សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ផ្តល់​សារ​មាន​ប្រយោជន៍​នៅ​លើ​បណ្ដាញ​សង្គម

0:00 / 0:00

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក បណ្ដាញ​សង្គម​ដូចជា ហ្វេសប៊ុក (Facebook) ធ្វីតធើ (Twitter) និង​យូធូប (YouTube) ជាដើម បាន​ក្លាយ​ជា​ឧបករណ៍​ក្នុង​ការ​តស៊ូ​មតិ ការពារ​សិទ្ធិ​មនុស្ស តាម​ដាន​កិច្ចការ​មន្ត្រី​សាធារណៈ និង​ជាពិសេស ការ​វាយ​ប្រហារ​សង្គ្រាម​ពាក្យ​សម្ដី​យ៉ាង​ស្រួចស្រាល់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា។ ដោយ​បារម្ភ​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​សារ​នយោបាយ​តាម​បណ្ដាញ​សង្គម អង្គការ​សភា​យុវជន​ខ្មែរ សហការ​ជាមួយ​អង្គការ​ខុមហ្រែ្វល (COMFREL) បង្កើត​ជា​វេទិកា​យុវជន​មួយ​ស្ដីពី "នយោបាយ​សម័យ​បច្ចេកវិទ្យា" នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ជា​មធ្យោបាយ​ទាក់ទង​ជាមួយ​អ្នក​គាំទ្រ បញ្ចេញ​តែ​សារ​នយោបាយ​ណា​ដែល​មាន​លក្ខណៈ​សន្តិភាព និង​ការ​អភិវឌ្ឍ ដោយ​ចៀសវាង​សម្ដី​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ញុះញង់ និង​បំបែក​បំបាក់​សាមគ្គី​ជាតិ។

ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ លោក ឡុង គឹមឃន កត់​សម្គាល់​ថា ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ មាន​លក្ខណៈ​កាន់​តែ​ផុសផុល។ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល មេ​បក្ស​ប្រឆាំង និង​អ្នក​នយោបាយ​ជាច្រើន​ផ្សេង​ទៀត កំពុង​មមាញឹក​ក្នុង​ការ​ទាញ​យក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ។ លោក ឡុង គឹមឃន មើល​ឃើញ​ថា សារ​របស់​អ្នក​នយោបាយ​តាម​រយៈ​បណ្ដាញ​សង្គម​របស់​ពួក​គេ នឹង​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា បណ្ដាញ​ព័ត៌មាន​សង្គម​មាន​ការ​ផ្សាយ​ព័ត៌មាន​ច្រើន ក៏ប៉ុន្តែ​ព័ត៌មាន​ភាគ​ច្រើន គឺ​ខ្វះ​នូវ​ការ​អប់រំ។ យើង​អាច​ទាញ​ចេញ​ជា​រូបមន្ត​មួយ​ថា នៅ​ពេល​ដែល​អ្នក​ស្តាប់ អ្នក​មើល អ្នក​ប្រើ​កាន់​តែ​ច្រើន​ទៅ គឺ​ធ្វើ​ឲ្យ​គាត់​មាន​គំនិត​លម្អៀង មាន​គំនិត​ជ្រុល​និយម។ បើ​ក្នុង​នយោបាយ​ទៀត គាត់​ជឿ​ក្រុម​ម្ខាង ពីព្រោះ​គាត់​ទទួល​បាន​តែ​ព័ត៌មាន ប៉ុន្តែ​គាត់​ខ្វះ​ការ​អប់រំ។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ខ្ញុំ​ជឿ​ថា​វា​គឺ​ជា​រឿង​ចាប់​អារម្មណ៍​ណាស់ ហើយ​ការ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​នយោបាយ​យ៉ាង​ណា​មួយ​ពី​ពេល​នេះ រហូត​ដល់​ការ​បោះ​ឆ្នោត ២០១៧ និង ២០១៨ គឺ​ប្រាកដ​ជា​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ អាច​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​សម្រាប់​ប្រជាជន ហើយ​និង​ប្រទេស​ទាំង​មូល»

ទិន្នន័យ​មូលដ្ឋាន​ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​ថា អតិថិជន​អ៊ីនធឺណិត​ទាំង​ចល័ត និង​អចល័ត​នៅ​កម្ពុជា មាន​ចំនួន​ជាង ៦​លាន​នាក់ (៦.២៥៦.៣៨៨​នាក់)។ លើស​ពី​នេះ ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វីអាសុសល (We Are Social) របស់​សិង្ហបុរី (Singapore) រក​ឃើញ​ថា អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​សកម្ម​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់​ជាង ៣​លាន​នាក់ (៣,៤​លាន​នាក់)។

ដោយសារ​តែ​កំណើន​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន រដ្ឋាភិបាល​កម្ពុជា ហាក់​មាន​ការ​ព្រួយ​បារម្ភ និង​បង្កើត​ជា​វិធានការ​ផ្សេងៗ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។ វិធានការ​ទាំង​នោះ​រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា គម្រោង​ដំឡើង​ឧបករណ៍​តាម​ដាន​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ការ​បង្កើត​ក្រុម​ប្រយុទ្ធ​ប្រឆាំង​បទ​ឧក្រិដ្ឋ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដើម្បី​ឃ្លាំ​មើល​គេហទំព័រ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន។

វិធានការ​ទាំង​ប៉ុន្មាន​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការ​រិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ហើយ​នៅ​ចុង​ឆ្នាំ​២០១៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា។ យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​ថា នឹង​ចាត់​វិធានការ​ទាំង​ផ្លូវ​បច្ចេកទេស និង​ផ្លូវ​ច្បាប់ បើ​សិន​ជា​មាន​ជន​ណា​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម ដោយ​ប្រើ​ពាក្យ​អសុរោះ ប្រមាថ មាក់ងាយ បំផ្លើស និង​វាយ​ប្រហារ​បរិហារ​បង្កាច់​កេរ្តិ៍​ទៅ​លើ​មន្ត្រី​រាជការ​សាធារណៈ។

តាម​រយៈ​ការ​បកស្រាយ​បែប​នេះ អ្នក​នយោបាយ សកម្មជន និង​យុវជន​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពេល​ដែល​ពួក​គេ​បង្ហោះ​ព័ត៌មាន និង​សារ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ពួក​គេ។

ឧទាហរណ៍​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ក្រោយ​ពេល​ដែល​យុវជន​រូប​នេះ​សរសេរ​អំពី​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន។ ករណី​ដោយឡែក​មួយ​ទៀត គឺ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ រួម​ទាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ផង ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​ក្លែង បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ និង​អសន្តិសុខ​សង្គម ក្រោយ​ពេល​ដែល​លោក​បង្ហោះ​សំណៅ​ឯកសារ​មិន​ត្រឹមត្រូវ នៃ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩។

ទាក់ទង​រឿង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា អ្នក​នយោបាយ ពិសេស​រដ្ឋាភិបាល គួរ​តែ​ព្យាយាម​ទាញ​ប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ជា​ជាង​គិត​តែ​ពី​ការ​រឹត​ត្បិត៖ «ពលរដ្ឋ​គាត់​ចំណាយ​លុយ​ខ្លួន​ឯង​ក្នុង​ការ​ទិញ​ទូរស័ព្ទ ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត ដើម្បី​បញ្ចេញ​មតិ ធ្វើ​យ៉ាង​ណា​ឲ្យ​សារ​របស់​គាត់​ទៅ​ដល់​រដ្ឋាភិបាល។ អ៊ីចឹង​រដ្ឋាភិបាល​ប្រទេស​យើង គួរ​តែ​ឲ្យ​តម្លៃ​ទៅ​លើ​ការងារ​នោះ។ ការ​រឹតត្បិត​ណា​មួយ នឹង​បង្ក​លក្ខណៈ​ឲ្យ​លំហ​ហ្នឹង​រឹត​តែ​លំបាក»

ទាំង លោក ឡុង គឹមឃន និង​អ្នកស្រី ចក់ សុភាព សុទ្ធតែ​ចង់​ឃើញ​អ្នក​នយោបាយ​ផ្តល់​ជា​សារ​អប់រំ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ដើម្បី​ចៀសវាង​គំនិត​ជ្រុល​និយម ស្អប់ និង​គុំកួន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្រាន់​តែ​មាន​ទស្សនៈ​នយោបាយ​ផ្សេង​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។