មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គេនៅមិនទាន់ទទួលបានពាក្យពីបេក្ខជនប្រឡងចូលក្នុងតួនាទីជាអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប នៅឡើយទេរហូតមកដល់ថ្ងៃអាទិត្យ ទី២០ ធ្នូ។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងដោយក្ដីរំពឹងថា នៅថ្ងៃច័ន្ទ ទី២១ ធ្នូ ខាងលោកនឹងអាចទទួលបានពាក្យពីបេក្ខជនត្រឡប់មកវិញ សម្រាប់ការជ្រើសរើសក្នុងមុខតំណែងទាំងនេះ៖ «បាទ! សរុបទាំងមុនទាំងក្រោយ យើងអាចនិយាយបានថាជាង ១០០នាក់។ នេះ គឺអ្នកមកទទួលពាក្យ។ តែអ្នកដាក់ពាក្យនៅមិនដាក់ទេ ប្រហែលជាថ្ងៃច័ន្ទ ហ្នឹង បានគេចាប់ផ្ដើមដាក់ពាក្យ ព្រោះគាត់ត្រូវយកពាក្យហ្នឹងទៅសិន មើលគំរូ ហើយត្រូវរត់ការងារពីរ។ ទីមួយ ការបញ្ជាក់ពីឃុំ-សង្កាត់ ដើម្បីទទួលបាននូវលិខិតបញ្ជាក់ថា មានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ-សង្កាត់ហ្នឹង ហើយទីពីរ ត្រូវធ្វើលិខិតថ្កោលទោស ដែលពាក់ព័ន្ធនឹងក្រសួងយុត្តិធម៌។ សំខាន់ឲ្យតែពួកគាត់ធ្វើលិខិតបញ្ជាក់ហើយ ពួកគាត់យកដាក់ហើយ»។
នៅពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប កំពុងប្រកាសជ្រើសរើសអគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរងចំនួន ៤រូប។ ក្នុងសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី១៦ ធ្នូ បង្ហាញថា ស្ថាប័ននេះចាប់ផ្ដើមចែក និងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនក្នុងរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ធ្នូ ហើយបិទឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់បេក្ខជនមាន ៦ចំណុច ដែលត្រូវជ្រើសរើសសម្រាប់មុខតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងចំនួន ៤រូប។ ក្នុងនោះ គឺមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ក្នុងរយៈពេលបំពេញការងារ មានអាយុយ៉ាងតិច ៣០ឆ្នាំ គិតដល់ថ្ងៃតែងតាំង មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ មានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ និងមិនត្រូវជាសហព័ទ្ធ ឬញាតិសាលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធាន គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា សមាជិក គ.ជ.ប ទាំង ៩រូប នឹងពិនិត្យបេក្ខជននីមួយៗ ហើយចង់សម្រេចជ្រើសរើសឲ្យបានមុនដាច់ឆ្នាំ២០១៥ ឬយូរបំផុតត្រឹមខែមករា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
