គ.ជ.ប អាច​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៦

0:00 / 0:00

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សកល​សម្រាប់​អាណត្តិ​ទី​៦ នេះ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦ ខាង​មុខ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាង​ថា ការ​ចុះ​ឈ្មោះ​នេះ​អាច​នឹង​ត្រូវ​រំកិល ២​ខែ​ទៅ​មុខ​ទៀត ប្រសិន​បើ​ឧបករណ៍​ប្រើប្រាស់​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវ​ការ​បាន​ទេ។

ការ​ប្រកាស​ពន្យារ​ពេល​របស់ គ.ជ.ប នេះ ស្រប​ពេល​ភាគី​ជប៉ុន បន្ត​រារែក​ក្នុង​ការ​ផ្ដល់​ឧបករណ៍​បច្ចេកទេស សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​មជ្ឈមណ្ឌល​កុំព្យូទ័រ​នៃ​ការិយាល័យ​កណ្ដាល​របស់ គ.ជ.ប។

ការ​អះអាង​ដូច​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​ជាមួយ​អគ្គលេខាធិការ​រង ទទួល​បន្ទុក​ការងារ​នយោបាយ ក្រសួង​ការ​បរទេស​ជប៉ុន នៅ​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ សីហា។ តាម​ការ​គ្រោង​ទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ការ​ម៉ាស៊ីន​កុំព្យូទ័រ​ប្រមាណ ២.៤០០​គ្រឿង សម្រាប់​ប្រតិការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ប្រទេស។

លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រាប់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​លើក​ពេល​ប្រហែល ២​ខែ​ទៅ​មុខ​ទៀត ប្រសិន​បើ​ឧបករណ៍​បម្រើ​ឲ្យ​ការ​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ត្រូវ​យឺតយ៉ាវ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ទាំង​ភាគី​ជប៉ុន ដែល​សន្យា​ថា​នឹង​ផ្ដល់​បរិក្ខារ​ប្រើប្រាស់ ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកទេស​ផ្សេង​ទៀត​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ​ទេ។ ក្រៅ​ពី​នេះ ភាគី​សហគមន៍​អឺរ៉ុប វិញ ក៏​មិន​ខុស​ពី​ភាគី​ជប៉ុន ប៉ុណ្ណា​នោះ​ដែរ គឺ​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​រង់ចាំ​នៅ​ឡើយ។ លោក​បន្ត​ថា «យើង​កំពុង​តែ​រង់ចាំ​ការ​សម្រេច​ចិត្ត​ពីរ​ភាគី គឺ​ជប៉ុន និង​ខាង​សហគមន៍​អឺរ៉ុប ដែរ។ បើ​សិន​ជា​គាត់​សម្រេច​ហើយ យើង​ប្រហែល​ជា​អាច​កំណត់​ច្បាស់​បាន ប៉ុន្តែ​ឥឡូវ​ហ្នឹង​គឺ​មិន​អាច​ឆ្លើយ​សំណួរ​បាន​ទេ»

ពាក់ព័ន្ធ​នឹង​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នេះ តាម​ការ​គ្រោង​ទុក គឺ គ.ជ.ប នឹង​ត្រូវ​ចាប់​អនុវត្ត​ក្នុង​ខែ​មីនា ក៏ប៉ុន្តែ​មន្ត្រី គ.ជ.ប បាន​បញ្ជាក់​ហើយ​ថា ពេលវេលា​នេះ​អាច​នឹង​រំកិល​ទៅ​ខែ​ឧសភា បន្ត​ទៀត ប្រសិន​បើ​ឧបករណ៍​ប្រើប្រាស់​មិន​គ្រប់​តាម​តម្រូវ​ការ​ទេ។ យោង​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា​៣ វិញ​ចែង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​កំណត់ និង​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១០ សីហា តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​សន្យា​ថា នឹង​បន្ត​ពិគ្រោះ​យោបល់​អំពី​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នេះ​បន្ថែម​ទៀត។

ជុំវិញ​ការ​បោះ​ឆ្នោត​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​នឹង​មិន​ព្រម​ដាច់​ខាត​ថា​នឹង​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថែម​ទៀត​ផង។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នោះ គឺ​លោក ហ៊ុន សែន រិះគន់​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រើប្រាស់​ការ​ចូល​សភា និង​វប្បធម៌​សន្ទនា ធ្វើ​ជា​ដើម​ទុន​ក្នុង​រឿង​នយោបាយ​របស់​ខ្លួន។ ហេតុ​នេះ លោក​ចាត់​ទុក​ថា ដើម្បី​បញ្ចប់​ការ​ចំណេញ​នយោបាយ​ដោយ​ឆៅៗ​បែប​នេះ គឺ​លោក​នឹង​មិន​យល់ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ដូច​ការ​ចង់​បាន​របស់​គណបក្ស​ប្រឆាំង​ទៀត​ឡើយ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) យល់​ឃើញ​ថា ប្រសិន​បើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ពិត​ជា​ត្រូវ​ពន្យារ​ពេល​មែន វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ទី​៦ នេះ​ហើយ។ លោក​បន្ត​ថា «កាល​ណា​ពន្យារ​ពេល ព្រោះ​អី​នីតិវិធី​ហ្នឹង ខ្ញុំ​មើល​នីតិវិធី​វា​មាន​ជាង ១០០​ថ្ងៃ​ណោះ ទាំង​បិទ​ផ្សាយ ហើយ​ផ្ដល់​សុពលភាព​អី​ទាំងអស់ ហើយ​បើ​គាត់​ពន្យារ​ទៅ​ដល់​ខែ​៥ បាន​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​ចាប់​អាច​ពាក់ព័ន្ធ​នឹង​ដំណើរ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ហើយ​បាទ»

នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​បោះ​ឆ្នោត​ក្រោយ​ឆ្នាំ​១៩៩៣ ដែល​ប្រទេស​កម្ពុជា ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ។ តាម​ការ​គ្រោង​ទុក ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ គ.ជ.ប នឹង​ត្រូវ​រៀបចំ​សាកល្បង​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។