ក្រុមអ្នកច្បាប់ និងអ្នកវិភាគនយោបាយកម្ពុជា គាំទ្រតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ដែលទាមទារឲ្យរដ្ឋាភិបាលបកស្រាយជាបន្ទាន់លើចំណាត់ការមិនឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជា។ ការលើកឡើងនេះ នៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃទី៤ ខែវិច្ឆិកា រិះគន់តំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលទាមទារឲ្យបកស្រាយនេះ ថារំលោភអធិបតេយ្យភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ ចាត់ទុកថា ការចោទប្រកាន់បែបនេះជាចេតនានយោបាយ ជាជាងផ្អែកលើច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ថ្លែងថា ឧត្ដមស្នងការអង្គការសហប្រជាជាតិ មានការិយាល័យច្បាស់លាស់នៅកម្ពុជា ដូច្នេះការឃ្លាំមើល ឬការបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលថ្លែងឲ្យមានការបកស្រាយ គឺជាតួនាទីរបស់តំណាងអង្គការអន្តជាតិមួយនេះ ហើយមិនមែនជាការរំលោភអធិបតេយ្យភាព ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា នោះទេ៖ « ប្រជារាស្ត្រក៏ស្នើសុំ ( សុំឲ្យបកស្រាយ ) បានដែរ ! ហើយអង្គការសហប្រជាជាតិ ត្រូវមើល ហើយបើសិនជាមើលទៅឃើញខុសត្រង់ណា គេស្នើសុំហើយ។ ដូច្នេះគេមានសិទ្ធិនិយាយហើយ។ កាលពីសម័យ ប៉ុល ពត មានអ្នកខ្លះជេរអង្គការសហប្រជាជាតិ ថា ហេតុអីមិនមើលស្រុកខ្មែរផង ទាល់តែប្រទេសជិតខាងលើកទ័ពមក បានអង្គការសហប្រជាជាតិ ដឹង។ ហើយឥឡូវស្រាប់យើងផ្ទុយវិញ ខ្ញុំគិតថាដូចជាអត់ស៊ីអាស្ថានភាពទូទៅ »។
លោកបញ្ជាក់ថា ការថ្លែងរបស់តំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិ អ្នកស្រី វ៉ាន់ហ៊ី លី គឺជាមតិ ហើយអង្គការនេះមានសិទ្ធិមើលខុសត្រូវលើប្រទេសដែលខ្លួនមានការិយាល័យតាំងនៅ។ ការមិនគោរពអធិបតេយ្យភាពកម្ពុជា ដែលរដ្ឋមន្ត្រីលើកឡើង លើកលែងតែមានប្រទេសណាប្រើកងទ័ពឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែការស្នើសុំឲ្យមានការបកស្រាយពេលនេះ គឺជារឿងត្រឹមត្រូវ។
កាលពីថ្ងៃទី២៥ ខែតុលា កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់សម្ដីអ្នកស្រី វ៉ាន់ហ៊ី លី ថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលរារាំងមិនឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជា វិញនោះ គឺខ្វះភាពសមស្រប ដូច្នេះអាចចាត់ទុកបានថា ជាការសម្រេចតាមទំនើងចិត្ត និងគ្មានហេតុផលត្រឹមត្រូវ។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលត្រូវតែពន្យល់ជាបន្ទាន់ពាក់ព័ន្ធនឹងការសម្រេចបែបនេះ។
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ទៅអ្នកស្រី គ្លែរ វ៉ាន់ដឺវែរ៉ែន (Claire Van der Vaeren) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ហៅកាត់ថា យូ.អិន.ឌី.ភី (UNDP) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ដោយសរសេរថា សំណើឲ្យរដ្ឋាភិបាលបកស្រាយករណីលោក សម រង្ស៊ី ជាសំណើហួសដែនសមត្ថកិច្ចរបស់អ្នកស្រី វ៉ាន់ហ៊ី លី ដែលមានចែងក្នុងលក្ខន្តិកៈអង្គការប្រជាជាតិ ដែលត្រូវឲ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការងារជាមួយក្រសួង ជាជាងតាមរយៈសារព័ត៌មាន។
លិខិតដដែលបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អស់សុពលភាពហើយ ដូច្នេះរាល់សកម្មភាពរបស់អ្នកស្រី វ៉ាន់ហ៊ី លី ក្នុងពេលបច្ចុប្បន្ន ត្រូវចាត់ទុកថាមិនស្របច្បាប់។ លោក ប្រាក់ សុខុន ស្នើឲ្យចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយឲ្យបានឆាប់ និងត្រូវបញ្ចូលខ្លឹមសារនៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញលិខិតរបស់លោករដ្ឋមន្ត្រីបានទេ នៅថ្ងៃទី៥ ខែវិច្ឆិកា។
អ្នកស្រាវជ្រាវនយោបាយ និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន ថ្លែងថា អ្នកស្រី វ៉ាន់ហ៊ី លី មានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើឲ្យរដ្ឋាភិបាលបកស្រាយលើករណីណាមួយ ដែលខ្លួនយល់ថាជារឿងរំលោភសិទ្ធិមនុស្ស ឬភាពមិនប្រក្រតីអ្វីមួយ ព្រោះការស្នើនេះមិនមែនអ្នកស្រីធ្វើក្នុងនាមបុគ្គលទេ គឺធ្វើក្នុងនាមតំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានការិយាល័យស្របច្បាប់នៅកម្ពុជា៖ « ដូច្នេះវាជាកាតព្វកិច្ចរបស់យើងដែលត្រូវជម្រាបជូនស្ថាប័នអន្តររដ្ឋាភិបាល គឺអង្គការសហប្រជាជាតិវិញ តាមរយៈ អូ . អេច្ឆ . ស៊ី . អេច្ឆ . អា ( OHCHR ) ដែលយើងហៅថាឧត្ដមស្នងការជាន់ខ្ពស់ស្ដីពីសិទ្ធិមនុស្សហ្នឹង ដើម្បីឲ្យគេបានដឹងថា យើងផ្អែកលើមូលហេតុអី ? ច្បាប់អី ? ដែលយើងបដិសេធបុគ្គលម្នាក់មិនឲ្យចូលប្រទេសកម្ពុជា វិញ »។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលរួមរឹតដោយបណ្ដឹងពីមន្ត្រីរដ្ឋាភិបាល បានគេចខ្លួនទៅក្រៅប្រទេស ដោយលោកធ្លាប់ប្រើពាក្យរិះគន់ថា លោកមិនជឿទុកចិត្តលើតុលាការឡប់ឡែរបស់កម្ពុជា នោះទេ។ កាលពីថ្មីៗនេះ លោកប្ដេជ្ញាវិលចូលស្រុក ដើរចូលគុក ប៉ុន្តែសមត្ថកិច្ចកម្ពុជា រារាំងមិនឲ្យចូលស្រុក ដោយខ្លាចបង្កភាពវឹកវរនៅព្រលានយន្តហោះ ឬច្រកទ្វារដែលលោក សម រង្ស៊ី នឹងចូលមកវិញ។
អ្នកស្រាវជ្រាវនយោបាយ និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន យល់ថា លោក សម រង្ស៊ី នៅតែមានឱកាសវិលចូលស្រុកខ្មែរនៅមុនការបោះឆ្នោត បន្ទាប់ពីមានដំណោះស្រាយនយោបាយ ព្រោះការចេញក្រៅស្រុក ឬត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី គឺជាបញ្ហានយោបាយ មិនមែនជាបញ្ហាច្បាប់នោះទេ។ លោកថា នយោបាយមិនគួរក្លាយជារឿងដែលធ្វើឲ្យមនុស្សបាត់បង់ភាពជាមនុស្សក្នុងសង្គមរវាងគ្នា និងគ្នាទេ ហើយសិទ្ធិនយោបាយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ៖ « ពីព្រោះស្ថានភាពនយោបាយកម្ពុជា អត់មានជម្រើសណាផ្សេងទេ។ សំណួរអាចសួរថា បើមុន និងក្រោយ រដ្ឋាភិបាលកម្ពុជា នៅតែអនុញ្ញាតឲ្យលោក សម រង្ស៊ី ត្រឡប់មកប្រទេសកម្ពុជា វិញ ? ហេតុអីមិនឲ្យមកឥឡូវ ? ហើយចាំជិតដល់ថ្ងៃបោះឆ្នោត ? ព្រោះខ្ញុំយល់ថា វាជាយុទ្ធសាស្ត្រនយោបាយមួយដែលចង់ហ៊ុមព័ទ្ធគណបក្សសង្គ្រោះជាតិ ហើយឃុំទុកមេដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីវាយបន្ថយកម្លាំងគណបក្សសង្គ្រោះជាតិ នៅមុនពេលបោះឆ្នោតឲ្យថយកម្លាំង គឺមានន័យថា មិនគណបក្សសង្គ្រោះជាតិ ងាប់ទេ ប៉ុន្តែរស់មិនខ្លាំង »។
ទោះបីជាយ៉ាងណា លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បង្ហាញជាសាធារណៈកាលពីថ្ងៃទី២១ ខែតុលា បញ្ជាក់ថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឲ្យប្រើគ្រប់មធ្យោបាយមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកបានទេ។
លិខិតដដែលបង្គាប់ឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការមកកម្ពុជា មិនឲ្យលោក សម រង្ស៊ី ឡើងលើយន្តហោះមកកម្ពុជា ទេ និងត្រូវផ្ដល់របាយការណ៍ទៀងទាត់ក្នុងករណីលោក សម រង្ស៊ី ទិញសំបុត្រមកកម្ពុជា។ ក្នុងករណីលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមយន្តហោះណាមួយ យន្តហោះនោះត្រូវបង្វែរទិសដៅទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យចុះចតឡើយ។
ក្នុងករណីលោក សម រង្ស៊ី នៅតែអាចចុះដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា បាន ក៏មិនត្រូវឲ្យចាកចេញពីយន្តហោះឡើយ និងត្រូវត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ ក្នុងករណីលោក សម រង្ស៊ី ចាកចេញពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការផ្លូវច្បាប់កុំឲ្យចូលកម្ពុជា បាន និងត្រូវចាត់វិធានការផ្សេងៗតាមការចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
