គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងបើកកិច្ចប្រជុំជ្រើសរើសអគ្គលេខាធិការ នៅថ្ងៃទី១៥ ខែមករា ខាងមុខ។ សមាជិក គ.ជ.ប បញ្ជាក់ថា ស្ថាប័ននេះត្រៀមរៀបចំយ៉ាងណាឲ្យដំណើរការជ្រើសរើសនេះ អាចឲ្យ គ.ជ.ប ជ្រើសរើសបានអ្នកដែលមានសមត្ថភាពមកបំពេញការងារផង និងអាចទទួលបានការទុកចិត្តពីពលរដ្ឋទូទៅផង។
ការលើកឡើងរបស់សមាជិក គ.ជ.ប នៅពេលនេះ បន្ទាប់ពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) លើកឡើងពីការព្រួយបារម្ភចំពោះដំណើរការជ្រើសរើសបេក្ខជនកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែមករា ថា ក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ គ.ជ.ប អនុវត្តតាមច្បាប់ និងធ្វើដោយប្រយ័ត្នប្រយែង។ លោកថា គ.ជ.ប ទទួលយកអនុសាសន៍ពីក្រុមអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែការសម្រេចយ៉ាងណា គឺជាភារៈរបស់សមាជិក គ.ជ.ប ទាំង ៩រូប។ លោកថា សមាជិក គ.ជ.ប នឹងជួបពិភាក្សាពីដំណើរការនេះនៅថ្ងៃទី១៥ មករា៖ «គ.ជ.ប នឹងរៀបចំផ្គូផ្គងទៅលើលក្ខខណ្ឌ ៣ចំណុច។ ទី១ គឺកម្រិតអប់រំ។ ទី២ កម្រិតបច្ចេកទេស ហើយទី៣ កម្រិតទុកចិត្តបានរបស់ គ.ជ.ប។ ឧទាហរណ៍គាត់មានសញ្ញាបត្រខ្ពស់ គាត់ចេះបច្ចេកទេសល្អហើយ ប៉ុន្តែបើ គ.ជ.ប ខ្លួនឯងអត់ទុកចិត្តថា យកមកអាចគោរពធ្វើការឲ្យមានប្រសិទ្ធភាពតាមការចង្អុលបង្ហាញរបស់ គ.ជ.ប នោះ ក៏មិនជ្រើសរើសយកដែរ»។
សេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា ចេញកាលពីថ្ងៃទី៨ ខែ មករា បានលើកឡើងថា គ.ជ.ប ថ្មីដែលមានថ្នាក់ដឹកនាំថ្មីហើយនោះ ចាំបាច់ត្រូវមានអគ្គលេខាធិការថ្មី។ អឺរ៉ា ជំរុញឲ្យ គ.ជ.ប ជ្រើសរើសយកមនុស្សថ្មីធ្វើជាអគ្គលេខាធិការ។
កាលពីថ្ងៃទី៦ ខែមករា គ.ជ.ប បានប្រកាសបេក្ខជនតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ១៥នាក់ ក្នុងនោះមាន បេក្ខជន ៣នាក់សម្រាប់ប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ គឺមាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងតំណែងបច្ចុប្បន្ន និងនាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកបណ្ឌិត ហេង មណីចិន្តា ព្រមទាំងនាយកអង្គការខារ៉ាមកម្ពុជា (CARAM) លោក យ៉ា ណាវុធ។ ចំណែកបេក្ខជន ១២នាក់ទៀត សម្រាប់ប្រកួតយកតំណែងអគ្គលេខាធិការរង ៤រូប ក្នុងនោះក៏ឃើញមាន លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរងបច្ចុប្បន្ន លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) និងលោកមេធាវី សំ សុគង់ ជាដើម។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា លោកសាទរចំពោះ គ.ជ.ប ដែលប្រកាន់យកការអនុវត្តច្បាប់។ យ៉ាងណាលោកថា ការប្រកាសជ្រើសរើសជាសាធារណៈ មិនគួររើសយកអ្នកចាស់ឲ្យបំពេញការងារក្នុងតួនាទីដដែលឡើយ។ លោក គល់ បញ្ញា រំពឹងថា គ.ជ.ប នឹងបង្ហាញស្នាដៃថ្មីមួយទៀតក្នុងការបង្កើតលេខាធិការដ្ឋានថ្មី៖ «គាត់ធ្វើទៅតាមច្បាប់ តាមគោលការណ៍តម្លាភាព ព្រោះគាត់ទើបតែចាប់ផ្ដើមដែរ។ គ.ជ.ប ហ្នឹងក៏ថ្មីដែរ ចឹងយើងនៅចាំមើល គឺមិនទាន់មានការវាយតម្លៃអីទេ គឺគ្រាន់តែមានការព្រួយបារម្ភទេ ព្រោះ គ.ជ.ប គាត់នៅមានស្នាដៃដែលត្រូវបង្ហាញទៅមុខជាច្រើនទៀត»។
ទាក់ទិននឹងដំណើរការរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង លោក ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមករា នឹងមានការសម្របសម្រួលមួយក្នុងចំណោមសមាជិក គ.ជ.ប ប្រសិនបើពុំមានលទ្ធផល នឹងឈានដល់ការបោះឆ្នោត៖ «ទី១ គឺជជែកគ្នារកកុងសង់ស៊ីស បើសិនជាមានគំនិតហ្នឹងស្របគ្នាលើសពី ៥០បូកមួយហើយ អត់ត្រូវការអីទៀតទេ គឺសម្រេចយកតែម្ដង ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលប្រជុំហ្នឹងឯងមានលទ្ធផលប្រហាក់ប្រហែលគ្នា ពេលនោះអាចនឹងមានការបោះឆ្នោត។ ផ្លូវច្បាប់ ប្រសិនបើបោះឆ្នោតអវត្តមានម្នាក់ ក្នុងករណីស្មើគ្នាចឹង ប្រធានមានឧត្តមភាពជាអ្នកសម្រេច»។
មាត្រា៥៥ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់ប្រធាន គ.ជ.ប បន្ទាប់ពីបានយោបល់យល់ស្របតាមសំឡេងភាគច្រើនដាច់ខាត នៃសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
