សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ចង់​ឃើញ​លោក ហ៊ុន សែន ដក​រដ្ឋមន្ត្រី​ពីរ​រូប​ដែល​អសកម្ម

0:00 / 0:00

ក្នុង​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី និង​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចង់​ឃើញ លោក ហ៊ុន សែន ដក​រដ្ឋមន្ត្រី​អសកម្ម ២​រូប​ទៀត​ចេញ​ពី​តំណែង គឺ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​យុត្តិធម៌។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ថា ប្រសិន​បើ​ពលរដ្ឋ​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ផ្សេង​ទៀត ពួក​គេ​អាច​ស្នើ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់ លោក ហ៊ុន សែន តែ​ម្តង។

រដ្ឋមន្ត្រី​ពីរ​រូប គឺ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។ រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ គឺ​ជា​មុខ​សញ្ញា​ដែល​ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចង់​ឃើញ លោក ហ៊ុន សែន មាន​ចំណាត់​ការ​បន្ត ឬ​បញ្ចប់​មុខងារ​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ​តែ​ម្តង។

លោក យឹម សុវណ្ណថ្លែង​ថាយើង​អត់​ឃើញ​អី​មាន​ការ​ប្រែប្រួល​ទេ។ យើង​ឃើញ​ហើយ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​កើត​ឡើង ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​ត្រូវ​កែប្រែ សុខាភិបាល​ក៏​ចឹង​ដែរ អត់​មាន​គុណភាព​ទេ ទន់​ខ្សោយ​យឺតយ៉ាវ។

ពួក​គេ​ថា ការ​បំពេញ​ការងារ​មិន​បាន​ល្អ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​សង្គម ភាព​អយុត្តិធម៌ និង​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ជាដើម។ ចំណែក​រឿង​សុខាភិបាល គឺ​គ្រូពេទ្យ​ខ្លះ​ខ្វះ​ក្រម​សីលធម៌ ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ការងារ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ​ខ្មែរ ហើយ​ត្រូវ​បង្ខំ​ចិត្ត​រត់​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស ខណៈ​ដែល​ពលរដ្ឋ​ក្រីក្រ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា ពេល​ខ្លះ​ប្រឈម​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​របស់​គ្រូពេទ្យ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន អាច​កាត់​ផ្តាច់​ឫសគល់​គ្រួសារ​និយម​នៅ​ក្នុង​ក្រសួង​ខ្លះ និង​ជា​សារ​ព្រមាន​ទៅ​រដ្ឋមន្ត្រី ឲ្យ​សកម្ម​នឹង​ការងារ​របស់​ខ្លួន និង​ជា​ដំណើរ​ការ​វិវឌ្ឍន៍​ឆ្ពោះ​ទៅ​ការ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់ លោក ហ៊ុន សែន។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ក្នុង​កិច្ច​ពិភាក្សា​បន្ថែម​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។
សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ ក្នុង​កិច្ច​ពិភាក្សា​បន្ថែម​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦។

ទាក់ទង​នឹង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ថា ប្រសិន​បើ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ​ហើយ ប្រមុខ​រដ្ឋាភិបាល​គួរ​ពិចារណា​លើ​កង្វល់​របស់​ពលរដ្ឋ។ បើ​មិន​ដូច្នេះ​ទេ នៅ​ពេល​បោះឆ្នោត ពលរដ្ឋ​នឹង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ទាំង​មូល​តែ​ម្តង៖ « យើង​មិន​អាច​បង្គាប់​បញ្ជា​ថា​យ៉ាង​ណា ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​សារ​ដែល​ពលរដ្ឋ​បាន​ផ្ញើ​ហ្នឹង ប្រសិន​បើ​គាត់ ( រដ្ឋមន្ត្រី ) ការ​ផ្លាស់ប្ដូរ ហើយ​ការ​ផ្លាស់ប្ដូរ មហាជន​អាច​ទទួល​យក​បាន ទុក​ឱកាស​ឲ្យ​មនុស្ស​កែប្រែ ប៉ុន្តែ​គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ ប្រជាពលរដ្ឋ​គាត់​នឹង​ផ្លាស់ប្ដូរ​នៅ​ពេល​បោះឆ្នោត ៥​ឆ្នាំ​ម្តង »

រដ្ឋសភា សម្រេច​បោះឆ្នោត​ផ្លាស់ប្ដូរ​សមាសភាព​រដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋាភិបាល​ដូច​ការ​គ្រោង​ទុក​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នោះ​ថា ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ។

ក្នុង​ការ​ផ្លាស់ប្ដូរ​នោះ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ចំនួន ៧​ក្រសួង មាន​តែ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ត្រូវ​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី។ ចំណែក​រដ្ឋមន្ត្រី និង​មន្ត្រី​ផ្សេង​ទៀត គឺ​គ្រាន់​តែ​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ប៉ុណ្ណោះ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​ជា​នាយក​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា លោក ហ៊ុន សែន មិន​អាច​ផ្លាស់ប្ដូរ ឬ​ដក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​បានទេ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ​យល់​ថា លោក ហ៊ុន សែន គួរ​ដក លោក ម៉ម ប៊ុនហេង និង​លោក អង្គ វង្សវឌ្ឍានា ចេញ ហើយ​ក៏​គួរ​ធ្វើ​កំណែ​ទម្រង់​ក្រសួង​ការពារ​ជាតិ ផង​ដែរ៖ « លោក ហ៊ុន សែន គាត់​ត្រូវ​ចិត្ត​សឿង​ជាង​ហ្នឹង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។ តាម​ពិត ក្នុង​រឿង​ក្រសួង​សុខាភិបាល ធ្វើ​ឲ្យ​ពលរដ្ឋ​ឈឺ​ចាប់​មែន​ទែន​ទាក់ទង​រឿង​ការពារ​ជាតិ នាយក​រដ្ឋមន្ត្រី​ត្រូវ​កំណែ​ទម្រង់​ទាហាន និង​ប៉េអិម​ធ្វើ​ការងារ​ជាន់​គ្នា »

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​លុយ​រដ្ឋ តាម​រយៈ​ការ​ក្លែង​បន្លំ​តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ​ជា​រៀង​រាល់​ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​រង​ការ​ចោទ​ប្រកាន់​ពី​ម្ចាស់​ជំនួយ​បរទេស​ឈ្មោះ​ថា មូលនិធិ​សកល (Global Fund)។ មូលនិធិ​នេះ បាន​រក​ឃើញ​ថា មាន​ស្ថាប័ន​ចំនួន​ពីរ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​លួច​បន្លំ​កិបកេង​ប្រាក់​ជំនួយ​រាប់​លាន​ដុល្លារ​អាមេរិក។

ចំណែក​វិស័យ​សុខាភិបាល​សព្វថ្ងៃ​នេះ ក៏​កំពុង​រង​ការ​រិះគន់។ ថ្មីៗ​នេះ មាន​វេជ្ជបណ្ឌិត​ម្នាក់ គឺ​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​រិះគន់​គ្រូពេទ្យ​កម្ពុជា ថា ក្នុង​ចំណោម​គ្រូពេទ្យ ១០​នាក់ មាន ៩​នាក់​ជា​ពេទ្យ​គ្មាន​វិជ្ជាជីវៈ គ្មាន​ភាព​ទន់ភ្លន់ និង​គ្មាន​មេត្តា​ធម៌។

ជាក់ស្តែង ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ នៅ​ពេល​មាន​បញ្ហា​សុខភាព ពួក​គេ​តែង​ចេញ​ទៅ​ស្វែងរក​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ឬ​ប្រទេស​ជិត​ខាង​ដូចជា​វៀតណាម ឬ​ថៃ ជាដើម។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ដែល​តែង​តែ​ចេញ​មុខ​ការពារ​វិស័យ​សុខាភិបាល​កម្ពុជា នោះ ក៏​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ក្រៅ​តែ​រង​ការ​រិះគន់​ថា​ស្ពឹក​ស្រពន់​ក្នុង​ការងារ​យុត្តិធម៌ ពេល​នេះ​លោក​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​មួយ នោះ​គឺ​លោក​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​មួយ​ក្រុម បង្ហាញ​ឯកសារ​លាត​ត្រដាង​ថា លោក​មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​បរទេស​ដោយ​អាថ៌កំបាំង។ ឯកសារ​សម្ងាត់​ជាង ១១​លាន​ច្បាប់ ដែល​លេច​ធ្លាយ​ចេញ​ពី​ក្រុមហ៊ុន​មេធាវី​ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះ ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca) នៅ​ប្រទេស​ប៉ាណាមា (Panama) រក​ឃើញ​ថា លោក អង្គ វង្សវឌ្ឍានា មាន​ភាគហ៊ុន​ចំនួន ៥.០០០​ដុល្លារ​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) ដែល​ក្រុមហ៊ុន​នេះ​មាន​មូលដ្ឋាន​នៅ ប្រ៊ីដធីស វឺជិន អាយឡេន (British Virgin Islands) ប៉ុន្តែ លោក អង្គ វង្សវឌ្ឍានា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA/Morm Moniroth)

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចង់​ឃើញ លោក ហ៊ុន សែន កែប្រែ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ឲ្យ​មាន​ក្បាល​តូច​ជាង​ខ្លួន ដោយ​កាត់​បន្ថយ​ចំនួន​ក្រសួង ចំនួន​មន្ត្រី​ជា​ក្បាល​ម៉ាស៊ីន​នៅ​តាម​ក្រសួង​ស្ថាប័ន មិន​មែន​ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​បន្ថែម​នោះ​ទេ។ លោក យឹម សុវណ្ណ ទាមទារ​ឲ្យ លោក ហ៊ុន សែន កែ​ទម្រង់​ជា​ចាំបាច់​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌៖ « យើង​អត់​ឃើញ​អី​មាន​ការ​ប្រែប្រួល​ទេ។ យើង​ឃើញ​ហើយ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​កើត​ឡើង ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​ត្រូវ​កែប្រែ សុខាភិបាល​ក៏​ចឹង​ដែរ អត់​មាន​គុណភាព​ទេ ទន់​ខ្សោយ​យឺតយ៉ាវ »

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ដែល​ចង់​ឃើញ លោក ហ៊ុន សែន ដក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ក្រសួង​យុត្តិធម៌ ចេញ​នោះ​ទេ ដោយ​លោក​ថា នេះ​ជា​បុព្វសិទ្ធិ​របស់ លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន ណែនាំ​ឲ្យ​អ្នក​ទាំង​នោះ​ស្នើ​ទៅ​កាន់ លោក ហ៊ុន សែន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​តែ​ម្តង​ទៅ៖ « សម្ដេច​លោក​បាន​ផ្តល់​ឱកាស​ក្នុង​ការ​ផ្តល់​ដំណឹង​ជូន​លោក គាត់​អាច​ផ្តល់​រយៈ​ហ្វេសប៊ុក​បាន អាច​សរសេរ​ពី​បំណង លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ពិចារណា។ ខ្ញុំ​យល់​ថា នៅ​កែ​ទម្រង់​ថែម​ទៀត ប៉ុន្តែ​ពេល​ណា​ខ្ញុំ​អត់​ដឹង​ទេ »

ថ្លែង​ក្នុង​ពេល​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា លោក ហ៊ុន សែន នៅ​តែ​ថ្លែង​ការពារ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក​ថា ជា​កំណែ​ទម្រង់​ដើម្បី​ប្រសិទ្ធភាព។ លោក ហ៊ុន សែន បាន​ហៅ​អ្នក​វិភាគ​ដែល​រិះគន់​ការ​រុះរើ​របស់​លោក​ថា ជា​អ្នក​និយាយ មិន​មែន​ជា​អ្នក​វិភាគ​អ្វី​ទេ៖ « នៅ​ស្រុក​ខ្មែរ ខ្ញុំ​អត់​ប្រើ​ពាក្យ​អ្នក​វិភាគ​ទៀត​ទេ គឺ​អ្នក​និយាយ អ្នក​ទាំង​នោះ​ថា​ដោះ​ដូរ ឬ​មិន​ដោះ​ដូរ គឺ​មិន​សំខាន់​ទេ ព្រោះ​អំណាច​ប្រមូល​ផ្តុំ​លើ​មនុស្ស​តែ​ម្នាក់ ដែល​គេ​សំដៅ​មក​ខ្ញុំ តែ​ខ្ញុំ​អាច​ប្រាប់​ទៅ​អស់​លោក ខ្ញុំ​មិន​ដែល​ទៅ​បំពាន​កិច្ចការ​រដ្ឋមន្ត្រី​ទេ »

ទោះ​យ៉ាង​នេះ​ក្តី អ្នក​វិភាគ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល នៅ​តែ​បន្ត​ហៅ​កំណែ​ទម្រង់​នេះ​ថា គ្រាន់​តែ​ជា​ការ​ប្ដូរ​កន្លែង​ការងារ​មន្ត្រី​របស់​លោក និង​ជា​រូបភាព​នយោបាយ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។