គ.ជ.ប នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ពិនិត្យ​មើល​ពី​បញ្ហា​ដែល​អាច​កើត​មាន​ក្នុង​ដំណើរ​ការ​នេះ ដែល​អាច​ជួយ​ឲ្យ​ដំណើរ​ការ​នេះ​ប្រព្រឹត្ត​ដោយ​មាន​យុត្តិធម៌ និង​តម្លាភាព។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កំណត់​យក​ថ្ងៃ​ទី​១២ ខែ​សីហា ខាង​មុខ​ជា​ថ្ងៃ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ផ្ដល់​ចំណេះ​ដឹង​ចាំបាច់​នានា​ដល់​អ្នក​សារព័ត៌មាន៖ « ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​បាន​យល់​ច្បាស់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ។ បើ​លោក​យល់​ច្បាស់​ហើយ​ ការ​ផ្សាយ​ ព័ត៌មាន​ ចេញ​ក៏​មិន ​ច្រឡំ គឺ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សាធារណជន »

លោក ហង្ស ពុទ្ធា នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ចំនួន​អ្នក​សារព័ត៌មាន​ដែល​នឹង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ឡើយ។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប បង្ហាញ​ថា វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​មួយ​ថ្ងៃ​នោះ អ្នក​សារព័ត៌មាន​នឹង​បាន​ស្វែង​យល់​ពី​ជំពូក​មួយ​ចំនួន​ក្នុង​ច្បាប់​បោះឆ្នោត ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ចុះ​ឈ្មោះ អ្នក​មាន​សិទ្ធិ​បោះឆ្នោត ជំហាន​ទាំងឡាយ​នៃ​ការ​ចុះ​ឈ្មោះ កម្មវិធី​ដែល​ប្រើប្រាស់​សម្រាប់​ចុះ​ឈ្មោះ និង​បណ្ដឹង​នានា​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ។

ចំពោះ​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​គួរ​ស្វែង​យល់​បន្ថែម​លើ​អ្វី​ដែល គ.ជ.ប បាន​ផ្ដល់​ឲ្យ​ទៅ​តាម​បទពិសោធន៍ និង​វិជ្ជាជីវៈ​ក្នុង​ការ​ស្វែងរក និង​សរសេរ​ព័ត៌មាន​ពី​ការ​បោះឆ្នោត។ លោក​បន្ត​ថា អ្នក​សារព័ត៌មាន​ក៏​ត្រូវ​ពិនិត្យ​មើល​ពី​បញ្ហា និង​ភាព​មិន​ប្រក្រតី​ទាំងឡាយ៖ « គឺ​យើង​ត្រូវ​ស្វែង​យល់​ខ្លួន​ឯង​បន្ថែម​លើស​ពី​អ្វី​ដែល . . បង្រៀន​យើង។ ទី​១ គឺ​ត្រូវ​ស្វែង​យល់​ដោយ​ការ​សម្ភាស​ប្រភព​ឯករាជ្យ​ផ្នែក​បោះឆ្នោត ថា​តើ​ការ​ចុះ ​ឈ្មោះ​ បោះឆ្នោត​ហ្នឹង ​វា​ទៅ​ តាម​ស្តង់ដារ ​ដែរ ឬ​អត់ ? ទី​២ យើង​ត្រូវ​ស្វែង ​យល់ ដោយ​ប្រៀបធៀប​នឹង​ ការ​ចុះ ឈ្មោះ​បោះ ឆ្នោត​ពី​អាណត្តិ​មុនៗ ដើម្បី​រំឭក​ពី​ចំណុច​ល្អៗ និង​ភាព​មិន​ប្រក្រតី​ដែល​គួរ​ចៀសវាង »

ចំណែក​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ដែល​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ដូចជា​ក្រុម​ជនជាតិ​ដើម​ភាគតិច និង​អ្នក​ធ្វើ​ចំណាក​ស្រុក។ លោក គល់ បញ្ញា បន្ត​ថា អ្នក​សារព័ត៌មាន​ក៏​គួរ​ស្វែង​យល់​បន្ថែម​ពី​គ្រប់​ដំណាក់​កាល​នៃ​ការ​បោះឆ្នោត ឬ​អាច​បង្កើត​ឲ្យ​មាន​ក្រុម​អ្នក​ជំនាញ​ផ្នែក​សរសេរ​ព័ត៌មាន​បោះឆ្នោត៖ « ការ​ចូល រួម​នៅ​ ក្នុង​ការងារ សង្កេត​ការណ៍​ចុះ ​ឈ្មោះ​បោះឆ្នោត ក៏​ជា​ផ្នែក​មាន​សារសំខាន់​ដែរ ថា​តើ​គណបក្ស​នយោបាយ​មាន​អ្នក​ សង្កេត​ការណ៍ ឬ​អត់ ? ខាង​អង្គការ​សង្គម​ស៊ីវិល​មាន​ឬ​អត់ ? តើ​គេ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ ដើម្បី​ឲ្យ ​មាន​តម្លាភាព សុចរិត​ភាព ​នៅ​ ក្នុង​ការ​ចុះ ​ឈ្មោះ ? កិច្ចការ​ បោះឆ្នោត​ហ្នឹង គឺ​ជា​កិច្ចការ​ថ្មី​ដែរ ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ តើ​ប្រតិបត្តិការ​ទៅ​មាន​ បញ្ហា​អ្វី​ខ្លះ ? »

តាម​គម្រោង គ.ជ.ប នឹង​ចាប់​ផ្ដើម​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៦ នេះ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា និង​បិទ​បញ្ចប់​នៅ​ខែ​វិច្ឆិកា។ គ.ជ.ប រំពឹង​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​នេះ នឹង​រួច​រាល់​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​សុំ​ជួប គ.ជ.ប

ដោយ សេក បណ្ឌិត

គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ស្នើសុំ​ជួប​មេ​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​ការងារ​បោះឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​តំណាង​រាស្ត្រ លោក អេង ឆៃអ៊ាង បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ សីហា ថា ការ​ស្នើ​ជួប​នោះ នឹង​ជជែក​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​មាន​រយៈពេល ៣​ខែ​នោះ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​គ្នា។

លោក អេង ឆៃអ៊ាង បាន​លើក​ឡើង​ទៀត​ថា ពី​ពេល​នេះ​ត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​រឿង​សំខាន់ ដោយ​ប្រើប្រាស់​គ្រប់​យន្តការ​ដែល​អាច​ធ្វើ​ទៅ​បាន។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ សូម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។