គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើសរើសមន្ត្រី បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៧៤១នាក់ សម្រាប់បម្រើការងារចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី២៣ ខែមិថុនា ចុះហត្ថលេខាដោយប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ដែលទើបទទួលបានកាលពីថ្ងៃច័ន្ទ ទី២៧ មិថុនា ឲ្យដឹងថា បុគ្គលិក និងមន្ត្រីទាំងនោះ នឹងបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត ដើម្បីរៀបចំការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។ ក្នុងរាជធានី-ខេត្តមួយ ត្រូវការជ្រើសរើស ៧មុខតំណែង រួមមាន ជំនួយការរដ្ឋបាលម្នាក់ ជំនួយការគណនេយ្យម្នាក់ ជំនួយការប្រតិបត្តិការម្នាក់ ជំនួយការសេវាច្បាប់ម្នាក់ អ្នកបច្ចេកទេសកុំព្យូទ័រម្នាក់ លេខាធិការម្នាក់ និងគ្រូបង្ហាត់ គឺជ្រើសរើសចំនួន ៣នាក់ក្នុងមួយក្រុង ស្រុក ខណ្ឌ សរុប ៥៩១នាក់ទូទាំងប្រទេស។
បេក្ខជនដែលមានបំណងដាក់ពាក្យតាមមុខតំណែង អាចទាក់ទងនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោតនីមួយៗ ដោយពាក្យសុំបម្រើការងារមានចែកជូនដោយឥតគិតថ្លៃ។ ការទទួលពាក្យសុំការងារ នឹងផ្ដើមពីថ្ងៃទី៦ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
