គ.ជ.ប បង្រៀន​មន្ត្រី​របស់​ខ្លួន​អំពី​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

ដោយ ឡេង ម៉ាលី
2017-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី និង​គ្រូ​បង្គោល អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។
អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី និង​គ្រូ​បង្គោល អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Leng Maly

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ចាប់​ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ៣​ថ្ងៃ ដល់​មន្ត្រី និង​គ្រូ​បង្គោល​របស់​ខ្លួន អំពី​នីតិវិធី បទបញ្ជា និង​គោលការណ៍​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី។ មន្ត្រី គ..ប ចាត់​ទុក​ថា នីតិវិធី​ថ្មី​ធានា​ភាព​ត្រឹមត្រូវ​ច្រើន។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​អាណត្តិ​ទី​៤ មាន​ភាព​ប្រសើរ ហើយ​អាច​នឹង​ធានា​ភាព​ត្រឹមត្រូវ ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ រហូត​ដល់​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។

គ្រូ​បង្គោល​នៅ គ..ប លោក ហេង គុច ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ចាប់​អារម្មណ៍​ថា គោលការណ៍​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ នេះ មាន​ភាព​ត្រឹមត្រូវ​ច្រើន ព្រោះ​អ្នក​បោះឆ្នោត​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ដូចជា​ក្រយៅ​ដៃ រូបថត ហើយ​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​គ្រប់គ្រង​បាន៖ «បញ្ជី​បោះឆ្នោត​ហ្នឹង​មួយ​ហើយ ហើយ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដែល​បញ្ជាក់​អត្តសញ្ញាណ​ទៅ​បោះឆ្នោត​ហ្នឹង ហើយ​នៅ​លើ​បញ្ជី​បោះឆ្នោត​ហ្នឹង គឺ​មាន​រូបថត​សាមី​ខ្លួន​អ្នក​បោះឆ្នោត​ហ្នឹង​ទៀត ពី​មុន​យើង​អត់​ដែល​មាន​ទេ។ ឥឡូវ​យើង​មាន​រូបថត​អ្នក​បោះឆ្នោត​នៅ​លើ​បញ្ជី​បោះឆ្នោត​ហ្នឹង ហើយ​និង​មាន​កន្លែង​ទំនេរ​សម្រាប់​អ្នក​បោះឆ្នោត​ហ្នឹង​ចុះ​ហត្ថលេខា​ទៀត ឃើញ​ប្លែក​ពី​មុន​ច្រើន។ កន្លែង​ហ្នឹង​ហើយ​ដែល​ធានា​បាន​ច្រើន»

អគ្គលេខាធិការ​រង គ..ប លោក សោម សូរីដា បញ្ជាក់​បន្ថែម​ថា នីតិវិធី​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ចំណុច​ពិសេស​ខុស​ពី​អាណត្តិ​មុន ដែល​បញ្ជី​ឈ្មោះ​មាន​រូបថត និង​មាន​ចន្លោះ​សម្រាប់​ឲ្យ​អ្នក​បោះឆ្នោត​ចុះ​ហត្ថលេខា ដើម្បី​បង្ការ​ការ​បោះឆ្នោត​ស្ទួន៖ «គឺ​ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ។ អ៊ីចឹង​យើង​ថា​ឯកសារ​មាន​តែ​មួយ​គត់ ដែល​កំណត់​នៅ​ក្នុង​មាត្រា​៤៦ នេះ។ ប៉ុន្តែ​នៅ​ក្នុង​ជំពូក​អន្តរ​បញ្ញត្តិ​មាត្រា​១៦៩ ចែង​ថា ប្រជាពលរដ្ឋ​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គាត់​អាច​បោះឆ្នោត​បាន​ដោយ​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ពីរ គឺ​ទី​មួយ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ​ឆ្នាំ​២០១៨។ មាន​ន័យ​ថា ផុត ២​ឆ្នាំ​ហ្នឹង​ទៅ គឺ​ឆ្នាំ​២០១៧ និង ២០១៨ សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត មាន​តែ​ឯកសារ​តែ​មួយ​គត់​សម្រាប់​ការ​បោះឆ្នោត គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​អ្នក​បោះឆ្នោត​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អាច​សុំ​បញ្ជាក់​អត្តសញ្ញាណ​ពី​អាជ្ញាធរ​ឃុំ-សង្កាត់ និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។ លោក​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​កុំ​ឲ្យ​ច្រឡំ​ការិយាល័យ​បោះឆ្នោត ច្បាប់​ថ្មី​អនុញ្ញាត​ឲ្យ គ..ប បង្កើត​ការិយាល័យ​ថ្មី​នៅ​ក្នុង​ភូមិ​ដដែល ប្រសិន​បើ​ចំនួន​អ្នក​បោះឆ្នោត​លើស​ពី ៧៥០​នាក់៖ «ធៀប​ជាមួយ​ច្បាប់​ចាស់ គឺ​គេ​ឲ្យ​អ្នក​ចំនួន​ដែល​លើស​នោះ​ទៅ​ការិយាល័យ​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំអ៊ីចឹង​វា​ធ្វើ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​នៅ​ក្នុង​ការិយាល័យ​មួយ​ដែល​នៅ​ក្នុង​ភូមិ​មួយ បែរ​ជា​ត្រូវ​តែ​ផ្ទេរ​ទៅ​បោះឆ្នោត​នៅ​ភូមិ​ផ្សេង ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​អំពី​ការ​រក​ការិយាល័យ​បោះឆ្នោត​អត់​ឃើញអ៊ីចឹង​សម្រាប់​ការ​បោះឆ្នោត​របស់​យើង ច្បាប់​ថ្មី​នេះ គឺ​កំណត់​ថា ការិយាល័យ​បោះឆ្នោត គឺ​នៅ​ក្នុង​ភូមិ។ អ៊ីចឹង​បើ​សិន​ជា​ចំនួន​លើស​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​នៅ​ក្នុង​ភូមិ​មួយ​ហ្នឹង គឺ​ត្រូវ​អាច​បំបែក ឬ​ក៏​អាច​ផ្ទេរ​ទៅ​ការិយាល័យ​មួយ​ទៀត​នៅ​ក្នុង​ភូមិ​ដដែល ឬ​អាច​បង្កើត​ការិយាល័យ​ថ្មី​មួយ​ទៀត ប្រសិន​បើ​ចាំបាច់ ដែល​ធានា​ថា​អ្នក​បោះឆ្នោត​មិន​ច្រឡំ​ការិយាល័យ​ទេ»

អគ្គលេខាធិការ​រង គ..ប មួយ​រូប​ទៀត លោក ម៉ុក ដារ៉ា មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​នេះ គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​គ្រូ​បង្គោល គ..ប ដែល​នឹង​ត្រូវ​ចុះ​ទៅ​បង្រៀន​ដល់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ផ្សេង​ទៀត​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី-ខេត្ត មន្ត្រី​គណៈកម្មការ​ឃុំ-សង្កាត់ និង​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត​បន្ត​ទៀត។

លោក សោម សូរីដា ថ្លែង​ថា នៅ​ពេល​នេះ គ..ប នៅ​មិន​ទាន់​ជ្រើសរើស​មន្ត្រី​សម្រាប់​ការិយាល័យ​បោះឆ្នោត​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នឹង​ជ្រើសរើស​មន្ត្រី​សម្រាប់​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ខាង​មុខ។ ការ​ហ្វឹកហ្វឺន​នៅ​ពេល​នេះ គឺ​ផ្ដោត​សំខាន់​លើ​គោលការណ៍​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ថ្មី ត្រង់​ជំពូក​ទី​៩ ពាក់ព័ន្ធ​ការ​គ្រប់គ្រង​ការ​បោះឆ្នោត​ជំពូក​ទី​១០ ដល់​ជំពូក​ទី​១២ ពាក់ព័ន្ធ​ការ​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល