មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គណៈកម្មាធិការនេះនៅមិនទាន់បានពិនិត្យសម្រេចជ្រើសរើសបេក្ខជន សម្រាប់កាន់មុខតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៅឡើយទេ រហូតមកដល់ថ្ងៃអង្គារ ទី២៩ ធ្នូ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា គ.ជ.ប នៅមិនទាន់បានពិនិត្យចម្រាញ់បេក្ខជន ដែលបានដាក់សម្រាប់ការជ្រើសរើសក្នុងមុខតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងទេ។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា គ.ជ.ប កំពុងធ្វើការងារនេះ ដោយបង្កើតគណៈកម្មការជ្រើសរើសមួយ សម្រាប់ជម្រុះបេក្ខជនមុនការសម្រេចលើបេក្ខជន៖ «ឥឡូវយើងធ្វើការរាល់ថ្ងៃ ហើយព្រឹកមិញ គ.ជ.ប បានបង្កើតរួចហើយនូវគណៈកម្មការ ដើម្បីពិនិត្យមើលសំណុំបែបបទរបស់បេក្ខជនទាំងអគ្គលេខាធិការ និងអគ្គលេខាធិការរង ហើយគណៈកម្មការនេះឯង មានតួនាទីក្នុងការរៀបចំសម្រិតសម្រាំងរក្សាទុកនូវឈ្មោះបេក្ខជនមួយចំនួន ដែលមានភាពចាំបាច់ ដាក់ជូន គ.ជ.ប ដើម្បីពិនិត្យសម្រេច។ ទើបនឹងបានបង្កើត ហើយស្អែកនឹងមានប្រជុំពាក់ព័ន្ធនឹងរឿងហ្នឹងដែរបាទ»។
កាលពីថ្ងៃទី២៦ ធ្នូ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានថា បន្ទាប់ពីបានចេញសេចក្ដីប្រកាសជ្រើសរើសរយៈពេល ១០ថ្ងៃ មានបេក្ខជនចំនួន ២៤នាក់ បានដាក់ពាក្យសុំឈរឈ្មោះសម្រាប់ការជ្រើសរើសឲ្យកាន់មុខតំណែងអគ្គលេខាធិការ ១រូប។ ចំណែកឯមុខតំណែងអគ្គលេខាធិការរង មានបេក្ខជនចំនួន ១០០នាក់ ដែលបានដាក់ពាក្យសុំឈរឈ្មោះ សម្រាប់ការជ្រើសរើសយកមុខតំណែងអគ្គលេខាធិការរង ៤រូប។ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យសុំឈរឈ្មោះ សម្រាប់មុខតំណែងអគ្គលេខាធិការរង ក៏មានបេក្ខនារី ៤នាក់ដែរ។
លោកបណ្ឌិត ហង្ស ពុទ្ធា ថ្លែងថា ការចម្រាញ់ជ្រើសរើសយកបេក្ខជនចុងក្រោយ សម្រាប់មុខតំណែងអគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរងចំនួន ៤រូប សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង ៩រូប នឹងចេញសេចក្ដីសម្រេចរបស់ខ្លួនជាសាធារណៈនៅក្នុងខែមករា ឆ្នាំ២០១៦៖ «បាទ! ការរំពឹងសម្រេចនេះ ប្រហែលជាចូលដល់ឆ្នាំថ្មីហើយបាទ»។
ក្នុងចំណោមបេក្ខជនដាក់ពាក្យក្នុងតំណែងអគ្គលេខាធិការ ក៏មាន លោក ទេព នីថា ដែលបានកាន់តំណែងជាអគ្គលេខាធិការ គ.ជ.ប រយៈពេលជាង ១០ឆ្នាំមកហើយដែរ ដែលលោកទទួលរងការរិះគន់ជាច្រើនពីប្រជាពលរដ្ឋនៅក្នុងអាណត្តិធ្វើការរបស់លោកនៅស្ថាប័ន គ.ជ.ប ចាស់ មុនពេលសភារំលាយចោលនោះ។ ក្រៅពីនេះទៀត ក៏មានធម្មបណ្ឌិត ហេង មណីចិន្តា បច្ចុប្បន្នជានាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ នៅខេត្តបាត់ដំបង។ ចំណែកអ្នកដាក់ពាក្យក្នុងតួនាទីអគ្គលេខាធិការរង មាន លោក សុកុលៈ ទីប៉ោ ក្នុងតំណែងអគ្គលេខាធិការរង គ.ជ.ប បច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) និងលោក គឹម ឈន ជាអ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វ្រែល (Comfrel)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
