គ.ជ.ប​មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​ជំនួស​លោក ទេព នីថា

អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ឧសភា​ថា គ.ជ.ប មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​នៅ​ឡើយ​ទេ នៅ​ក្នុង​ដំណាក់កាល​នេះ លោក ទេព នីថា នៅ​តែ​ជា​អគ្គលេខាធិការ​ដដែល។

លោក ហង្ស ពុទ្ធា បន្ថែម​ថា ​គ.ជ.ប មិន​ទាន់​ជ្រើស​អគ្គលេខាធិការ​ថ្មី​នេះ ដោយសារ​តែ​គ.ជ.ប​រង់ចាំ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ស្ដីពី​ការ​បញ្ចូល​មន្ត្រី​គ.ជ.ប ជា​មន្ត្រី​រាជការ​ជា​មុន​សិន។ តែ​លោក​មិន​អាច​បញ្ជាក់​ថា តើ​ពេលណា​ទើប​គ.ជ.ប​នឹង​ជ្រើសរើស អគ្គលេខាធិការ​ថ្មី​នៅ​ឡើយ​ទេ។

ទាក់ទង​និង​បញ្ហា​នេះ អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា អគ្គលេខាធិការ​នេះ គ.ជ.ប ប្រហែល​ជា​រក្សា​ទុក លោក ទេព នីថា កាន់​តួនាទី​ជា​អគ្គលេខាធិការ​របស់​គ.ជ.ប​ដដែល។ ការ​រក្សាទុក​លោក ទេព នីថា នេះ​ទៅ​តាម​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជនកម្ពុជា។

ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែង​ថា អគ្គលេខាធិការ អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បន្ទាប់​ពី​សមាជិក​គ.ជ.ប​ទាំង​៩រូបបាន​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។