ការថ្លែងរបស់លោក ទេព នីថា គឺចង់បញ្ជាក់ពីជំហររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្របពេលដែល គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) និកហ្វិច (NICFEC) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក (NDI = អ៊ិន.ឌី.អាយ) រកឃើញថា បញ្ជីឈ្មោះអ្នកបោះឆ្នោតនៅមានបញ្ហាមិនត្រឹមត្រូវ៖ «ឥឡូវនេះ ដំណើរការបោះឆ្នោត យើងចុះគណបក្សនយោបាយហើយៗ។ យើងនៅតែសម្រេចលើគណបក្សនយោបាយដែលត្រូវឈរឈ្មោះទេ។ អ៊ីចឹង ដំណើរការទៅមុខហើយ មិនបកក្រោយវិញបានទេ»។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានផ្ញើឯកសារឆ្លើយតបមួយទៅលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបញ្ជាក់ថា បន្ទាប់ពីការធ្វើសវនកម្មបញ្ជីបោះឆ្នោត វិទ្យាស្ថាននេះរកឃើញថា មានអ្នកពេញសិទ្ធិបោះឆ្នោតជិត ១១% ដែលគេគិតថា បានចុះឈ្មោះរួចហើយ ប៉ុន្តែមិនមានឈ្មោះបោះឆ្នោតលើបញ្ជីបោះឆ្នោត ហើយអង្គការឃ្លាំមើលការបោះឆ្នោតមួយទៀត ឈ្មោះ ខុមហ្វ្រែល រកឃើញថា មានអ្នកបោះឆ្នោតជាង ១៣% បាត់ឈ្មោះ បន្ទាប់ពីគេបានចុះឈ្មោះបោះឆ្នោតរួចហើយ។
នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់បន្ថែមថា ឯកសារឆ្លើយតបនេះ គឺជាការពន្យល់ដល់ គ.ជ.ប ដែលមានចម្ងល់អំពីតួលេខខុសគ្នានៅក្នុងការរកឃើញនេះ៖ «បញ្ហានេះរកឃើញដូចគ្នា។ គ្រាន់តែចំនួនភាគរយអីលើសគ្នាតិចតួចទេ។ យើងរកឃើញអ៊ីចឹង គ្រាន់តែថា បញ្ហាត្រូវការពន្យល់ពីការរកឃើញហ្នឹងទៅវិញទៅមកទេ ព្រោះដើម្បីឱ្យ គ.ជ.ប ហ្នឹងគាត់អាចទទួលយកបាននូវលទ្ធផលអីអ៊ីចឹងទៅ ឬ អ៊ិន.ឌី.អាយ គាត់អាចពន្យល់ គ.ជ.ប ឱ្យបានក្បោះក្បាយ ហើយ គ.ជ.ប មានសិទ្ធិសួរ។ ខ្ញុំគិតថា នេះជាការធម្មតាទេ។ វាបង្កើតការចាប់អារម្មណ៍មួយដើម្បីឱ្យមានការជជែកគ្នាលើការរកឃើញពីការសិក្សាហ្នឹង។ អ៊ីចឹងវាជាកិច្ចការល្អ»។
លោកអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងថា បន្ថែមលើបញ្ហាតួលេខនេះ ទិន្នន័យខ្លះទៀតក៏មិនមានភាពច្បាស់លាស់ ហើយមិនឆ្លើយតបនឹងសភាពការណ៍នៅប្រទេសកម្ពុជា៖ «ហើយគាត់រកឃើញថែមទៀត មនុស្ស ១៧% មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយមិនស្ថិតនៅក្នុងឃុំសង្កាត់។ ហើយ ៧% ត្រូវបានផ្លាស់ប្ដូរចេញពីឃុំសង្កាត់។ អាហ្នឹងជាស្ថានភាពនៅក្នុងសង្គមជាក់ស្ដែង មិនមែនមានកំហុសរបស់ គ.ជ.ប ទេ ព្រោះប្រជាពលរដ្ឋកម្ពុជា ភាគច្រើន ជាសិស្សនិស្សិត និងកម្មករហ្នឹង គាត់មានឈ្មោះនៅឯឃុំសង្កាត់របស់គាត់ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែគាត់មកធ្វើការនៅភ្នំពេញ ឬទីប្រជុំជន។ ពេលចុះឈ្មោះបោះឆ្នោត គ.ជ.ប និងក្រសួងការងារអនុញ្ញាតឱ្យគាត់ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត ពេលបោះឆ្នោត អនុញ្ញាតឱ្យគាត់ឈប់ពីមួយថ្ងៃទៅបីថ្ងៃ។ អ៊ីចឹងចំណុចនេះ មកនិយាយថាបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ គឺមិនត្រឹមត្រូវទេ»។
ឯកសារឆ្លើយតបរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សរសេរថា ការរកឃើញខុសគ្នា ព្រោះតែអង្គការទាំងនេះប្រើវិធីសាស្ត្រស្រាវជ្រាវខុសគ្នា។
នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ អ្នកស្រី ឡូរ៉ា សនតុន (Laura Thornton) មានប្រសាសន៍ថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ តែងតែធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនៅប្រទេសជាច្រើនទូទាំងពិភពលោក ដែលជាបច្ចេកទេសធម្មតាមួយ ដើម្បីវាស់ស្ទង់គុណភាពបញ្ជីឈ្មោះបោះឆ្នោតនៅប្រទេសទាំងនោះ។ នៅប្រទេសកម្ពុជា បច្ចុប្បន្ន អ្នកស្រីមានប្រសាសន៍ថា ទន្ទឹមគ្នានឹងការរកឃើញលទ្ធផលទាំងនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានផ្ដល់អនុសាសន៍ជាច្រើនដល់ គ.ជ.ប ដើម្បីកែលំអពេលបោះឆ្នោតមកដល់។
អ្នកស្រី ឡូរ៉ា សនតុន៖ «ក្នុងចំណោមអនុសាសន៍របស់យើង មានអនុសាសន៍មួយ គឺលើកទឹកចិត្តឱ្យផ្ដល់ឱកាសម្ដងទៀត សម្រាប់ពលរដ្ឋពិនិត្យឈ្មោះរបស់គេ ហើយចុះឈ្មោះ ប្រសិនបើមិនឃើញឈ្មោះរបស់ពួកគេ។ យើងយល់ថា ពលរដ្ឋទាំងអស់ដែលពេញសិទ្ធិបោះឆ្នោត ហើយចង់បោះឆ្នោត គេអាចធ្វើបាន។ យើងយល់ទៀតថា នេះជំហានសំខាន់ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នរដ្ឋាភិបាល សភាផង ចូលរួមក្នុងការប្រែច្បាប់ ព្រោះបញ្ហានេះសំខាន់ណាស់»។
អ្នកស្រីមានប្រសាសន៍ថា ប្រសិនបើមិនមានការកែលំអទេ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ មានការព្រួយបារម្ភនៅថ្ងៃបោះឆ្នោត ដែលថាអាចនឹងមានបញ្ហាពេលអ្នកបោះឆ្នោតជាច្រើននាក់រកឈ្មោះរបស់ពួកគេមិនឃើញ។ អ្នកស្រីនៅតែទទូចឱ្យ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ស្វែងរកគ្រប់លទ្ធភាពដោះស្រាយបញ្ហានេះ ដើម្បីឆ្លើយតបអនុសាសន៍ដែលដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងអង្គការខុមហ្វ្រែល។
អគ្គលេខាធិការ គ.ជ.ប ថ្លែងថា ទោះជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ព្យាយាមការពារការរកឃើញរបស់ខ្លួនក្ដី នឹងមិនមានការប្រជុំដោះស្រាយបញ្ហានេះឡើងវិញទេ ហើយ គ.ជ.ប ក៏នឹងការពារអ្វីដែលខ្លួនបានធ្វើ ដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមច្បាប់៖ «គ.ជ.ប គ្រាន់តែចង់បំភ្លឺវិញថា អ៊ិន.ឌី.អាយ គាត់ការពារអ្វីដែលគាត់ជារឿងរបស់គាត់។ គ.ជ.ប ក៏មានភារកិច្ចការពារអ្វីដែលបានធ្វើ ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់។ ប្រហែលជាយើងមិនជួបអីទៀតទេ ព្រោះថា ពេលវេលានេះអត់ទៅជជែកពីរឿងអីហ្នឹងទៀតទេ ហើយការកែលំអ ការចុះឈ្មោះយ៉ាងណាហ្នឹង ក្រោយការបោះឆ្នោត យើងនឹងមានពេលថែមទៀត»។
តាមកាលវិភាគដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
