គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងកំណត់អំពីផែនការច្បាស់លាស់ដល់រដ្ឋាភិបាលជប៉ុន ក្នុងការស្នើសុំឲ្យជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា សម្រាប់នីតិកាលទី៦ ប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវនោះ នៅក្រោយពីសភាអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រព្រឹត្តទៅនៃ គ.ជ.ប និងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរួចរាល់។
ការកំណត់នេះ នៅបន្ទាប់គណៈប្រតិភូជប៉ុន ដែលដឹកនាំដោយអនុប្រធានព្រឹទ្ធសភា បានមកជួបមេដឹកនាំគណបក្សទាំងពីរ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ កាលពីសប្ដាហ៍មុន។
ជប៉ុន នឹងជួយរៀបចំធ្វើកំណែទម្រង់ការបោះឆ្នោត នៅក្រោយពេលគណបក្សទាំងពីរបង្កើតស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីរួចរាល់ និងច្បាប់បោះឆ្នោត ត្រូវបានសភាធ្វើវិសោធនកម្មនៅពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ឲ្យដឹងនៅថ្ងៃទី២៧ សីហា ថា ជប៉ុន នឹងមកជួយរៀបចំធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា នេះ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រីជប៉ុន កាលពីឆ្នាំ២០១៣។
លោកលើកឡើងថា ជប៉ុន នឹងជួយដល់ការធ្វើកំណែទម្រង់នេះ ដោយផ្អែកលើទី១ ឆន្ទៈនយោបាយរបស់គណបក្សទាំងពីរបានព្រមព្រៀងគ្នា។ ទី២ ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សឲ្យចេះរៀបចំការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក និងទី៣ ស្នើសុំជំនួយថវិកា ដើម្បីរៀបចំកិច្ចការនេះ៖ «ត្រូវដាក់ អាយអី (Information Technology) អ៊ីចឹងត្រូវធ្វើកិច្ចការអស់ហ្នឹងមានចេះបង្កើតប្រព័ន្ធ មានចេញចងប្រព័ន្ធអនុវត្តមានប្រតិកម្មនិងទិន្នន័យមានអ្នកចេះបញ្ចូលទិន្នន័យ ។ល។ និង។ល។ អ៊ីចឹងយើងត្រូវការអ្នកចេះធ្វើ»។
ចំពោះសមាសភាព គ.ជ.ប មកពីគណបក្សប្រជាជនកម្ពុជា ៤រូបនោះ លោក ឈាង វុន បញ្ជាក់ថា លោកក៏មិនដឹងដែរ។
ការលើកឡើងរបស់ លោក ឈាង វុន នេះ នៅបន្ទាប់ពីគណៈប្រតិភូជប៉ុន ដឹកនាំដោយអនុប្រធានព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបមេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរខិតខំពន្លឿនសេចក្ដីព្រាងច្បាប់បឋម នៃសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឈានដល់បញ្ជូនឲ្យសភាអនុម័ត។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា នៅក្រោយពេលសេចក្ដីព្រាងច្បាប់ទាំងនេះ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប ថ្មី ដែលមកពីខាងគណបក្សទាំងពីរម្ខាង ៤នាក់ និងមកពីសង្គមស៊ីវិលមួយរូបនោះ គណបក្សទាំងពីរនឹងជជែកថា តើចំណុចអ្វីខ្លះដែលគណបក្សទាំងពីរចង់ឲ្យជប៉ុន ជួយរៀបចំធ្វើកំណែទម្រង់ការបោះឆ្នោតនោះ៖ «នៅក្នុងវិសោធនកម្មបោះឆ្នោតហ្នឹងត្រូវនិយាយគ្នាអំពីរបៀបធ្វើបញ្ជីឈ្មោះ របៀបចុះឈ្មោះ ថាតើយើងត្រូវប្រើមូលដ្ឋានអីក្នុងការចុះឈ្មោះបោះឆ្នោតដើម្បីធានាឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងមានសិទ្ធិបោះឆ្នោតគ្រប់ៗគ្នា កុំឲ្យមានការបាត់ឈ្មោះដូចលើកមុនៗទៀត»។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បានសាទរចំពោះការចូលខ្លួនរបស់ភាគីជប៉ុន ក្នុងការសន្យាជួយធ្វើកំណែទម្រង់ការបោះឆ្នោតនេះ។ លោកបញ្ជាក់ថា កត្តាចម្បងតែត្រូវធ្វើកំណែទម្រង់ក្រៅពីរៀបចំក្បាលម៉ាស៊ីន គ.ជុំ.ប ថ្មីនោះ គឺត្រូវរៀបចំបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ដំណើរការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយឲ្យមានតម្លាភាពសម្រាប់គ្រប់គណបក្សនយោបាយ យន្តការដោះស្រាយបណ្ដឹងបោះឆ្នោតឲ្យមានប្រសិទ្ធភាព និងបញ្ហាជាច្រើនទៀត៖ «បោះឆ្នោតហ្នឹងរឿងហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោតហ្នឹងត្រូវរៀបចំច្បាប់ទម្លាប់ដើម្បីកំណត់ការចំណាយហ្នឹងឲ្យបានត្រឹមត្រូវហើយគិតគូរហិរញ្ញវត្ថុរបស់រដ្ឋ គិតគូរគណបក្សនយោបាយហ្នឹងសស្រាក់សស្រាំឡើងសំខាន់ធ្វើម៉េចបង្កើនតម្លាភាពថវិកាក្នុងពេលឃោសនាហ្នឹងឲ្យបានត្រឹមត្រូវ»។
ការជាប់គាំងនយោបាយ បានអូសបន្លាយពេលជិត ១ឆ្នាំ ដែលគណបក្សប្រឆាំងចោទថា ការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ថាមិនត្រឹមត្រូវនោះ ជាមេរៀនដ៏សំខាន់មួយដែលធ្វើឲ្យគណបក្សទាំងពីរ ស្វែងរកជំនួយពីប្រទេសជប៉ុន ធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឲ្យលទ្ធផលទទួលយកបានគ្រប់ភាគីគណបក្សនយោបាយ នៅក្រោយការបោះឆ្នោត។
កាលពីខែឧសភា ឆ្នាំ២០១៤ នៅខណៈស្ថានភាពនយោបាយជាប់គាំងនោះ អ្នកជំនាញបច្ចេកទេសបោះឆ្នោតជប៉ុន ក៏ធ្លាប់បានមកជួបមេដឹកនាំគណបក្សទាំងពីរដែរ ដើម្បីពិភាក្សាលើការកែទម្រង់ការបោះឆ្នោតនោះ។ យ៉ាងនេះក្ដី គេមិនទាន់ដឹងនៅឡើយទេថា តើគណបក្សទាំងពីរនឹងសុំឲ្យជប៉ុន ជួយក្នុងការរៀបចំការបោះឆ្នោតនេះក្នុងកម្រិតណានៅឡើយ នៅក្រោយពេលគណបក្សទាំងពីរបានរៀបចំក្បាលម៉ាស៊ីន គ.ជ.ប ថ្មីរួចរាល់នោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
