ពលរដ្ឋចំនួន ១ពាន់នាក់ មកពីបណ្ដាសហគមន៍ផ្សេងៗនៅទូទាំង ២៤រាជធានីខេត្ត គ្រោងនឹងចូលរួមក្នុងសមាជប្រជាជន ក្នុងបំណងក្រើនរំលឹកឲ្យគណបក្សនយោបាយទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភាអាណត្តិទី៥ នេះ យកកង្វល់របស់ប្រជាពលរដ្ឋជាធំ ដើម្បីដោះស្រាយបញ្ហាជាប់គាំងខាងនយោបាយ។
បណ្ដាញពហុវិស័យបញ្ជាក់ថា ការធ្វើសមាជប្រជាជនកម្ពុជា គឺជាការចូលរួមធ្វើឲ្យមានសន្តិភាព ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឯករាជ្យ នីតិរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញពិតប្រាកដនៅកម្ពុជា។
តាមគម្រោង សមាជប្រជាជនកម្ពុជា មានគោលបំណង ៣សំខាន់ រួមមានទី១ ការពិភាក្សា និងស្វែងយល់ពីលទ្ធិប្រជាធិបតេយ្យ ទី២ ការទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទី៣ ការលើកឡើងអំពីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ និងជះឥទ្ធិពលពីការអភិវឌ្ឍជាអវិជ្ជមាន។
សមាជប្រជាជនកម្ពុជា រំពឹងថា មានអ្នកចូលរួម ១ពាន់នាក់ មកពីរាជធានីខេត្តទាំង២៤ នឹងធ្វើការជជែកជាក្រុមតូចៗនៅពេលព្រឹក ដែលមានប្រធានបទចំនួន៧សំខាន់ ដែលភាគច្រើនទាក់ទងនឹងច្បាប់រដ្ឋធម្មនុញ្ញ រួមមានភាពឯករាជ្យនៃប្រព័ន្ធតុលាការ ស្ថាប័ននីតិប្រតិបត្តិ ឬតួនាទីរបស់រដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ឬតួនាទីរដ្ឋសភា និងព្រឹទ្ធសភា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងតួនាទីរបស់ព្រះមហាក្សត្រ តួនាទីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចុងក្រោយ បញ្ហាស្ត្រីក្នុងវិស័យនយោបាយ។ នៅពេលរសៀល នឹងមានការធ្វើសមាជជាសាធារណៈ ឲ្យអ្នកចូលរួមសម្ដែងនូវកង្វល់ដែលបានជួបប្រទះ។
សមាជិកក្រុមស្នូលនៃបណ្ដាញពហុវិស័យ កញ្ញា ច្រឹក សុភា ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១៧ ខែតុលា ថា បណ្ដាញពហុវិស័យចង់ឲ្យតំណាងគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មកចូលរួមក្នុងសមាជនោះ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពររបស់ពលរដ្ឋ ហើយយកទៅអនុវត្តក្នុងន័យយកមតិ និងប្រយោជន៍ពលរដ្ឋជាធំ។
កញ្ញាបញ្ជាក់ថា បណ្ដាញពហុវិស័យបានដាក់លិខិតអញ្ជើញតំណាងគណបក្សនយោបាយទាំងពីរ ឲ្យចូលរួមរួចហើយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅមិនទាន់ឆ្លើយតបសំណើដែលសុំឲ្យមកចូលរួមសមាជនោះនៅឡើយទេ។ ប្រសិនបើភាគីគណបក្សនយោបាយណាមួយមិនចូលរួមនោះ តាមគម្រោង ក្រុមបណ្ដាញពហុវិស័យ នឹងហែក្បួនយកលទ្ធផលនៃកង្វល់របស់ពលរដ្ឋទៅដល់ស្នាក់ការគណបក្សនោះតែម្តង។
សមាជប្រជាជនកម្ពុជា ដែលរៀបចំឡើងដោយក្រុមបណ្ដាញពហុវិស័យ ធ្វើឡើង ២ថ្ងៃមុននឹងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ខាងមុខ។
ទាក់ទិននឹងគម្រោងធ្វើសមាជប្រជាជនកម្ពុជា នេះ សាលារាជធានីភ្នំពេញ បានបដិសេធមិនឲ្យធ្វើនោះឡើយ ដោយសំអាងថា ចំនួនអ្នកចូលរួមដល់ ១ពាន់នាក់ គឺលើសពីការសម្រេចរបស់សាលាក្រុង ហើយជំរុញឲ្យទៅសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ វិញ។
យ៉ាងណា ក្រុមបណ្ដាញពហុវិស័យនៅតែប្រកាន់ជំហរធ្វើសមាជប្រជាជនដែលស្របតាមច្បាប់រដ្ឋធម្មនុញ្ញ បើទោះបីជាគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ ក៏ដោយ។
បណ្ដាញនេសាទបឹងទន្លេសាប ដែលជាផ្នែកមួយនៃក្រុមបណ្ដាញពហុវិស័យ លោក ស៊ឹម សុបញ្ញា មានប្រសាសន៍ថា ប្រសិនបើមានការបង្ក្រាប ឬទប់ស្កាត់ណាមួយពីអាជ្ញាធររារាំងមិនឲ្យធ្វើសមាជ ឬដង្ហែក្បួនទេនោះ គឺមានន័យថា រដ្ឋាភិបាលកំពុងរំលោភច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ព្រោះក្នុងច្បាប់នេះមានចែងយ៉ាងច្បាស់ពីសិទ្ធិពលរដ្ឋក្នុងការសម្ដែងមតិ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានគាំទ្រចំពោះការធ្វើសមាជនោះ។ បញ្ហាជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោតកំពុងក្លាយជាកង្វល់មួយដែលទាមទារឲ្យគណបក្សនយោបាយទាំងពីរងាកមកស្តាប់ និងយកយុទ្ធសាស្ត្រដោះស្រាយបញ្ហាដែលរកឃើញដោយក្រុមបញ្ញវន្ត។
យ៉ាងណានៅកម្ពុជា មិនទាន់មានក្រុមបញ្ញវន្តសម្រាប់ពិភាក្សាចំពោះសេណារីយោដោះស្រាយពីផលវិជ្ជមាន អវិជ្ជមាន ផលចំណេញប្រទេសជាតិ ហានិភ័យនានា និងជម្រើសល្អៗសម្រាប់អ្នកនយោបាយនៅឡើយទេ។
បញ្ហាជាប់គាំងនយោបាយកំពុងធ្វើឲ្យទំនិញនៅលើទីផ្សារឡើងថ្លៃ។ ជំហរមិនច្បាស់លាស់របស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការគាំទ្ររដ្ឋាភិបាល គឺជាឧបសគ្គធំសម្រាប់អ្នកវិនិយោគត្រឹមត្រូវមកដាក់ការវិនិយោគនៅកម្ពុជា។ យន្តការរបស់រដ្ឋាភិបាលមួយចំនួន ដែលពឹងផ្អែកទៅលើជំនួយ អាចនឹងបាត់បង់ ប្រសិនបើរដ្ឋាភិបាលឯកបក្សនៅតែបន្ត រហូតមានការបែងចែកអាសនៈសភារបស់គណបក្សប្រឆាំងទៀតនោះ វារឹតតែធ្វើឲ្យកម្ពុជា ជួបហានិភ័យខ្លាំងឡើង ពិសេស គឺការនាំចេញនូវវិស័យឧស្សាហកម្មទៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
