ក្រុមការងារនេះបានព្រួយបារម្ភចំពោះអំពើហិង្សា ដែលអាចបន្តកើតមានបន្ថែមទៀតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ ករណីនេះ ក្រុមការងារកសាងសន្តិភាពចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយពីការកសាងសន្តិភាពក្នុងចំណោមអ្នកបោះឆ្នោត។
ក្រុមការងារកសាងសន្តិភាព ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយអោយអ្នកបោះឆ្នោតទាំងអស់ប្រកាន់យកធម៌អហិង្សាក្នុងពេលឃោសនារកសំឡេងឆ្នោត ពេលទៅបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
តំណាងក្រុមការងារកសាងសន្តិភាព អ្នកស្រី ប្រុក វ៉ាន្នី មានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយដើម្បីសន្តិភាព មានគោលបំណងស្នើអោយអ្នកបោះឆ្នោតទាំងអស់បោះបង់ចោលរាល់អំពើហិង្សា និងយល់ព្រមទទួលយកលទ្ធផលឆ្នោតដោយភាពរីករាយ ចំពោះគណបក្សនយោបាយដែលឈ្នះឆ្នោតមិនថាជាគណបក្សខ្លួនគាំទ្រ ឬមិនមែនឡើយ។
ក្នុងការផ្សព្វផ្សាយពីសន្តិភាពនេះ ក្រុមការងារកសាងសន្តិភាពបានបោះពុម្ពអាវយឺត និងបដាតូចៗជាច្រើន ដើម្បីចែកជូនពលរដ្ឋអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលកំពុងឃោសនាតាមទីសាធារណៈនានា។ ស្របពេលនេះ ក៏មានវីដេអូឃ្លីប (Video Clip) អប់រំពីការរក្សាសន្តិភាពក្នុងពេលបោះឆ្នោត ត្រូវផ្សព្វផ្សាយតាមអ៊ីនធឺណិត (Internet) និងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ផង។
«សំឡេងវីដេអូឃ្លីប»
ទាក់ទិននឹងអំពើហិង្សាក្នុងពេលឃោសនាបោះឆ្នោត អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា អោយដឹងថា មកដល់ពេលនេះពុំទាន់មានករណីអំពើហិង្សាធ្ងន់ធ្ងរបានកើតឡើងនៅឡើយ ប្រសិនបើប្រៀបធៀបនឹងករណីអំពើហិង្សានៅក្នុងការបោះឆ្នោតអាណត្តិទី៤ កន្លងទៅ។
នៅក្នុងរយៈពេល ២សប្តាហ៍នៃការឃោសនាបោះឆ្នោតកន្លងទៅនេះ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ២០៣ នៅតាមឃុំសង្កាត់ ៣៩ នៅថ្នាក់ខេត្ត និង ៥បណ្ដឹងនៅថ្នាក់ជាតិ។ ក្នុងចំណោមបណ្ដឹងទាំងនោះ មាន ១០បណ្ដឹងពាក់ព័ន្ធនឹងអំពើហិង្សា។ បើទោះជាយ៉ាងណា បើតាមមន្ត្រី គ.ជ.ប បណ្ដឹងទាំងនោះភាគច្រើនត្រូវបានសម្របសម្រួល និងដោះស្រាយបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
