គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ដំណើរការប្រព័ន្ធព័ត៌មានស្ដីពីការចុះឈ្មោះបោះឆ្នោត ជាសំឡេងលើទូរស័ព្ទដៃដោយស្វ័យប្រវត្តិ នៅថ្ងៃទី២២ វិច្ឆិកា ដើម្បីជាការជំរុញដល់ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឲ្យទាន់ពេលវេលា ខណៈការចុះឈ្មោះនេះនៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ។
ប្រព័ន្ធថ្មីនេះ អនុញ្ញាតឲ្យពលរដ្ឋគ្រប់រូប ងាយស្រួលស្ដាប់ព័ត៌មានស្ដីពីការចុះឈ្មោះបោះឆ្នោត ដោយគ្រាន់តែហៅទៅកាន់លេខ ១២៨៥។ ការហៅទៅកាន់លេខនេះ នឹងមិនគិតថ្លៃសេវាឡើយសម្រាប់លេខទូរស័ព្ទប្រព័ន្ធសេលកាត (Cellcard) ស្មាត (Smart) និងមិត្តហ្វូន (Metfone)។
គិតមកដល់ថ្ងៃទី២៣ វិច្ឆិកា នេះ ពេលវេលានៃការចុះឈ្មោះបោះឆ្នោត នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់នៅរសៀលម៉ោង៥កន្លះ ថ្ងៃទី២៩ វិច្ឆិកា។
ទោះជាយ៉ាងក៏ដោយ អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ម្នាក់ ឈ្មោះ ទួន ណារិទ្ធ បានបញ្ចេញមតិរបស់ខ្លួនជុំវិញការដាក់ដំណើរនេះ ថា ហាក់ដូចជាយឺតពេលបន្តិចហើយ។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ នួន ចាន់ណា ថា ប្រព័ន្ធនេះ នឹងមិនអាចធ្វើពលរដ្ឋចាប់អារម្មណ៍ទេ។ លោកលើកហេតុផលថា ពលរដ្ឋមិនងាយទទួលព័ត៌មានរឿងហៅទូរស័ព្ទទៅលេខ១២៨៥នេះឡើយ ប៉ុន្តែបើគ.ជ.ប ឲ្យក្រុមហ៊ុនទូរស័ព្ទហៅទៅពលរដ្ឋដោយប្រើលេខនេះវិញ ទើបមានប្រសិទ្ធភាពខ្ពស់ និងរហ័សជាង។
របាយការណ៍បណ្ដោះអាសន្នរបស់ គ.ជ.ប នៃការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋទូទាំងប្រទេស គិតរហូតមកល្ងាចថ្ងៃទី២២ ខែវិច្ឆិកា មានពលរដ្ឋជាង៧លាន (៧.៤៥៦.០៧៩) បានចុះឈ្មោះ ខណៈពលរដ្ឋដែលមានអាយុ១៨ឡើង ជាង២លាននាក់ទៀត នៅមិនទាន់ចុះឈ្មោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
