តើ​សារាចរ​ណែនាំ​របស់​ប្រធាន​រដ្ឋសភា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឬ​ទេ?

0:00 / 0:00

ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចេញ​សារាចរ​ណែនាំ​មួយ ស្ដីពី​បែបបទ​ការងារ​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា។ សារាចរ​ណែនាំ​នោះ បង្គាប់​ឲ្យ​គណៈកម្មការ​ជំនាញ ហាម​មិន​ឲ្យ​អ្នក​កាសែត និង​សង្គម​ស៊ីវិល ចូលរួម​សង្កេតការណ៍​ពី​ដំណើរ​ការ​សួរ​ដេញដោល​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​រដ្ឋាភិបាល​ថែម​ទៀត។

តើ​សារាចរ​នេះ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឬ​ទេ?

មួយ​សប្ដាហ៍​ទៅ​ហើយ ដែល​ប្រធាន​រដ្ឋសភា​ចេញ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ជា​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​ខ្លួន។ សារាចរ​ណែនាំ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា និង​មាន​ស្នាម​កោស​លប់​នៅ​ត្រង់​កាល​បរិច្ឆេទ​ផង​នោះ មាន​វិសាលភាព​គ្រប់គ្រង​លើ​សកម្មភាព​សំខាន់ៗ​ទាំង​បួន​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា រួម​មាន ការ​ប្រជុំ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់ ការ​ប្រជុំ​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​អនុវត្ត​ច្បាប់ ការ​ប្រជុំ​ផ្សេងៗ​របស់​គណៈកម្មការ ការ​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​បរិវេណ​សភា។

សារាចរ​ណែនាំ​នេះ ក៏​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ជំនាញ ធ្វើ​អ្វីៗ​ក៏ដោយ​ក្នុង​រដ្ឋសភា ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា​សិន និង​ហាម​ដាច់​ខាត មិន​ត្រូវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នក​កាសែត​អាច​ចូលរួម​សង្កេត​ក្នុង​ពេល​ដែល​គណៈកម្មការ​ជំនាញ កោះ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​សួរ​នាំ​ក្នុង​បញ្ហា​ភាព​មិន​ប្រក្រតី​ណា​មួយ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ថា សារាចរ​ណែនាំ​នេះ​ជា​ការ​ប៉ុនប៉ង​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ប្រមូល​អំណាច​ក្តាប់​ក្នុង​ដៃ និង​រុញ​ច្រាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និយាយ​បណ្ដើរ​សើច​បណ្ដើរ​ថា វា​ជា​រឿង​មួយ​ដែល​មិន​គួរ​ណា​កើត​ឡើង​ទាល់​តែ​សោះ។ លោក​បន្ត​ថា តាំង​ពី​កម្ពុជា កាន់​លទ្ធិប្រជាធិបតេយ្យ​ជាង ២០​ឆ្នាំ​មក​នេះ មិន​ធ្លាប់​ឃើញ​សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​ប្រធាន​រដ្ឋសភា​នោះ​ទេ ព្រោះ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ មិន​មាន​មាត្រា​ណា​មួយ​ចែង​ថា ប្រធាន​រដ្ឋសភា​មាន​សិទ្ធិ​គ្រប់គ្រង​រដ្ឋបាល​លើ​គណៈកម្មការ​ជំនាញ​បែប​នេះ​សោះ។ លោក​បន្ត​ថា អង្គការ​ខុមហ្វ្រែល អាច​នឹង​បើក​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច ដើម្បី​ប្រឆាំង​នឹង​សារាចរ​ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​បែប​នេះ៖ «គេ​មើល​តែ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា​ទេ ចឹង​កិច្ចការ​គណៈកម្មការ​មួយៗ​គេ​មាន​សិទ្ធិ​អំណាច គេ​អាច​ជជែក​ជាមួយ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ហ្នឹង​ទៅ មិន​មែន​តួនាទី​របស់​ប្រធាន​រដ្ឋសភា​ហ្នឹង​ណា»

សារាចរ​ណែនាំ​របស់ លោក ហេង សំរិន ចេញ​មក​ដំណាល​គ្នា​នឹង​សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដឹក​នាំ​ដោយ​សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​នានា​ឲ្យ​មក​បំភ្លឺ​ក្នុង​រដ្ឋសភា។ ក្នុង​ខែ​កញ្ញា នេះ មាន​រដ្ឋមន្ត្រី​ពីរ​រូប​ទៅ​ហើយ ដែល​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា។ ទី​១ គឺ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដែល​អង្គការ​មូលនិធិ​ពិភពលោក កាល​ពី​ឆ្នាំ​មុន​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​នេះ ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ អ្នក​ទី​២ គឺ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ជុំវិញ​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​អប់រំ និង​យុទ្ធនាការ​រឹត​បន្តឹង​វិន័យ​ពេល​ប្រឡង​បាក់​ឌុប។ ប៉ុន្តែ វេទិកា​សួរ​ឆ្លើយ​នេះ មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ស្តាប់​ឡើយ តែ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចាំ​សួរ​នៅ​ក្រៅ​មាត់​ទ្វារ​បាន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ ចាត់​ទុក​ថា សារាចរ​ណែនាំ​នេះ ហាក់​បី​ដូច​ជា​ការ​រុញ​រទេះ​ឲ្យ​ដើរ​មុន​គោ។ លោក​បញ្ជាក់​ថា អ្នក​កាសែត និង​សង្គម​ស៊ីវិល មាន​តួនាទី​នាំ​សារ​ពី​ពលរដ្ឋ​ទៅ​ឲ្យ​អ្នក​នយោបាយ ដើម្បី​ងាយ​ស្រួល​សម្រេច​ចិត្ត ហើយ​ក៏​នាំ​សារ​ពី​អ្នក​នយោបាយ​ទៅ​ពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​សម្រេច​ជោគ​វាសនា​ជាតិ​ដែរ។ លោក​បន្ថែម​ថា ការ​ហាម​ឃាត់​បែប​នេះ ជា​ការ​បំបាក់​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា អាច​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព៖ «ឆែក​សួរ​ហ្នឹង​បាន​ន័យ​ថា សួរ​ពី​ការ​អនុវត្ត និង​គោលការណ៍​របស់​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ជាតិ បើ​មិន​ពេញ​ចិត្ត ត្រូវ​និយាយ​ពី​គោល​គំនិត​គាត់​ពី​គំនិត​ផ្ទុយ។ ចឹង ពលរដ្ឋ​អ្នក​ពិចារណា​ថា គំនិត​អ្នក​នេះ​អ៊ីចេះ គំនិត​អ្នក​នោះ​អ៊ីចុះ។ ហើយ​សារាចរ​នេះ​បាន​ដក​អំណាច​ទាំង​ស្រុង​ពី​គណៈកម្មការ​ជំនាញ។ ចឹង​គណបក្ស​ប្រឆាំង​មាន​អំណាច ឬ​អត់​ចម្លើយ គឺ​អត់​ហើយ បើ​អត់​មាន​កម្លាំង​តស៊ូ​ក្នុង​សភា តើ​បក្ស​ប្រឆាំង​អាច​ធ្វើ​ម៉េច មាន​តែ​តស៊ូ​តាម​ថ្នល់​ដូច​មួយ​ឆ្នាំ​មុន​ទៀត។ ហ្នឹង​វា​គ្មាន​ប្រយោជន៍​អី​ដល់​ជាតិ​សោះ»

ក្នុង​រយៈពេល​ដែល​កម្ពុជា មាន​វិបត្តិ​នយោបាយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត មាន​ហេតុការណ៍​ជាច្រើន​ដែល​អាជ្ញាធរ​រដ្ឋាភិបាល ធ្វើ​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ជាតិ ហើយ​គណៈកម្មការ​ជំនាញ​ក្នុង​សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ធ្វើ​គ​ធ្វើ​ថ្លង់។ ព្រឹត្តិការណ៍​ទាំង​នោះ​រួម​មាន ការ​បាញ់​សម្លាប់​មនុស្ស​ឲ្យ​ស្លាប់ ៥​នាក់ និង​របួស​ជិត ៤០​នាក់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រង ខណៈ​ដែល​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា ជា​ប្រទេស​ដែល​មិន​អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើយ។ មួយ​វិញ​ទៀត រដ្ឋាភិបាល​បាន​ដាក់​គុក​ទីលាន​ប្រជាធិបតេយ្យ​អស់​ជាច្រើន​ខែ នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​កូដកម្ម​បាតុកម្ម​អហិង្សា​នៅ​មាន​ជា​ធរមាន និង​រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ សាសនា វប្បធម៌ និង​ទេសចរណ៍​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ លើក​ឡើង​ថា សារាចរ​ណែនាំ​នេះ​ជា​ការ​បង្អាក់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ក្នុង​ការ​បម្រើ​ជាតិ។ លោក​បន្ត​ថា លោក​នឹង​តស៊ូ​មតិ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់៖ «រាល់​បញ្ហា​ដែល​យើង​ជជែក​ចង់​រក​ដំណោះស្រាយ​ល្អៗ ចឹង​អ្នក​ដែល​ចូល​ស្តាប់ គាត់​អាច​ផ្តល់​យោបល់​ត្រឡប់​មក​យើង​វិញ ចឹង​បាន​យើង​ចង់​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​នានា​របស់​រដ្ឋាភិបាល​ហ្នឹង»

ទោះ​ជា​បែប​ណា​ក្តី លោក ហេង សំរិន បាន​បញ្ជាក់​នៅ​ចុង​ក្រោយ​នៃ​សារាចរ​នេះ​ថា សារាចរ​ណែនាំ​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ឯកភាព​បែបបទ​រដ្ឋបាល និង​រក្សា​សណ្ដាប់ធ្នាប់​នៅ​ក្នុង​រដ្ឋសភា។ ហើយ​លោក​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ អនុវត្ត​សារាចរ​នេះ​ឲ្យ​បាន​ល្អ។ លោក ហេង សំរិន មិន​បាន​បញ្ជាក់​ថា អ្នក​ដែល​អនុវត្ត​ផ្ទុយ​ពី​សារាចរ​នេះ នឹង​មាន​លទ្ធផល​បែប​ណា​ទេ។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា មិន​បាន​ចែង​ថា ប្រធាន​រដ្ឋសភា​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ចេញ​សារាចរ​ណែ​នាំ​ឲ្យ​តំណាង​រាស្ត្រ​ទាំងអស់​អនុវត្ត​តាម​នោះ​ឡើយ។ ហើយ​ក៏​មិន​បាន​ចែង​ថា បើ​ប្រធាន​រដ្ឋសភា​ចេញ​សារាចរ​ណែនាំ​ហ្នឹង​ខុស​ច្បាប់ ឬ​អត់​ដែរ។ ប៉ុន្តែ បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចែង​ថា ប្រធាន​រដ្ឋសភា​មាន​មុខ​ការ ៧​យ៉ាង ដូចជា ធានា​ឲ្យ​ការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋសភា​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ដឹក​នាំ​អង្គ​ប្រជុំ​សភា បើក និង​បិទ​អង្គ​ប្រជុំ ចាត់​ចែង​កិច្ច​ពិភាក្សា និង​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ប្រជុំ ញ៉ាំង​ឲ្យ​ប្រតិបត្តិ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា និង​ជា​តំណាង​ក្នុង​ការ​ទាក់ទង​ជាមួយ​ព្រះមហាក្សត្រ និង​អាជ្ញាធរ​សាធារណៈ។

ម្យ៉ាង​ទៀត គណបក្ស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​តាំង​ពី​ខែ​កក្កដា ថា នឹង​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដើម្បី​ឆ្លើយ​តប​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទៀត​ផង។ តែ​បើ​សារាចរ​ណែនាំ​របស់​ប្រធាន​រដ្ឋសភា​នេះ អនុម័ត​បាន​សម្រេច​នោះ រដ្ឋសភា​នឹង​ក្លាយ​ជា​ទីតាំង​ដែល​ពិបាក​ឲ្យ​សាធារណជន​ទូទៅ​ចូល​ទៅ​រក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។