គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធានាថា នឹងជួយសម្រួលអោយជនពិការអាចចូលរួមការបោះឆ្នោតដោយពេញលេញ។ អង្គការជនពិការកម្ពុជា រកឃើញថា ជនពិការនៅតែជួបប្រទះបញ្ហាប្រឈមមុខជាច្រើនក្នុងពេលបោះឆ្នោតម្តងៗ ដែលទាមទារអោយ គ.ជ.ប. យកចិត្តទុកដាក់បន្ថែមលើបញ្ហានេះ។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប បានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាជនពិការក្នុងន័យគាំទ្រអោយមានការចូលរួមសកម្មភាពនយោបាយ ហើយធានាថា គ.ជ.ប នឹងបញ្ចូលគោលនយោបាយជនពិការខ្លះទៅក្នុងច្បាប់បោះឆ្នោតថ្មី ដើម្បីអោយជនពិការចូលរួមក្នុងសកម្មភាពនយោបាយដោយស្មើភាព៖ «បញ្ហាស្បតត្រូវមានភាសា កាយវិការ ការផ្សព្វផ្សាយព័ត៌មានក៏យកចិត្តទុកដាក់ទៅដល់ជនបទ ហើយយើងចែងនៅក្នុងគោលការណ៍របស់ខ្លួន ដើម្បីអោយជនពិការជាអ្នកមានអាទិភាពក្នុងការទៅចុះឈ្មោះ ឬទៅបោះឆ្នោត។ បញ្ជីឈ្មោះទោះបីមិនបានចែងអំពីពិការភាពមែន តែ គ.ជ.ប នឹងផ្តល់ព័ត៌មានទៅការិយាល័យបោះឆ្នោត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ»។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការដាក់បញ្ចូលជនពិការក្នុងដំណើរការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១០ ខែសីហា នៅមជ្ឈមណ្ឌលសហព័ន្ធកិច្ចឯកភាពគ្រិស្តបរិស័ទ ក្នុងក្រុងភ្នំពេញ ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា (អ.ព.ក) នោះ លោក ហង្ស ពុទ្ធា បានបន្ថែមថា ដើម្បីលើកកម្ពស់សិទ្ធិជនពិការគ្រប់ប្រភេទចូលរួមការបោះឆ្នោតដោយពេញលេញនោះ គឺត្រូវការពេលវេលាច្រើន ជាពិសេសទាមទារការចូលរួមគាំទ្រពីរដ្ឋាភិបាល និងគណបក្សនយោបាយទៀតផង។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រចំពោះការតាំងចិត្តលើកកម្ពស់សិទ្ធិជនពិការរបស់ គ.ជ.ប នៅពេលនេះ ប៉ុន្តែអង្គការជនពិការកម្ពុជា នៅមិនទាន់ជឿជាក់ទាំងស្រុងនោះទេ ហើយនឹងឃ្លាំមើលថា តើការអនុវត្តបានដល់កម្រិតណា៖ «ហើយបើមិនល្អទេ អង្គការជនពិការនឹងធ្វើការបញ្ចុះបញ្ចូលបន្តទៀត ព្រោះការសន្យាមិនដូចជាការធ្វើទេ ពេលខ្លះសន្យាខ្យល់។ អ្វីដែលគាត់សន្យា ជាការមួយល្អ ប៉ុន្តែរង់ចាំមើលសិនថា តើល្អកម្រិតណា?»។
កន្លងមក នៅពេលបោះឆ្នោតម្តងៗ ជនពិការមានបញ្ហាប្រឈមជាច្រើន មានដូចជាការិយាល័យបោះឆ្នោតនៅឆ្ងាយ មិនមានជម្រាល និងមិនមាននិមិត្តសញ្ញាសំគាល់ ពិបាកលើការចុះឈ្មោះបោះឆ្នោត មិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ការផ្សព្វផ្សាយមិនមានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការ គថ្លង់ និងងងឹតភ្នែក។ ក្រៅពីនេះ កង្វះការគាំទ្រពីសង្គម និងគ្រួសារ ក៏ជាបញ្ហាប្រឈមដែរ ព្រោះសាធារណជនទូទៅនៅតែគិតថា ជនពិការមានចំនួនតិច ដូច្នេះសំឡេងរបស់ពួកគេមិនមានឥទ្ធិពលដល់ការបោះឆ្នោត ហើយពេលខ្លះទៀត ជនពិការមិនយល់អំពីតម្លៃនៃការបោះឆ្នោត។

ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ទិន្នន័យជនពិការនៅកម្ពុជា បច្ចុប្បន្ន មាន ១០ ទៅ ១៥ភាគរយនៃប្រជាជនសរុប ប៉ុន្តែរដ្ឋាភិបាលអះអាងថា តួលេខជនពិការបច្ចុប្បន្នមាន ២,១ភាគរយ ស្មើប្រមាណជាង ៣៣ម៉ឺននៃប្រជាជនសរុប។
ទន្ទឹមគ្នានេះដែរ នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បន្តថា អង្គការជនពិការកម្ពុជា ក៏នឹងព្យាយាមបញ្ចុះបញ្ចូលឲ្យ គ.ជ.ប យល់ព្រមបញ្ចូលគោលនយោបាយបញ្ជ្រាបបញ្ហាជនពិការទៅក្នុងច្បាប់បោះឆ្នោតថ្មី ដើម្បីផ្ដល់សិទ្ធិអំណាចអោយជនពិការចូលរួមក្នុងឆាកនយោបាយដោយស្មើភាព៖ «យើងចង់លើកទឹកចិត្តអោយ គ.ជ.ប ធ្វើការសហការជាមួយតំណាងជនពិការ ដោយអ្នកតំណាងគេដឹងពីផលលំបាករបស់ជនពិការ អ៊ីចឹងយើងអាចជួយគាត់បាន មិនមែនដើម្បីជួយបក្សណាមួយទេ គឺយើងជួយអោយបងប្អូនជនពិការ អនុវត្តសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កន្លងទៅ ពុំមានទិន្នន័យណាមួយបញ្ជាក់បានទេថា តើមានជនពិការប៉ុន្មាននាក់បានបោះឆ្នោត។ ប៉ុន្តែអង្គការជនពិការកម្ពុជា អះអាងថា មានជនពិការជាង ២ពាន់នាក់ ដែលបានចូលរួមបោះឆ្នោត ហើយនៅអាណត្តិទី៦ ក្រោយនេះ អង្គការជនពិការកម្ពុជា នឹងជំរុញអោយជនពិការចូលរួមបោះឆ្នោតអោយបាន ៣ម៉ឺននាក់។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការដាក់បញ្ចូលជនពិការក្នុងដំណើរការបោះឆ្នោតនៅព្រឹកថ្ងៃទី១០ សីហា នេះ គឺធ្វើឡើងក្នុងបំណងចង់អោយ គ.ជ.ប ពិចារណាលើគោលប្រតិបត្តិល្អៗពីបណ្ដាប្រទេសដទៃទៀតក្នុងការជួយជនពិការ និងផ្សព្វផ្សាយអំពីសារសំខាន់នៃសន្លឹកឆ្នោតរបស់ជនពិការ ព្រមទាំងចង់ឃើញមានទិន្នន័យជនពិការពិតប្រាកដនៅពេលចុះឈ្មោះបោះឆ្នោត ថាតើមានជនពិការប៉ុន្មាននាក់បានទៅបោះឆ្នោត។
ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ចែងថា ជនពិការទាំងអស់ត្រូវបានធានាការចូលរួមក្នុងវិស័យនយោបាយ ប៉ុន្តែក្នុងមាត្រាខ្លះនៃច្បាប់បោះឆ្នោតថ្មី មានការរើសអើងចំពោះជនពិការ ដូចជាប្រើពាក្យជនវិកលចរិតមិនអាចបោះឆ្នោតបាន ដែលមិនបញ្ជាក់ថា តើជនពិការវិកលចរិតនោះ ស្ថិតក្នុងកម្រិតណា។
ដោយឡែកអនុសញ្ញាស្ដីពីសិទ្ធិជនពិការមាត្រា២៩ បានចែងថា ការចូលរួមរបស់ជនពិការត្រូវតែធានាថា គ្មានការរើសអើង។ ទោះបីជាបែបនេះក្តី ជនពិការនៅកម្ពុជា នៅតែរងការរើសអើងដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
