អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ដំណើរការបោះឆ្នោតនានា បានប្រតិកម្មភ្លាមៗបន្ទាប់ពី គ.ជ.ប បានធ្វើសន្និសីទកាសែតមួយថ្ងៃបង្ហាញទឹកថ្នាំជ្រលក់ម្រាមដៃ ដែលសង្គមស៊ីវិលជឿថា ទឹកថ្នាំនេះគ្មានគុណភាព ហើយអាចលុបជម្រះបាន។
នៅក្នុងសន្និសីទកាសែត ដែលរៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) នៅថ្ងៃទី២៧ កក្កដា បានបង្ហាញវីដេអូខ្លីពីអ្នកសង្កេតការណ៍របស់ខ្លួន ដែល គ.ជ.ប បានអនុញ្ញាតឲ្យជ្រលក់ម្រាមដៃសាកល្បង កាលពីថ្ងៃទី២៦ កក្កដា។ ជាលទ្ធផល ទឹកខ្មៅនោះគេអាចលុបចេញបានទាំងស្រុងក្នុងរយៈពេលដ៏ខ្លី។
លោក ធន សារ៉ាយ ប្រធានគណៈកម្មាធិការនាយកអង្គការ ខុមហ្រ្វែល បានឱ្យដឹងថា សម្ព័ន្ធអង្គការសង្គមស៊ីវិលតាមដានការបោះឆ្នោត មិនមានចេតនាណាមួយក្នុងការធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតនោះឡើយ។ លោកបញ្ជាក់ថា វាជាកិច្ចការមួយដែលអ្នកសង្កេតការណ៍ត្រូវធ្វើនៅពេលដែលរកឃើញភាពមិនប្រក្រតី ដើម្បីផ្តល់ជូនសាធារណជន និងអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយ។
លោក ធន សារ៉ាយ៖ «យើងបានស្នើរួចហើយនៅក្នុងអនុសាសន៍របស់យើង។ យើងគ្មានគោលបំណងអ្វីធ្វើឱ្យដំណើរការនៃការបោះឆ្នោតនេះមានភាពច្របូកច្របល់ទេ។ សូមបញ្ជាក់ជូនហើយ បញ្ជាក់ជូនទៀត ពីព្រោះដំណើរការនៃអ្នកសង្កេតការណ៍ គឺថានៅពេលដែលយើងរកឃើញនូវអ្វីដែលជាភាពមិនប្រក្រតី យើងតែងតែលើកឡើងដើម្បីជម្រាបជូនសាធារណជន ដល់អាជ្ញាធរបោះឆ្នោត ដើម្បីឱ្យលោកជ្រួតជ្រាបទាំងអស់គ្នា ហើយនឹងរកវិធានការនានា ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែជួបប្រទះនេះ»។
តំណាងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា មួយរូបដែលបានចូលរួមនៅក្នុងសន្និសីទនេះដែរ បានឡើងសួរសំណួរបែបងឿងឆ្ងល់មួយថា តើប្រាកដទេថា ទឹកខ្មៅដែលយកមកសាកល្បងនេះជាជំនួយពីប្រទេសឥណ្ឌា?៖ «តំណាងស្ថានទូតមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីឮព័ត៌មានថា ទឹកខ្មៅលុបមិនជ្រះនេះ បានត្រូវពិសោធឃើញថា លុបជ្រះវិញ។ ប៉ុន្តែ យើងដឹងថា យើងពិតប្រាកដថា ជាទឹកខ្មៅរបស់ឥណ្ឌា ពីនាយមកទេ? ឬក៏អាចទឹកខ្មៅដែលប្លែកមកពីណា ឬក៏យ៉ាងម៉េច? យើងប្រាកដថា ទឹកខ្មៅមកពីឥណ្ឌា មានការពិសោធច្រើននៅទីនោះ ឬក៏មានបច្ចេកទេសថ្មី អាចធ្វើឱ្យលុបជ្រះបាន?»។
បន្ទប់ស្ថានការណ៍នៃសម្ព័ន្ធអង្កេតការណ៍សង្គមស៊ីវិល អំពាវនាវដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យធ្វើយ៉ាងណាពិភាក្សាជាមួយគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងអំពីវិធានការដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាទឹកថ្នាំនេះ។ លើសពីនេះទៅទៀត សង្គមស៊ីវិលស្នើឱ្យ គ.ជ.ប ត្រូវតែបើកចំហឱ្យស្ថាប័នមួយចំនួន ជាពិសេសភ្នាក់ងារនយោបាយ និងអ្នកសង្កេតការណ៍ អាចយកបញ្ជីបោះឆ្នោតទៅផ្ទៀងផ្ទាត់នៅបរិវេណ ឬខាងក្នុងការិយាល័យបោះឆ្នោតបាន និងត្រូវផ្តល់បញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលត្រូវបានប្រើប្រាស់នៅការិយាល័យបោះឆ្នោតដោយមន្ត្រីការិយាល័យបោះឆ្នោត បើកចំហនៅក្រោយថ្ងៃបោះឆ្នោត ដើម្បីបង្ហាញពីតម្លាភាព។ ក្រៅពីនេះ ទឹកខ្មៅជ្រលក់ម្រាមដៃ គួរតែត្រូវបានធ្វើការសាកល្បងនៅការិយាល័យបោះឆ្នោត ដើម្បីឱ្យដឹងប្រាកដពីគុណភាពនៃទឹកខ្មៅជ្រលក់ម្រាមដៃ។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ទទួលស្គាល់ថា ទឹកខ្មៅដែលជ្រលក់ដៃ គឺពិតជាអាចលុបជ្រះ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការលុបលាងនោះមិនអាចបាត់ភស្តុតាងឡើយ ហើយវាអាចនៅសេសសល់ជាប់ចុងក្រចកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
