អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានដាក់សេចក្ដីជូនដំណឹងរបស់ខ្លួន ទៅសាលារាជធានីភ្នំពេញ ស្នើទីលានប្រជាធិបតេយ្យ ឬសួនមុខវត្តបទុម ដើម្បីឃោសនារកសំឡេងឆ្នោតរយៈពេល២សប្ដាហ៍ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ។ ប៉ុន្តែ សេចក្ដីជូនដំណឹងនេះកំពុងមានភាពប្រទាំងប្រទើសទៅនឹងចំណុចមួយនៃសេចក្ដីណែនាំរបស់ គ.ជ.ប ដែលបានចេញប្រកាសកាលពីពេលថ្មីៗនេះ។
អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានច្រានចោលសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានហាមប្រាមមិនឲ្យគណបក្សនយោបាយប្រើប្រាស់ទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែងឃោសនាបោះឆ្នោតអចិន្ត្រៃយ៍នោះ ថាជាការធ្វើឡើងដោយខុសច្បាប់បោះឆ្នោត និងធ្វើទៅតាមការចង្អុលបង្ហាញ និងណែនាំក្រោមសម្ពាធរបស់គណបក្សកាន់អំណាច។
ប្រធានគណៈកម្មាធិការប្រតិបត្តិស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងនៅថ្ងៃទី១៩ ខែមេសា ថា ការចែងចំណុចមួយក្នុងសេចក្ដីណែនាំរបស់ គ.ជ.ប នេះគឺបានធ្វើឡើងមិនស្របទៅនឹងទិដ្ឋភាពច្បាប់ ហើយការធ្វើបែបនេះ គឺជាការគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពដល់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនដំណឹងទៅសាលារាជធានី ស្នើទីតាំងសាធារណៈធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ កាលពីថ្ងៃសុក្រ ហើយនិងអនុវត្តយកទីតាំងនោះ បើទោះជាគ្មានការអនុញ្ញាតក្ដី។
លោក ម៉ៅ មុន្នីវណ្ណ៖ «ខ្ញុំយោងបទពិសោធន៍ច្រើនអាណត្តិមកហើយ គឺគណបក្សគ្រាន់តែជូនដំណឹងទៅ គឺធ្វើហើយ បើថាមានការហាមឃាត់មានការចេញសេចក្ដីណែនាំជាពិសេសអីអ៊ីចឹង វាដូចជាខុសពីនីតិវិធីនៃច្បាប់បោះឆ្នោតហើយ។ មានន័យថា គ.ជ.ប ហ្នឹងធ្វើអ្វីៗធ្វើទៅតាមស្ថានការណ៍ និងសម្ពាធពីគណបក្សកាន់អំណាច គឺជារឿងនយោបាយមួយ»។
ទាក់ទងនឹងការជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ នេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឆ្លើយតបថា សាលារាជធានីនឹងពិចារណាលើសេចក្ដីជូនដំណឹងនេះជាមុនសិន ដោយនឹងធ្វើការផ្ទៀងផ្ទាត់ជាមួយសេចក្ដីណែនាំរបស់ គ.ជ.ប៖ «ខ្ញុំមិនទាន់ហ៊ាននិយាយថាយ៉ាងម៉េចទេក្នុងករណីហ្នឹង [...សើច...] ព្រោះជាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត រង់ចាំមើលសប្ដាហ៍ក្រោយបន្តិចសិន ក្រោយពីការពិចារណារបស់ឯកឧត្ដមអភិបាលសិន ថាតើយើងធ្វើម៉េចណា?»។
សេចក្ដីណែនាំរបស់ គ.ជ.ប ស្ដីពីការពង្រឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ឆ្នាំ២០១៤ នៅក្នុងចំណុចសកម្មភាពនៃការឃោសនាបោះឆ្នោតនៅតាមទីសាធារណៈ បានសរសេរថា មុនធ្វើសកម្មភាពឃោសនាបោះឆ្នោតគណបក្សនយោបាយ ត្រូវជូនដំណឹងទៅអាជ្ញាធររាជធានីខេត្តយ៉ាងហោចណាស់ ៣ថ្ងៃមុន។
សេចក្ដីណែនាំដដែលនេះ ក៏បានសរសេរថា គណបក្សនយោបាយមិនត្រូវយកទីសាធារណៈ ឬសាលសាធារណៈធ្វើជាកន្លែងឃោសនាបោះឆ្នោតអចិន្ត្រៃយ៍ឡើយ ប៉ុន្តែចំណុចនេះត្រូវបានគណបក្សប្រឆាំងជំទាស់។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅកាត់ថា និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា មានមតិថា ការជូនដំណឹងទៅអាជ្ញាធររាជធានីរបស់គណបក្សសង្គ្រោះជាតិ គឺជាការត្រឹមត្រូវតាមច្បាប់។ លោកថា អ្វីដែលសំខាន់នៅក្នុងចំណុចនេះ គឺការយកទីតាំងសាធារណៈធ្វើជាកន្លែងឃោសនាអចិន្ត្រៃយ៍ ហើយបើមានការស្នើសុំពីគណបក្សផ្សេងទៀតចង់បានទីតាំងនេះដែរ គួរតែមានការចែកគ្នាធ្វើឲ្យមានតម្លាភាព។
ទោះជាយ៉ាងនេះក្ដី លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការចែងរបស់ គ.ជ.ប លើកនេះ គឺហាក់ផ្ទុយពីទិដ្ឋភាពច្បាប់៖ «តាមពិតទៅការចែងរបស់ គ.ជ.ប ហ្នឹង គឺជាការសម្រេចចិត្តរបស់គាត់ដែលមិនឲ្យយកទីសាធារណៈហ្នឹង សម្រាប់ការបោះឆ្នោតនេះណា។ ប៉ុន្តែការបោះឆ្នោតមុនៗ គឺអនុញ្ញាតឲ្យយកទីសាធារណៈ។ ការចែងលើកនេះ វាខុសពីការចែងលើកមុន យើងនិយាយឲ្យខ្លីប៉ិនហ្នឹងទៅណា។ គាត់មិនដឹងមានចេតនាយ៉ាងម៉េចទេណា។ បើសិនជាទិដ្ឋភាពច្បាប់តែម្ដង ទីធ្លាសាធារណៈ គឺជាទីតាំងឃោសនាដ៏សំខាន់សម្រាប់គណបក្សនយោបាយ»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ នឹងចាប់ផ្ដើមនៅថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ គណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
