សង្គម​ស៊ីវិល​​ចំនួន​៦០​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី

ដោយ ទីន ហ្សាការីយ៉ា
2015.03.09
អ៊ឺរ៉ា ៦២០ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត ប្រជុំ​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី នៅ​រសៀល​ថ្ងៃ​ទី៩ មីនា ២០១៥។
RFA/Tin Zakariya

តំណាង​អង្គការ​សង្គម​ស៊ីវិល ចំនួន​ ៦០​ស្ថាប័ន មិន​គាំទ្រ​ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា នេះ​ទេ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ រួមមាន​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ហៅថា អ៊ឺរ៉ា (ERA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្ដាញ​ស្ត្រី​និង​យេនឌ័រ និង​អង្គការ​ជាច្រើន​ទៀត បាន​ធ្វើ​សន្និសីទកាសែត​រួមគ្នា​ភ្លាមៗ បន្ទាប់ពី​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សន្និសីទកាសែត​ចប់​នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ដែល​ធ្វើការ​តាមដាន​ពី​សកម្មភាព​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សេចក្ដីព្រាងច្បាប់​​​កន្លង​មក​នេះ បាន​លើក​ពី​ហេតុផល​ថា ពួកគាត់​មិន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដោយ​សារ​តែ​សិក្ខាសាលា​នេះ​មិនបាន​ផ្ដល់​របៀបវារៈ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាមុន។ ម្យ៉ាងទៀត​ឯកសារ​សម្រាប់​ពិគ្រោះ​យោបល់ គណបក្ស​ទាំងពីរ​បញ្ជូន​ឲ្យ​កៀក​ពេល​ពេក។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុកថា សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​តែ​ផលប្រយោជន៍​គណបក្ស​ទាំងពីរ​ប៉ុណ្ណោះ មិនមែន​ដើម្បី​សាធារណជន​ទូទៅ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ក្រុមការងារ​គណបក្ស​ទាំងពីរ យក​សេចក្ដីព្រាងច្បាប់​នេះ​ដាក់​ពិគ្រោះ​យោបល់​ជាមុន​សិន មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត និង​សុំ​ឲ្យ​ទទួលយក​រាល់​អនុសាសន៍​ទាំងឡាយ​របស់​សង្គម​ស៊ីវិល និង​ត្រូវ​ដកចេញ​មាត្រា​៨៤ និយាយ​ពី​ការគាបសង្កត់​អង្គការ​សង្គម​ស៊ីវិល និង​ត្រូវ​ធានា​ឲ្យ​មាន​ការ​គោរព​រដ្ឋធម្មនុញ្ញ និង​មាត្រា ​១៥ ​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ចែង​ពី​ឯករាជភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ តុលាការ យោធា មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ។ល។

ទោះបីជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​សិក្ខាសាលា​សិក្សា​ស្វែងយល់​ពី​ច្បាប់​ទាំងពីរ​នេះ ក្រុមការងារ​គណបក្ស​ទាំងពីរ​អះអាង​ថា សេចក្ដីព្រាងច្បាប់​នេះ​ល្អ​ជាង​ច្បាប់​ចាស់​ដែល​ធានា​នូវ​ឯករាជ្យ​របស់​ស្ថាប័ន ​គ..ប និង​ជៀសវាង​ការ​ជាប់​គាំង​នៅ​ក្រោយ​ពេល​ការបោះឆ្នោត។

សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធិ មាន​ប្រសាសន៍ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​បាន​ខិតខំ​ធ្វើ​ច្បាប់​ទាំងពីរ​នេះ​ក្នុង​គោលដៅ​ធានា​ឲ្យ​ស្ថាប័ន គ..ប ​ថ្មី​ក្លាយទៅជា​ស្ថាប័ន​ឯករាជ្យ​ពិតប្រាកដ។

នៅ​ក្នុង​សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ជិត​ ៥០០​នាក់ ក្នុង​នោះ​មាន​សមាជិក​រដ្ឋសភា តំណាង​រដ្ឋាភិបាល សិស្ស​និស្សិត អង្គទូត​មួយ​ចំនួន តំណាង​របស់​សហភាព​អឺរ៉ុប (EU) និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។

នៅ​ក្នុង​សិក្ខាសាលា​នេះ ទោះបីជា​មិនបាន​បើក​ឲ្យ​សួរ​ដោយ​សេរី​ក្ដី ក៏ប៉ុន្តែ​មាន​សំនួរ​ជាង ​៩០​សំណួរ ក្នុង​នោះ​សំណួរ​​ឡើង​សួរ​ផ្ទាល់​ជាង ​២០​សំណួរ និង ៧០​សំណួរ​ទៀត​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​។

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំងពីរ​នឹង​លើក​យក​សំណួរ និង​មតិយោបល់ ឬ​អនុសាសន៍​របស់​អ្នកចូលរួម​ទៅ​ពិចារណា​មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។