មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អះអាងថា នឹងផ្ដល់លទ្ធផលជ្រើសរើសបេក្ខភាពអគ្គលេខាធិការ និងអគ្គលេខាធិការរងដែលជាប់ជាស្ថាពរ នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា មកដល់ល្ងាចថ្ងៃទី២៦ ខែធ្នូ ដែលជាថ្ងៃបិទបញ្ចប់ទទួលពាក្យពីបេក្ខជន មានបេក្ខជនចំនួន ២៤នាក់ បានដាក់ពាក្យតំណែងអគ្គលេខាធិការ ក្នុងចំណោមអ្នកមកទទួលពាក្យចំនួន ៣៤នាក់។ ចំណែកតំណែងអគ្គលេខាធិការរង មានបេក្ខជនចំនួន ១០០នាក់ បានដាក់ពាក្យក្នុងចំណោមអ្នកមកទទួលពាក្យចំនួន ១៧០នាក់។ ប៉ុន្តែលោកថា គ.ជ.ប នឹងបង្កើតនីតិវិធីជ្រើសរើសអ្នកប្រឡងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងនៅសប្ដាហ៍ក្រោយ៖ «ឥឡូវនេះ គ.ជ.ប រៀបចំឲ្យឯកសារនេះនៅក្នុងកន្លែងតែមួយសិន ហើយបានប្រកាសពេលវេលា។ សប្ដាហ៍ក្រោយយើងអាចនិយាយអំពីនីតិវិធីហើយ»។
គ.ជ.ប បានផ្ដើមទទួលពាក្យពីបេក្ខជនក្នុងរយៈពេល ១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែធ្នូ។ ស្ថាប័ននេះត្រូវការជ្រើសរើសអគ្គលេខាធិការចំនួន ១រូប និងអគ្គលេខាធិការរងចំនួន ៤រូប។
អ្នកដែលបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសនេះមានជាអាទិ៍ លោក ទេព នីថា ក្នុងតួនាទីបច្ចុប្បន្នដែលបានកាន់តំណែងជាអគ្គលេខាធិការរយៈពេលជាង ១០ឆ្នាំមកហើយ និងលោកបណ្ឌិត ហេង មណីចិន្តា។ បច្ចុប្បន្ននាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក៏ដាក់ពាក្យក្នុងតំណែងអគ្គលេខាធិការ។ ចំណែកអ្នកដាក់ពាក្យក្នុងតួនាទីអគ្គលេខាធិការរង មានលោក សុកុលៈ ទីប៉ោ ក្នុងតំណែងអគ្គលេខាធិការរងបច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) និងលោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
