សង្គម​ស៊ីវិល​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​បង្កើត​គណៈកម្មការ​ចម្រុះ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​នេះ​មិន​ទាន់​ពិនិត្យ​លើ​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​បង្កើត​ក្រុម​ការងារ​នយោបាយ ដើម្បី​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ករណី​សំខាន់​ជា​បន្ទាន់ គឺ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស៊ើប​អង្កេត និង​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​ទៅ។

0:00 / 0:00

ជំហរ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន។ មន្ត្រី​ទាំង​នោះ​ចង់​ឲ្យ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា ព្រោះ​ថា បទ​ពិសោធន៍​កន្លង​មក វា​មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​មួយ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជជែក​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា។ លោក ហ៊ុន សែន អះអាង​ថា ការ​បែង​ចែក​អំណាច​ក្នុង​រដ្ឋសភា​នេះ ដើម្បី​ជៀសវាង​ភាព​ទាល់ច្រក​នយោបាយ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ប៉ុន្តែ​លោក​ទាមទារ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដោយ​អះអាង​ថា គណបក្ស​ប្រជាជន ជា​អ្នក​ឈ្នះ​ឆ្នោត។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា គួរ​បញ្ចប់​វប្បធម៌​បែង​ចែក​អំណាច​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា មិន​អាច​ជួប​ភាព​ទាល់ច្រក​នយោបាយ​ណា​មួយ​ឡើយ ប្រសិន​បើ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ លោក​ថា ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត បង្ហាញ​ថា គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត​នោះ គណបក្ស​នោះ​ដឹក​នាំ​រដ្ឋាភិបាល និង​គណបក្ស​ផ្សេង​ទៀត ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា៖ «ខ្ញុំ​អត់​ចូល​ចិត្ត​និយាយ​បែង​ចែក​អំណាច ពីព្រោះ​សព្វថ្ងៃ​គិត​តែ​ពី​អំណាច យើង​គួរ​គិត​ថ្មី​វិញ​ទស្សនៈ​របស់​ពលរដ្ឋ​យើង»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) យល់​ថា​ស្រប​ច្បាប់ ប៉ុន្តែ​អគ្គលេខាធិការ គ.ជ.ប បដិសេធ​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ គ.ជ.ប បង្កើត​គណៈកម្មការ​ឯករាជ្យ​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា លោក ហ៊ុន សែន យល់​ព្រម​គាំទ្រ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត លុះត្រា​តែ គ.ជ.ប យល់​ព្រម​មុន​សិន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិភាក្សា​បែង​ចែក​អំណាច​នៅ​ក្នុង​រដ្ឋសភា ក្នុង​នាម​ជា​អ្នក​ឈ្នះ​ឆ្នោត។

របាយការណ៍​បណ្ដោះ​អាសន្ន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ ៦៧​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ៥៦​អាសនៈ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ដោយ​ខ្លួន​ឯង​ថា ឈ្នះ​ឆ្នោត ៦៨​អាសនៈ ហើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ វិញ អះអាង​ថា ឈ្នះ​បាន ៦៣​អាសនៈ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គ.ជ.ប មិន​មាន​សិទ្ធិ​បង្កើត​គណៈកម្មការ​ចម្រុះ​ណា​មួយ​បាន​ទេ ដោយសារ​តែ​បណ្ដឹង​តវ៉ា​ទាំង​ឡាយ​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត គ.ជ.ប ខ្លួន​ឯង​ជា​អ្នក​បង្កើត។ លោក​ព្រមាន​ថា ការ​បង្កើត​ឲ្យ​មាន​វប្បធម៌​បែង​ចែក នឹង​បណ្ដាល​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​ទុក​ចិត្ត​លើ​គណបក្ស​នយោបាយ៖ «កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​អំណាច។ ហើយ​ពលរដ្ឋ​ស្អប់​ខ្ពើម យើង​ពលរដ្ឋ​មួយ​ចំនួន​ដក​សេចក្តី​ទុក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បង្ហាញ​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​នឹង​ការ​ផ្ដួចផ្ដើម​បង្កើត​ក្រុម​ការងារ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជជែក​បញ្ហា​បែង​ចែក​អំណាច​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​ផ្តល់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ពលរដ្ឋ៖ «ជំនាន់​ដែល​ហ៊្វុនស៊ិនប៉ិច តើ​ឈរ​មូលដ្ឋាន​អ្វី? គណបក្ស​សង្គ្រោះ​ជាតិ បាន​សំឡេង​ឡើង​ដល់​កម្រិត​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​មើល​រំលង​បាន»

លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៤​អាសនៈ ចំណែក​ហ៊្វុនស៊ិនប៉ិច បាន ៤៣​អាសនៈ ហើយ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧៣​អាសនៈ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចំនួន ២៦​អាសនៈ។ សម្រាប់​ការ​បោះ​ឆ្នោត​ទាំង​ពីរ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ផ្តល់​តួនាទី​ប្រធាន​រដ្ឋសភា និង​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ជួប​ពិភាក្សា​នយោបាយ​គ្នា ទោះ​បី​ជា​កិច្ច​ពិភាក្សា​នោះ​មិន​សំដៅ​ការ​បែង​ចែក​អំណាច​ក្តី។ លោក​បន្ត​ថា លទ្ធផល​បោះ​ឆ្នោត​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​បណ្ដោះ​អាសន្ន​ដែល​ប្រកាស​ដោយ​អង្គការ​សង្គម​ស៊ីវិល​នោះ​ជា​ការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មាន​តួនាទី​ជា​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​មាន​តម្លាភាព​រវាង​នីតិប្បញ្ញតិ និង​នីតិប្រតិបត្តិ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ប្រកាស​ដោយ​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អាច​បើក​សភា​ពេញ​អង្គ​នៃ​នីតិកាល​ទី៥ ខាង​មុខ។

រដ្ឋធម្មនុញ្ញ​មាត្រា ៨២ ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ប្រធាន អនុប្រធាន​រដ្ឋសភា និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា។

មាត្រា ៨៨ ចែង​ថា ការ​ប្រជុំ​រដ្ឋសភា នឹង​យក​ជា​ការ​បាន លុះត្រា​តែ​មាន​កូរ៉ុម​លើស​ពី​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល សម្រាប់​ការ​អនុម័ត​ទាំង​ឡាយ​ណា​ដែល​តម្រូវ​ឲ្យ​យក​មតិ​ភាគ​ច្រើន ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។