គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ ការពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ នៅទីស្ដីការ គ.ជ.ប ក្នុងគោលដៅដាក់ឆ្លងនូវគំរូ ស្ដីពីឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត។
គ.ជ.ប កំពុងពិគ្រោះពិភាក្សាលើទម្រង់ឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតដើម្បីប្រើប្រាស់ជំនួសឲ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលត្រូវប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៧ ខាងមុខ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នៅមិនទាន់ទទួលបានលទ្ធផលពីការពិភាក្សា ឬមានការឯកភាពណាមួយពីគំរូនៃទម្រង់ឯកសារ និងខ្លឹមសារឯកសារបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ ប៉ុន្តែក្រុមការងារបានពិភាក្សាផ្ដោតសំខាន់លើចំណុចទម្រង់ឯកសារដែលនឹងធ្វើឲ្យកាន់តែមានភាពរឹងមាំខាងផ្លូវច្បាប់ ដែលមាននៅអាជ្ញាធរក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងសាមីខ្លួន៖ «ទម្រង់ដែលយើងមើលឃើញពីដើមហ្នឹង គឺពីរផ្នត់ទេ ប៉ុន្តែឥឡូវយើងចង់ធ្វើជា៣។ ក្បាលបញ្ជីទុកមួយ កណ្ដាលទុកមួយ ខាងចុងយកឲ្យប្រជាពលរដ្ឋលោកសម្រាប់ប្រើប្រាស់។ សន្លឹកកណ្ដាលទុកឲ្យអាជ្ញាធរឃុំសង្កាត់ ហើយដើមគល់បញ្ជីហ្នឹង ទុកឲ្យក្រុមប្រឹក្សាឃុំ យើងចង់ឲ្យមានឯកសារហ្នឹងទាំងអស់គ្នា កាលណាមានការអីឡើងផ្ទៀងផ្ទាត់»។
ការលើកយកបញ្ហានេះមកជជែក នៅបន្ទាប់ពីមានជំនួបរវាង គ.ជ.ប និងក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំគំរូឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត និងសម្រាប់បោះឆ្នោត។
លោកបណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់ថា ការគិតគូរធ្វើទម្រង់ឯកសារជំនួសអត្តសញ្ញាណប័ណ្ណសម្រាប់បម្រើការបោះឆ្នោតនេះ ដោយយោងលើការលើកឡើងពីក្រសួងមហាផ្ទៃ ដែលអះអាងថា នៅឆ្នាំ២០១៦ ក្រសួងអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួនតែ ៧លានសន្លឹកប៉ុណ្ណោះ ស្របពេលដែល គ.ជ.ប រកឃើញថា អាចមានពលរដ្ឋមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ ១០លាននាក់។ ដូច្នេះ គ.ជ.ប ត្រូវបង្កើតទម្រង់នេះ ដើម្បីដោះស្រាយដល់ពលរដ្ឋប្រមាណ ៣លាននាក់ដែលអត់ទាន់បានទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) លោក គល់ បញ្ញា ថ្លែងថា ទម្រង់ឯកសារមិនសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ឯកសារត្រូវការតម្លាភាពគឺការបើកចំហព័ត៌មានឲ្យធ្វើសវនកម្មបាន ដូចជា ការចេញទម្រង់ឯកសារមានចំនួនប៉ុន្មាន ត្រឹមត្រូវប៉ុន្មាន និងខុសប៉ុន្មាន ជៀសវាងភាពមិនប្រក្រតីដូចទម្រង់ចាស់នាពេលកន្លងមក។
លោកថា ស្នើឲ្យ គ.ជ.ប គិតពីបញ្ហាតម្លាភាព និងការជួយសម្រួលដល់ប្រជាពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា ពេលហ្នឹងទោះបីទៅសុំចុះឈ្មោះក៏ដោយ ពេលចុះឈ្មោះហើយ ចេញឯកសារឲ្យគាត់មួយភ្លាមសម្រាប់បោះឆ្នោត។ ឥឡូវនេះឯកសារសម្រាប់បោះឆ្នោតត្រូវទៅយកមួយទៀតវាបញ្ហាវា ស្មុគស្មាញជាងមុន អ៊ីចឹងបានថា ធ្វើម៉េចសម្រួលពីកន្លែងចុះឈ្មោះបោះឆ្នោតធ្វើឲ្យប្រជាពលរដ្ឋតែ ម្ដងទៅ ទាំងសម្រាប់ចុះឈ្មោះ ទាំងសម្រាប់ការបោះឆ្នោតចេញឲ្យប្រជាពលរដ្ឋតែម្ដងទៅ»។
សមាជិក គ.ជ.ប ដឹកនាំដោយប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ បានបើកកិច្ចប្រជុំតាមរបៀបវារៈមួយចំនួន ក្នុងនោះមានរបៀបវារៈពិនិត្យសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ ប៉ុន្តែការពិភាក្សានេះពុំមានលទ្ធផល គ.ជ.ប នឹងបន្តពិភាក្សាពីបញ្ហានេះបន្តទៀត នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
