ពី​នេះ​យើង​សង្កេត​ឃើញ​ថា រាល់​ការ​ចំណាយ ឬ​ក៏​ការ​បែងចែក​ថវិកា​ជាតិ​ទៅ​តាម​ក្រសួង​នីមួយៗ ហាក់​ដូច​ជា​ពុំ​មាន​លក្ខណៈ​សមស្រប​ទៅ​លើ​ក្រសួង​ដែល​យើង​យល់​ឃើញ​ថា ជា​ក្រសួង​អាទិភាព​នៅ​ឡើយ»

ជាង​នេះ​ទៀត លោក យ៉ែម បុញ្ញឫទ្ធិ ទទួល​ស្គាល់​ថា បញ្ហា​កើត​ឡើង​ក្រោយ​ការ​អនុម័ត​ច្បាប់ ដូច​ជា​ការ​ចាយ​វាយ​មិន​ត្រឹមត្រូវ ខ្វះ​តម្លាភាព និង​អំពើ​ពុករលួយ គឺ​ពិត​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ និង​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នៅ​ឡើយ​ពិត​មែន។

សម្រាប់​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​គ្រប់គ្រង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៥ ដែល​រដ្ឋសភា​បាន​អនុម័ត​ដ៏​ចម្រូងចម្រាស​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​វិញ បាន​កំណត់​ការ​ចំណាយ​ថវិកា​រដ្ឋ​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ការ​ចំណាយ​នេះ មាន​កំណើន​ជិត ១១​ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១៤ ដែល​កាល​ណោះ​រដ្ឋ​ត្រូវ​ចាយ​ប្រាក់​ប្រមាណ​តែ​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។