សង្គម​ស៊ីវិល​ស្វាគមន៍​ការ​ជួប​ជជែក​គ្នា​របស់​អ្នក​នយោបាយ​ប៉ុន្តែ​ត្រូវ​បើក​ចំហ​ខ្លឹមសារ

0:00 / 0:00

អ្នក​ដឹក​នាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្វាគមន៍​ការ​ជួប​ជជែក​គ្នា​របស់​អ្នក​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ប៉ុន្តែ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ទាំង​នោះ បើក​ចំហ​ខ្លឹមសារ​ព្រមព្រៀង​គ្នា​ឲ្យ​បាន​ច្រើន​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​ដឹង។

អ្នក​ដឹក​នាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ បន្ត​ជួប​ចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា និង​អបអរ​ចំពោះ​ដំណឹង​ស្ដីពី​ការ​ជួប​ចរចា​គ្នា​មិន​ផ្លូវ​ការ​របស់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ ដែល​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

អ្នកស្រី ធីតា ឃិះ ប្រធាន​អង្គការ​សីលការ (SILAKA) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មេសា ថា ការ​ជួប​គ្នា​ជជែក​គ្នា​ជា​រឿង​ល្អ ប៉ុន្តែ​អ្នកស្រី​សុំ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ដើម្បី​បាន​ដឹង​ថា តើ​អ្នក​នយោបាយ​ជជែក​រឿង​អី និង​ការ​ជជែក​នោះ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ?

អ្នកស្រី ធីតា ឃិះ៖ «ខ្ញុំ​មាន​ចម្ងល់​ច្រើន​ទាក់ទង​ជាមួយ​ការងារ​នោះ។ តើ​ការ​ព្រមព្រៀង​នោះ​វា​អាច​ច្បាស់​លាស់​ដោយ​របៀប​ណា? ពីព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ធ្លាប់​ឃើញ​កលល្បិច​ច្រើន ឬ​ខ្លឹមសារ​មិន​ច្បាស់​លាស់ ហើយ​ដល់​ពេល​យក​ទៅ​អនុវត្ត​ទៅ វា​មាន​បញ្ហា។ បើ​សិន​មាន​ការ​ស្រុះស្រួល​គ្នា​ដោះស្រាយ​បញ្ហា គឺ​សប្បាយ។ តែ​ឥឡូវ​មាន​ការ​អល់អែក​បន្តិច ពីព្រោះ​មិន​ដឹង​ខ្លឹមសារ​គេ​នោះ​វា​យ៉ាង​ម៉េច»

អ្នកស្រី​បន្ថែម​ទៀត​ថា ការ​ជាប់​គាំង​នយោបាយ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ វា​ប៉ះពាល់​ដល់​គ្រប់​សកម្មភាព​នៅ​ក្នុង​សង្គម៖ «បើ​គេ​ដោះស្រាយ​បាន​វា​ជា​រឿង​មួយ​ល្អ​សម្រាប់​យើង​ទាំងអស់​គ្នា។ ឥឡូវ​នេះ​យើង​ឃើញ​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ យើង​មាន​ការ​លំបាក​ច្រើន។ ការ​រាំង​ស្ទះ​នេះ យើង​ឃើញ​មាន​ការ​លំបាក​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ទាំង​សភាពការណ៍​ទូទៅ។ យើង​ជា​សង្គម​ស៊ីវិល ឃើញ​មាន​ការ​លំបាក​ច្រើន​ដែរ ក្នុង​ការ​អនុវត្ត​សកម្មភាព​យើង​ក្នុង​ពេល​ជាប់​គាំង​នេះ»

ចំណែក លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​យោបល់​ថា បើ​មាន​ការ​ជួប​គ្នា វា​នឹង​មាន​ការ​ដោះស្រាយ ប៉ុន្តែ​អ្នក​នយោបាយ​គួរ​និយាយ​ខ្លឹមសារ​ការ​ប្រជុំ​គ្នា​នោះ​ឲ្យ​បាន​ទូលាយ​បន្តិច អំពី​ការ​ព្រមព្រៀង​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​នេះ៖ «ខ្ញុំ​ស្វាគមន៍​ការ​ជួប​ចរចា​គ្នា ពីព្រោះ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ការ​ជួប​ចរចា​គ្នា គឺ​វា​ល្អ។ ប៉ុន្តែ បើ​យើង​បាន​ដឹង​ខ្លឹមសារ​លម្អិត វា​ជា​ការ​ល្អ។ តើ​ការ​កែ​ទម្រង់​បែប​ម៉េច រូបមន្ត​បែប​ម៉េច? នេះ​ជា​រឿង​គន្លឹះ​ដែល​ខ្ញុំ​ចង់​ឃើញ។ រឿង​នេះ​ល្អ ដើម្បី​ដំណើរ​ទៅ​មុខ ចៀសវាង​ការ​ជាប់​គាំង»

លោក អ៊ូ វីរៈ បាន​ចាត់​ទុក​ថា ការ​ជាប់​គាំង​នយោបាយ និង​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​កាន់​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​គេ​ត្រូវ​ចៀសវាង​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​ទំនាស់ ឬ​ការ​ទាស់​ទស្សនៈ​គ្នា។

ចំពោះ លោក សុក សំអឿន ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឈ្មោះ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ជួប​គ្នា​វា​មាន​ប្រយោជន៍​ជាង​ការ​មិន​ជួប​គ្នា បើ​ទោះ​បី​ជា​បាន​លទ្ធផល​ខ្លះ ឬ​មិន​បាន​លទ្ធផល​ខ្លះ​ក៏ដោយ។

រីឯ​អ្នក​វិភាគ​ឯករាជ្យ​លើ​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ការ​ជាប់​គាំង​នយោបាយ វា​កើត​មាន​មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា នោះ​ទេ វា​ជា​ដំណើរ​ធម្មតា​នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​មាន​ប្រទេស​ខ្លះ ការ​ជាប់​គាំង​របៀប​នេះ មាន​រយៈពេល​រហូត​ដល់​ជាង​មួយ​ឆ្នាំ​ឯណោះ៖ «មាន​ការ​ឈោង​ដៃ​ដាក់​គ្នា មិន​មែន​តែ​ម្ខាង​ទេ។ អាច​មាន​ការ​សម្រប​សម្រួល​គ្នា មាន​សម្បទាន​ពី​គណបក្ស​ប្រជាជន ឲ្យ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បើក​ទ្វារ​សម្រប​សម្រួល​តប​ទៅ​វិញ»

កាល​ពី​ថ្ងៃ​ទី​៩ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​មាន​រយៈពេល​ជាង ៤០​នាទី ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំងអស់ ១២៣ នៅ​រដ្ឋសភា។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​លទ្ធផល​នោះ​ទេ ហើយ​មាន​ការ​តវ៉ា និង​មិន​ព្រម​បញ្ជូន​សមាជិក​សភា​ទៅ​ចូល​រួម​ប្រជុំ​សភា​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​សភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​នោះ​ថា ជា​សភា​ឯក​បក្ស និង​រដ្ឋាភិបាល​កើត​ចេញ​ពី​សម័យ​ប្រជុំ​សភា​នោះ ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។