អ្នក​ជំនាញ​បារម្ភ​ថា​ការ​ឃោសនា​បោះឆ្នោត​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​មិន​ស្មើ​ភាព​គ្នា

ដោយ យ៉ង ចាន់តារា
2017.04.23
កន សាវាង្ស សំ គន្ធាមី ២០១៦ ១៤៤០ មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស (ឆ្វេង) និង​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​លើក​ឡើង​ស្រដៀង​គ្នា​ថា ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​កើត​មាន​ឡើង​ជា​ថ្មី​ទៀត​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។ បញ្ហា​នេះ គឺ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មាន​ធនធាន និង​មធ្យោបាយ​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈ​គណបក្ស​ដទៃ​ទៀត​ខ្វះខាត​មធ្យោបាយ​ទាំងនេះ។

ស្រប​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត មើល​ឃើញ​ពី​បញ្ហា​សំខាន់​មួយ ដែល​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​មិន​សេរី និង​មិន​មាន​យុត្តិធម៌​ពេញលេញ។ នោះ​គឺ​ជា​ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​មធ្យោបាយ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ដោយសារ​តែ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធាន និង​មធ្យោបាយ​ផ្សព្វផ្សាយ​ច្រើន​ជាង​គណបក្ស​ដទៃ។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ មេសា ថា ភាព​មិន​ស្មើ​គ្នា​នៃ​ការ​ផ្សព្វផ្សាយ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត និង​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​ទាំង ១១ ផ្សេង​ទៀត ដែល​មិន​មែន​ជា​គណបក្ស​កាន់​អំណាច«ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ខ្លាច គ..ប អត់​មាន​អំណាច​គ្រប់គ្រង។ ជួប​ការ​លំបាក​បែប​ហ្នឹង ហើយ​ផ្នែក​ហិរញ្ញវត្ថុ​គណបក្ស​ក៏​មាន​ការ​លំបាក​ដែរ ព្រោះ​អី​គណបក្ស​ខ្លះ​គាត់​មាន​លុយ​ច្រើន គាត់​អាច​មាន​លទ្ធភាព​ច្រើន»

ចំណែក​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា ការ​ឃោសនា​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍ វិទ្យុ កាសែត និង​គេហទំព័រ នឹង​មិន​អាច​ស្មើ​ភាព​គ្នា​បាន​នោះ​ទេ​រវាង​ម្ខាង​ជា​គណបក្ស​ដែល​មាន​ឥទ្ធិពល និង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​ម្ខាង​ទៀត ដែល​ខ្វះខាត​ធនធាន ឬ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន​ឯង។ លោក​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ទាំងនោះ បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ស្វែងរក​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​បន្ថែម ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​ផ្តល់​ឲ្យ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត«អាច​វា​អត់​ស្មើ​ភាព​ខ្លះ​ដែរ ប៉ុន្តែ​ថា​តើ គ..ប ចេញ​គោលការណ៍​បែប​ណា​ឲ្យ​ច្បាស់លាស់? តើ​ព័ត៌មាន​ហ្នឹង​ជា​កម្មវិធី​លក់ ឬ​មួយ​ឲ្យ​ស្មើ​ភាព​គ្នា​ទាំង​ការ​ផ្សាយ​ព័ត៌មាន​សង្គម​ក្នុង​ស្រុក​ដែរ​ឬ​ទេ? វា​មាន​ភាព​ខុស​គ្នា​អ៊ីចឹង។ ចំពោះ​គណបក្ស​នយោបាយ​ដែល​អត់​មាន​វិទ្យុ ឬ​ទូរទស្សន៍​ខ្លួន​ឯង នោះ​ជា​ការ​ពិត​ហើយ​ដែល​ថា​អត់​ស្មើ​ភាព​គ្នា​ត្រង់​ហ្នឹង»

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ស្នើ​ឲ្យ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​ទូរទស្សន៍ និង​វិទ្យុ ដែល​ចង់​លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ចំនួន​ម៉ោង​មាន​សម្រាប់​លក់ ឬ​ជួល​ក្នុង​រយៈពេល ១​ថ្ងៃ ឬ ១៤​ថ្ងៃ នៃ​ការ​ឃោសនា​បោះឆ្នោត។ ការ​លក់ ឬ​ជួល​នេះ មាន​រយៈពេល​ពីរ​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា ពោល​គឺ​រយៈពេល ២​សប្ដាហ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា បញ្ជាក់​បន្ថែម​ថា គ..ប ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ផ្តល់​ពេលវេលា ៧​នាទី​កន្លះ​ដល់​គណបក្ស​នយោបាយ​នីមួយៗ​ក្នុង​ការ​ថ្លែង​សារ​នយោបាយ​របស់​ខ្លួន ហើយ​សារ​នយោបាយ​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ។ ដោយឡែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​វិញ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ..ប មិន​អាច​ធ្វើ​អ្វី​ដែល​រំលោភ​លើ​សិទ្ធិ​អាជីវកម្ម​របស់​ពួក​គេ​ដែរ តែ គ..ប ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនោះ​ផ្សព្វផ្សាយ​ពី​ចំនួន​ម៉ោង និង​តម្លៃ​ជួល ហើយ​កិច្ចការ​នេះ​ត្រូវ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព«បើ​សិន​ជា គ..ប ពិនិត្យ​ឃើញ​ថា ទូរទស្សន៍ ឬ​វិទ្យុ​ណា​មាន​ការ​រើសអើង​មិន​ទទួល​ការ​ផ្សាយ​របស់​គណបក្ស​ណា​មួយ ឬ​ក៏​ដាក់​តម្លៃ​ខុស​ចំពោះ​គណបក្ស​ណា​មួយ ការ​ផ្សាយ​មិន​នៅ​ក្នុង​អំឡុង​ម៉ោង​ដែល​ខ្លួន​ប្រកាស​ជា​សាធារណៈ​មុន ១៥​ថ្ងៃ​នោះ​ទេ ទាំងនោះ​ហើយ​ជា​កំហុស។ កំហុស​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​តាម​របៀប​ទី​១ ធ្វើ​លិខិត​ជម្រាប​ជូន។ ជំហាន​ទី​២ ធ្វើ​លិខិត​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ។ ជំហាន​ទី​៣ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ផ្អាក​ការ​ផ្សាយ​នោះ​តែ​ម្តង»

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ស្រាវជ្រាវ និង​រក​ឃើញ​ថា ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​នៅ​កម្ពុជា គឺ​ជា​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល ដែល​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច។ អ្នក​ជំនាញ​វាយ​តម្លៃ​ថា នេះ​មិន​មែន​ជា​រឿង​ល្អ​ឡើយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

ទាក់ទង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា វិទ្យុ ទូរទស្សន៍ ឬ​កាសែត​ដោយ​ខ្លួន​ឯង​នោះ​ទេ ក៏ប៉ុន្តែ​ម្ចាស់​ស្ថានីយ​មួយ​ចំនួន គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​នេះ ដូច្នេះ​រាល់​ការ​ផ្សព្វផ្សាយ​ទាំងឡាយ គឺ​ជា​សមានចិត្ត​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ«ប្រធាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន គាំទ្រ​គណបក្ស​ប្រជាជន ព្រោះ​គាត់​ជា​សមាជិក។ អ៊ីចឹង​ត្រង់​ថា​គាត់​ផ្សាយ ឬ​មិន​ផ្សាយ​យ៉ាង​ណា ជា​រឿង​គាត់។ គាត់​ក៏​ត្រូវ​គោរព​ច្បាប់ និង​នីតិវិធី បទបញ្ជា​ដែល​ចេញ​ដោយ គ..ប។ គាត់​មិន​ចេះ​តែ​អាង​ថា គាត់​ជា​សមាជិក​គណបក្ស​ប្រជាជន គាត់​ចេះ​តែ​ផ្សាយ​ឲ្យ​ដោយ​ខុស​គោលការណ៍ និង​នីតិវិធី​របស់ គ..ប ទេ»

ទោះ​បី​ជា​មាន​ការ​បកស្រាយ​បែប​នេះ​ក្តី ក៏ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត នៅ​តែ​យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​មាន​ប្រៀប​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​គណបក្ស​ដទៃ ហើយ​បើ​ទោះ​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​អះអាង​ថា មិន​មាន​គោលការណ៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រណប​ខ្លួន ត្រូវ​តែ​ឃោសនា​ឲ្យ​ខ្លួន​ក៏ដោយ ក៏​ខ្លឹមសារ​ព័ត៌មាន​របស់​ស្ថាប័ន​ទាំងនោះ​មាន​រួច​ជា​ស្រេច​នូវ​ខ្លឹមសារ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជា​ស្តង់ដារ​អន្តរជាតិ​មួយ​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ គឺ​ថា​អ្នក​សារព័ត៌មាន ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រាយការណ៍​ដោយ​សេរី និង​ដោយ​បើក​ចំហ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការ​បោះឆ្នោត ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​តែ​មាន​យុត្តិធម៌ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​គ្រប់​បេក្ខជន និង​ក្រុម​នយោបាយ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។