គ.ជ.ប ថា​នឹង​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​លោក នី ចរិយា បាន​ធ្វើ​ការ​ដូច​ដើម

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់ ដើម្បី​បំពេញ​បំណង​លោក នី ចរិយា ដែល​ចង់​នៅ​ក្រៅ​ឃុំ ដើម្បី​ជួយ​រៀបចំ​កិច្ចការ​បោះឆ្នោត។ នេះ​បើ​តាម​អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ដែល​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​លោក នី ចរិយា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា។ ករណី​ចង់​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី គ.ជ.ប រូប​នេះ សាលា​ឧទ្ធរណ៍​ក៏​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ខាង​មុខ​នេះ​ដែរ។

ការ​វិវឌ្ឍន៍​សំណុំ​រឿង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

ក្រោយ​ជួប​សួរ​សុខ​ទុក្ខ​លោក នី ចរិយា នៅ​មន្ទីរ​ឃុំឃាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក គួយ ប៊ុនរឿន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក នី ចរិយា បាន​ស្នើ​ឲ្យ គ.ជ.ប ជួយ​រក​លទ្ធភាព​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បន្ត​ការងារ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ។

ឆ្លើយ​តប​នឹង​ក្តី​ប្រាថ្នា​នេះ លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា ប្រតិភូ​ដែល​ចុះ​សួរ​សុខ​ទុក្ខ​នោះ នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ គ.ជ.ប ហើយ​នឹង​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់៖ « ទៅ​ជួប​នោះ គឺ​មាន​ក្រុម​អ្នក​ច្បាប់។ អ៊ីចឹង​គាត់​បាន​ពិនិត្យ​លទ្ធភាព​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ គ . . ប ជា​ស្ថាប័ន​មួយ​ឯករាជ្យ ដែល​ត្រូវ​តែ​អនុវត្ត​ច្បាប់។ អ៊ីចឹង​បាន​យើង​នឹង​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ទិដ្ឋភាព​ច្បាប់ ព្រម​ទាំង​តាម​ដាន​ការ​វិវឌ្ឍន៍​ដំណើរ​ការ​សំណុំ​រឿង​របស់​គាត់ ហើយ​មាន​ការ​ថ្លឹងថ្លែង​ថា ធ្វើ​ម៉េច​កុំ​ឲ្យ​រំលោភ​ទៅ​លើ​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច កំពុង​អនុវត្ត​នូវ​ការងារ​សំណុំ​រឿង​របស់​ឯកឧត្តម នី ចរិយា »

លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ដែរ​ថា លោក នី ចរិយា កំពុង​មាន​បញ្ហា​សុខភាព ដូចជា​សម្ពាធ​ឈាម​ឡើង ជំងឺ​ក្រពះ និង​ផ្លូវ​ដង្ហើម ជាពិសេស​ជំងឺ​ថប់​អារម្មណ៍ ឬ​ស្ត្រេស​ដោយសារ​មិន​បាន​បំពេញ​ការងារ​តាម​ទម្លាប់។

ចំពោះ​ការ​ចង់​នៅ​ក្រៅ​ឃុំ​នេះ មេធាវី​ការពារ​ក្តី គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ខាង​មុខ​តាម​បណ្ដឹង​របស់​លោក ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ក្រោម​ហេតុផល​ថា បារម្ភ​ពី​សុវត្ថិភាព និង​មិន​បង្ហាញ​ខ្លួន​នៅ​តុលាការ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក​មេធាវី សំ សុគង់ បញ្ជាក់​ថា កូន​ក្តី​របស់​លោក​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ ដោយ​សន្យា​ថា​មិន​គេចវេះ​បង្ក​ការ​លំបាក​ដល់​តុលាការ​ឡើយ ដោយ​យក​តួនាទី​ជា​អគ្គលេខាធិការ​រង គ.ជ.ប និង​ទីលំនៅ​ច្បាស់លាស់​ជា​សំអាង៖ « សង្ឃឹម​ថា​សភា​ស៊ើបសួរ និង​សាលា​ឧទ្ធរណ៍ នឹង​ពិចារណា​លើ​លក្ខខណ្ឌ​នេះ ហើយ​នឹង​ប្រៀបធៀប​ទៅ​នឹង​ច្បាប់ ហើយ​សម្រេច​ឲ្យ​មាន​លក្ខណៈ​មួយ​សមស្រប និង​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គាត់ »

ចំពោះ​អវត្តមាន​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជា​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) នៅ​ពេល​នេះ លោក គួយ ប៊ុនរឿន បង្ហាញ​ការ​សោកស្ដាយ​ថា បាន​បាត់បង់​គំនិត​យោបល់​ល្អៗ​មួយ​ចំនួន ដើម្បី​ចូលរួម​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ល្អ​ប្រសើរ និង​តម្លាភាព៖ « វា​ជា​ធម្មតា សហការី​ដែល​ធ្វើ​ការងារ យើង​ធ្លាប់​មាន​ការ​ជជែក​គ្នា​អំពី​ការ​រៀបចំ​បទបញ្ជា និង​នីតិវិធី​ក្តី ក៏ដូចជា​រៀបចំ​ចងក្រង​នូវ​លិខិត​បទដ្ឋាន​នានា​ហ្នឹង ក៏​មាន​ការ​ចូលរួម​ចំណែក​ជា​យោបល់ ពិគ្រោះ​ពិភាក្សា​គ្នា​វា​មាន​លក្ខណៈ​ទូលំទូលាយ​ជាង ហើយ​នៅ​ពេល​បាត់​មួយ​អ៊ីចឹង​ទៅ គឺ​មតិ​នោះ​ក៏​បាត់បង់​ទៅ​តាម​ហ្នឹង​ដែរ »

លោក នី ចរិយា ត្រូវ​បាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ក្រោម​បទ​ចោទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង​សាសង​តាម​ទូរស័ព្ទ​រវាង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ និង​លោក កឹម សុខា។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សំណុំ​រឿង​នេះ​ថា​ជា​សំណុំ​រឿង​នយោបាយ ដែល​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ខ្វះ​តុល្យភាព​ក្នុង​ការ​បំពេញ​ការងារ ឬ​ឯករាជ​ភាព​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។