គ.ជ.ប.បំផ្លាញ​សន្លឹក​ឆ្នោត​ចាស់ៗ​លើក​ទី​៣​ដើម្បី​សន្សំ​សំចៃ​ការ​ចំណាយ

ដោយ យាង សុជាមេត្តា
2014.10.24
កម្ទេច​សន្លឹក​ឆ្នោត ៦២០ ម៉ាស៊ីន​កាត់​ចិញ្ច្រាំ​ក្រដាស​សន្លឹក​ឆ្នោត ក្នុង​ឃ្លាំង​មួយ​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រៀបចំ​ពិធី​បំផ្លាញ​សន្លឹក​ឆ្នោត​ជា​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា។ ការ​បំផ្លាញ​នេះ មន្ត្រី គ.ជ.ប អះអាង​ថា ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​កំណត់ និង​ដើម្បី​សន្សំ​សំចៃ​ការ​ចំណាយ​សម្រាប់​ការ​ថែរក្សា ព្រោះ​ថា គ.ជ.ប ត្រូវ​រក្សា​ទុក​បន្ត​ទៀត​នូវ​សន្លឹក​ឆ្នោត​ដែល​ប្រើ​រួច​កាល​ពី​ឆ្នាំ​២០១៣។

សន្លឹក​ឆ្នោត​ចាស់​ប្រមាណ ២១​លាន​សន្លឹក (២០.៩៩២.៥០៤​សន្លឹក) ក្នុង​នោះ​រួម​មាន​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០០៨ និង​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១២ ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ឃ្លាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ទៅ​ដាក់​នៅ​ឃ្លាំង​មួយ​ឋិត​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក។ នៅ​ទីនោះ សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​រើស​ចេញ​ពី​ស្បោង​ដែល​មាន​ទាំងអស់​ប្រមាណ ៣​ម៉ឺន ៥​ពាន់​កញ្ចប់ (៣៤.៩៨២​កញ្ចប់) រួច​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កាត់​ចិញ្ច្រាំ​ជា​បន្តបន្ទាប់។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក អ៊ឹម សួស្តី ដែល​បាន​ចូលរួម​ក្នុង​ពិធី​បំផ្លាញ​សន្លឹក​ឆ្នោត​ដែរ​នោះ ថ្លែង​ថា អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តម្រូវ​ឲ្យ គ.ជ.ប រៀបចំ​គណៈកម្មការ​មួយ ដើម្បី​បំផ្លាញ​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តាម​អាណត្តិ​នីមួយៗ បន្ទាប់​ពី​រក្សា​ទុក​ដោយ​សុវត្ថិភាព​រយៈពេល ៤​ឆ្នាំ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​រយៈពេល ២​ឆ្នាំ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

ឃ្លាំង​ស្តុក​សន្លឹក​ឆ្នោត​ចាស់ៗ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤
ឃ្លាំង​ស្តុក​សន្លឹក​ឆ្នោត​ចាស់ៗ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤
RFA

លោក អ៊ឹម សួស្តី បញ្ជាក់​បន្ថែម​ថា ដោយ​មើល​ឃើញ​នូវ​តម្រូវ​ការ​ផ្នែក​ច្បាប់ និង​ស្ថានភាព​ចាំបាច់​របស់​ឃ្លាំង ដែល​នឹង​ត្រូវ​រក្សា​ទុក​សន្លឹក​ឆ្នោត និង​សម្ភារៈ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខៗ​ទៀត គ.ជ.ប ក៏​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដឹក​នាំ​ចាត់​ចែង​ការ​បំផ្លាញ​សន្លឹក​ឆ្នោត​នៅ​ពេល​នេះ។

គ.ជ.ប ប្រកាស​ថា ការ​បំផ្លាញ​នេះ គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៤ តុលា រហូត​ដល់​ចុង​សប្ដាហ៍​នេះ។ ក្នុង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​បំផ្លាញ​នេះ​ដែរ គ.ជ.ប ចាត់​តាំង​មន្ត្រី​ឲ្យ​តាម​ដាន និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ ហើយ​ក្នុង​រយៈពេល​នេះ តំណាង​គណបក្ស​នយោបាយ អ្នក​សង្កេត​ការណ៍ និង​អ្នក​យក​ព័ត៌មាន ក៏​អាច​ចូលរួម​តាម​ដាន​សង្កេត​មើល​បាន​ផង​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​បំផ្លាញ​សន្លឹក​ឆ្នោត​ប្រើប្រាស់​រួច​ដូច​នេះ ជា​រឿង​ធម្មតា​ទេ ដើម្បី​សម្រួល​ដល់​បញ្ហា​កង្វះ​ឃ្លាំង​ស្តុក​ទុក។ ទោះ​ជា​យ៉ាង​ណា លោក​ថា មុន​ឯកសារ​ទាំងអស់​នេះ​ត្រូវ​បាន​បំផ្លាញ​ចោល គ.ជ.ប គួរ​តែ​បើក​ចំហ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិនិត្យ​មើល​សន្លឹក​ឆ្នោត​ទាំង​នេះ​ជា​ថ្មី ដើម្បី​អាច​រៀន​សូត្រ ឬ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​លទ្ធផល​ជាក់ស្តែង​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

លោក គល់ បញ្ញា៖ «យើង​ត្រូវ​ឲ្យ​គេ​ធ្វើ​សវនកម្ម​ពិនិត្យ​មើល យើង​ដក​ពិសោធ​មើល​ថា តើ​កន្លង​មក​បោះ​លើស​ច្រើន​ហ្នឹង គេ​យក​ទៅ​ប្រើ​ប៉ុន្មាន សល់​ប៉ុន្មាន។ ហេតុ​អ្វី​លើក​ក្រោយ​យើង​ត្រូវ​ធ្វើ​ឲ្យ​លើស​រហូត​ដល់​ពីរ​បី​លាន​សន្លឹក​អ៊ីចឹង? យើង​ត្រូវ​ធ្វើ​សវនកម្ម ពេល​ខ្លះ​ការ​បោះ​ឆ្នោត​នៅ ៥​ឆ្នាំ​មុន​ហ្នឹង មាន​កន្លែង​ខ្លះ​មាន​ទំនាស់ អាច​បើក​ឲ្យ​ទូលាយ គេ​មក​ធ្វើ​សវនកម្ម តើ​សន្លឹក​ឆ្នោត​ហ្នឹង ហើយ​លទ្ធផល​ហ្នឹង​វា​ដូច​គ្នា​អត់ ហើយ​យក​ជា​មេរៀន​ទេ មិន​មែន​យក​ធ្វើ​ជា​ផ្លាស់​ប្ដូរ​អី​ទេ អា​ហ្នឹង​ឲ្យ​ចឹង​ទៅ បន្ទាប់​មក​បំផ្លាញ​ចោល​ទៅ»

នេះ​ជា​លើក​ទី​៣​ហើយ​ដែល គ.ជ.ប រៀបចំ​ឲ្យ​មាន​ការ​បំផ្លាញ​សន្លឹក​ឆ្នោត​ប្រើប្រាស់​រួច​បែប​នេះ។ កាល​ពី​ឆ្នាំ​២០០៥ សន្លឹក​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២ ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ដុត​កម្ទេច ហើយ​នៅ​ឆ្នាំ​២០០៩ សន្លឹក​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៧ ក៏​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​ដោយ​ការ​កាត់​ចិញ្ច្រាំ។

លោក អ៊ឹម សួស្តី អះអាង​ថា ការ​ជ្រើស​រើស​យក​វិធី​បំផ្លាញ​ដោយ​ការ​កាត់​ចិញ្ច្រាំ គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត ពីព្រោះ​វា​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​ការ​បំផ្លាញ​ដោយ​ការ​ដុត​កម្ទេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។