គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងតែដំណើរការការងាររបស់ខ្លួនទៅតាមផែនការដែលបានគ្រោងទុក។ មន្ត្រី គ.ជ.ប បញ្ជាក់ថា ទោះបីជាបរិយាកាសនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរហាក់បីដូចជាអាប់អួបន្តិចក្ដី ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ គ.ជ.ប នោះទេ។ ទន្ទឹមនឹងនេះ គ.ជ.ប នឹងស្នើទៅរដ្ឋាភិបាល ដើម្បីបញ្ចូលឈ្មោះមន្ត្រីជាប់កិច្ចសន្យាទៅក្នុងក្របខ័ណ្ឌរដ្ឋ ដូចដែលច្បាប់រៀបចំការបោះឆ្នោតថ្មីបានចែង។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ថា គ.ជ.ប នឹងធ្វើសមាហរណកម្ម ឬបញ្ចូលមន្ត្រីជាប់កិច្ចសន្យាបច្ចុប្បន្នទៅជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៅដើមឆ្នាំ២០១៦ ខាងមុខ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបញ្ចូលមន្ត្រីជាប់កិច្ចសន្យារបស់ គ.ជ.ប មានជាង ៣០០នាក់ ទៅជាមន្ត្រីក្របខ័ណ្ឌនេះ ដើម្បីជួយសម្រួលដល់ការងារ គ.ជ.ប ដែលជាស្ថាប័នមួយឯករាជ្យក្នុងការរៀបចំការបោះឆ្នោតខាងមុខ៖ «ព្រោះនៅ គ.ជ.ប ហ្នឹងមាននីតិវិធីពិសេសខុសៗគ្នាដែរ។ ឧទាហរណ៍មន្ត្រីនៅ គ.ជ.ប ហ្នឹងធ្វើសមាហរណកម្មហើយគាត់ចូលនិវត្តន៍អាយុ ៦០ឆ្នាំ អ៊ីចឹងការចូលនិវត្តន៍របស់គាត់ហើយ គាត់អាចស្នើសុំបាន ៤ដងទៀត គឺ១ឆ្នាំអាចស្នើសុំបានម្ដង បើសិនជា គ.ជ.ប អាចបន្តឲ្យគាត់បាន គឺបន្តការងារឲ្យគាត់ តែបើ គ.ជ.ប មិនអនុញ្ញាត គឺមិនបន្តឲ្យទេ»។
ការគ្រោងបញ្ចូលមន្ត្រីជាប់កិច្ចសន្យារបស់ គ.ជ.ប នេះ គឺយោងតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នាទៅលើគោលការណ៍នេះ និងបានដាក់បញ្ចូលទៅក្នុងច្បាប់។
មាត្រា ៥៥ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា មន្ត្រីបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងលេខាធិការដ្ឋាន គណៈកម្មការរាជធានី ខែត្រ រៀបចំការបោះឆ្នោត គឺជាមន្ត្រី បុគ្គលិកស្ថិតនៅក្នុងក្របខ័ណ្ឌនៃលក្ខន្តិកៈដោយឡែក ដែលកំណត់ដោយព្រះរាជក្រឹត្យ តាមសំណើរបស់ គ.ជ.ប បន្ទាប់ពីមានយោបល់ឯកភាពពីក្រសួងមុខងារសាធារណៈ។ ចំណុចមួយទៀតនៅក្នុងមាត្រាដដែលនេះ ក៏បញ្ជាក់ថា គ.ជ.ប នៅតែអាចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបម្រើការងារតាមការចាំបាច់។
នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ការដាក់បញ្ចូលមន្ត្រីជាប់កិច្ចសន្យា គ.ជ.ប បច្ចុប្បន្នទៅជាមន្ត្រីក្របខ័ណ្ឌរដ្ឋនេះ មិនអាចសន្មតថា ធ្វើឲ្យមន្ត្រីទាំងនោះធ្វើការដោយឯករាជ្យបានទេ។ លោកពន្យល់ថា បញ្ហាសំខាន់នៅត្រង់ថា ធ្វើយ៉ាងណាឲ្យបុគ្គលិកទាំងនោះមានស្វ័យភាពរបស់ខ្លួន និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗឲ្យបានច្រើន នៅពេលរៀបចំការបោះឆ្នោតនោះ៖ «មុខតំណែង ឋានៈអីៗហ្នឹង គេអាចធ្វើបានដូចរបៀបមន្ត្រីរាជការ ប៉ុន្តែរបៀបរបបការងារ រចនាសម្ព័ន្ធមន្ត្រី គ.ជ.ប គួរតែឯករាជ្យ ហើយការធ្វើកន្លងមកនេះ អាចមានចេញពីអនុក្រឹត្យ ឬព្រះរាជក្រឹត្យអីនេះ គឺមិនទាន់ភាពច្បាស់លាស់ទេ គឺអាចមានបញ្ហាទៅវិញទេ»។
ស្ថាប័ន គ.ជ.ប មានសមាជិកដឹកនាំកំពូលចំនួន ៩រួប ដែលមានចែងក្នុងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ថ្នាក់ដឹកនាំកំពូលទាំង ៩រួបនេះ ត្រូវបានជ្រើសចេញពីគណបក្សសង្គ្រោះជាតិ ៤រួប និងជ្រើសចេញពីគណបក្សប្រជាជនកម្ពុជា ៤រួប និងមួយរួបទៀត ជ្រើសចេញពីបុគ្គលអង្គការក្រៅរដ្ឋាភិបាល។
ទោះបីជាស្ថាប័នថ្នាក់ដឹកនាំ គ.ជ.ប ចាស់ ត្រូវបានរំលាយ តែបុគ្គលិកបម្រើការនៅក្នុងស្ថាប័ននេះ ដែលមានជំនាញស្រាប់នោះ មិនត្រូវបានរំសាយចោលទេ។ បុគ្គលិកទាំងអស់របស់ស្ថាប័ន គ.ជ.ប ចាប់ពីបុគ្គលិកធម្មតាទៅដល់ប្រធាននាយកដ្ឋានមានជាង ៣០០នាក់ ដែលបុគ្គលិកទាំងនេះ ពីមុនមកជាមន្ត្រីជាប់កិច្ចសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
