មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប​រំពឹង​ថា​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​អាច​ទាន់​ពេល​បោះឆ្នោត​ឃុំ-សង្កាត់

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​ថា គ.ជ.ប រំពឹង​ថា​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី អាច​នឹង​ធ្វើ​ទាន់​កាល​កំណត់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ រដ្ឋាភិបាល​បាន​កំណត់​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត បារម្ភ​ពី​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​ពេល​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​ត្រូវ​ចំ​រដូវ​ធ្លាក់​ភ្លៀង ស្រប​ពេល​ដែល​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ឡើយ។

អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា ស្ថាប័ន​នេះ​នឹង​ព្យាយាម​បញ្ចៀស​បញ្ហា​ប្រឈម​នានា ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​បាន​ចប់​សព្វ​គ្រប់​ទាន់​ពេលវេលា បើ​ទោះ​បី​ជា​រយៈពេល​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឋិត​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ក៏ដោយ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ដើម​ខែ​កញ្ញា ខាង​មុខ នៅ​ពេល​ដែល​ទទួល​បាន​សម្ភារៈ​សម្រាប់​ការ​ចុះ​បញ្ជី​បោះឆ្នោត​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា។ លោក​ថា ការ​ចុះ​ឈ្មោះ​នេះ​យឺតយ៉ាវ បើ​ប្រៀបធៀប​នឹង​ផែនការ​ដែល​កំណត់​ថា ចាប់​ផ្ដើម​តាំង​ពី​ខែ​មីនា មក​ម្ល៉េះ។

លោក ទេព នីថា ទទួល​ស្គាល់​ថា រយៈពេល ៣​ខែ​នៃ​គម្រោង​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ឋិត​ក្នុង​រដូវ​ធ្លាក់​ភ្លៀង ប៉ុន្តែ គ.ជ.ប នឹង​រក​មធ្យោបាយ​ផ្សព្វផ្សាយ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ពី​សិទ្ធិ និង​សារសំខាន់​នៃ​ការ​បោះឆ្នោត​ដល់​ពលរដ្ឋ៖ « យើង​រង់ចាំ​សម្ភារៈ ទើប​បាន​ជា​អូស​បន្លាយ​រហូត​ដល់​ទៅ​ខែ​៩។ ខ្ញុំ​ប៉ាន់ស្មាន​ទៅ​ប្រហែល​ ជា​អាច រង្វង់​ខែ ​៦ ឬ​ដើម​ខែ​៧ គ . . អាច​ជ្រើសរើស​មន្ត្រី​បុគ្គលិក ហើយ​យើង​ផ្សព្វផ្សាយ​ ពី​យុទ្ធនាការ​ចុះ​ឈ្មោះ តែ​ម្ដង »

លោក ទេព នីថា បញ្ជាក់​ថា គិត​ដល់​ពេល​បោះឆ្នោត គឺ​មាន​ពលរដ្ឋ​គ្រប់​អាយុ​អាច​បោះឆ្នោត​បាន មាន​ចំនួន​ជាង ៩​លាន​នាក់ ហើយ​ឯកសារ​ចាំបាច់​សម្រាប់​ពួក​គេ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត គឺ​អត្តសញ្ញាណប័ណ្ណ។ លោក​បន្ត​ថា កន្លង​ទៅ គ.ជ.ប បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពន្លឿន​ការ​ធ្វើ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ។ មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន​ជាង ៨​លាន​នាក់​ហើយ​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ៖ « ហើយ​កំពុង​តែ​ជំរុញ​ ត​ទៅ​ទៀត ក្នុង​ ករណី​ដែល​ប្រជាពលរដ្ឋ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ ​សញ្ជាតិ​ខ្មែរ​ទេ គ . . ប និង​ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ ​រួម​មួយ ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ក្នុង​ឃុំ - សង្កាត់ ហើយ​ចុះ​ បញ្ជី​បោះឆ្នោត ​តែ​ម្ដង »

សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា បាន​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បារម្ភ​ថា ពលរដ្ឋ​អាច​នឹង​ជួប​បញ្ហា​ច្រើន​ក្នុង​ពេល​ទៅ​ចុះ​ឈ្មោះ នៅ​ពេល​តំបន់​ខ្លះ​អាច​មាន​ទឹក​ជំនន់ និង​តំបន់​ខ្លះ​ទៀត​ពិបាក​ធ្វើ​ដំណើរ ជាពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ គ.ជ.ប ត្រូវ​បង្កើត​កាលវិភាគ​របស់​ខ្លួន​ដែល​ប្រញាប់ប្រញាល់​ដែរ។ លោក​ថា អង្គការ​របស់​លោក នឹង​ជួយ​ផ្សព្វផ្សាយ​ទៅ​ទី​ជនបទ​ឆ្ងាយៗ​ឲ្យ​អ្នក​បោះឆ្នោត​យល់​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ « ទី​១ អប់រំ ​អ្នក​បោះឆ្នោត ដើម្បី​ ឲ្យ​គាត់ អញ្ជើញ​ចុះ ​ឈ្មោះ​បោះឆ្នោត ហើយ​យើង​ជួយ​ដល់​ អ្នក​ណា ​ដែល​ អត់​មាន ​អត្តសញ្ញាណ យើង​នឹង​ជួយ​គាត់​ដោយ​ឲ្យ​គាត់​យក​ឯកសារ មាន​ សំបុត្រ​កំណើត យក​ សាក្សី​ទៅ ​បញ្ជាក់​នៅ​ឃុំ - សង្កាត់​ទៅ ដើម្បី​យក​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ចុះ​ឈ្មោះ​បោះឆ្នោត »

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​រយៈពេល​បី​អាណត្តិ​កន្លង​ទៅ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ដើម​ខែ​មិថុនា។

នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ចេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ មាត្រា​៣ ចែង​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ធ្វើ​ឡើង​រយៈពេល ៥​ឆ្នាំ​ម្ដង។ នាយក​រដ្ឋមន្ត្រី​ជា​អ្នក​កំណត់​ថ្ងៃ​បោះឆ្នោត តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ទាក់ទង​ដល់​ការ​កំណត់​ពេល​បោះឆ្នោត​នេះ នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជជែក​គ្នា​ពី​គម្រោង​រំកិល​ពេល​វេលា​នៃ​ការ​បោះឆ្នោត ទាំង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ពោល​គឺ​នៅ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ។ នៅ​ក្រោយ​ពី​គណបក្ស​ប្រឆាំង​បាន​ចូល​សភា និង​ព្រមព្រៀង​ដោះស្រាយ​នយោបាយ​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។