រដ្ឋសភាបានសម្រេចមិនផ្ដល់សុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្រដល់ លោក សម រង្ស៊ី វិញទេ។
ក្នុងលិខិតរបស់ប្រធានរដ្ឋសភា ចុះថ្ងៃទី២៥ កក្កដា ដែលចុះហត្ថលេខាដោយប្រធានរដ្ឋសភា លោក ហេង សំរិន ឆ្លើយតបទៅ លោក សម រង្ស៊ី បានសរសេរថា៖ «គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចជាឯកច្ឆន្ទថា ដោយហេតុឯកឧត្ដមបានក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលពុំមានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥ នេះ រដ្ឋសភាពុំអាចផ្ដល់សុពលភាពអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិជូនឯកឧត្ដមវិញបានទេ»។
សេចក្ដីសម្រេចបដិសេធន៍នេះ ឆ្លើយតបទៅនឹងលិខិតស្នើសុំរបស់ លោក សម រង្ស៊ី កាលពីថ្ងៃទី២៣ កក្កដា ដែលសុំអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្ត្ររបស់លោកមកវិញ បន្ទាប់ពីរដ្ឋសភាបានដកកាលពីឆ្នាំ២០០៩។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ កក្កដា នេះចោទចម្លើយរដ្ឋសភាថា ជាចេតនានយោបាយរបស់បក្សប្រជាជន មិនចង់ឲ្យ លោក សម រង្ស៊ី ចូលប្រកួតនយោបាយនៅពេលនេះ៖ «ប៉ុន្តែ អ្វីៗសុទ្ធតែជារឿងនយោបាយ បើវាមិនអាចក៏វាមិនអាចក្នុងរឿងនយោបាយដែរ។ តើការបោះឆ្នោតហ្នឹង ពួកគណបក្សប្រជាជន ចង់ឲ្យសេរី និងយុត្តិធម៌ដែរឬអត់? តើពួកគណបក្សប្រជាជន ដែលធ្វើបាបលោកប្រធានតាំងពីដើមទីមកហ្នឹង តើពួកហ្នឹងគេចង់ឲ្យអន្តរជាតិគេទទួលស្គាល់រដ្ឋាភិបាល ដែលបង្កើតនៅពេលខាងមុខ ឬក៏អត់នោះ ជាបញ្ហាដែលត្រូវចោទសួរទៅគណបក្សប្រជាជន ហើយយើងក៏កំពុងរិះរកមធ្យោបាយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះដែរ»។
កាលពីថ្ងៃទី២៣ កក្កដា លោក សម រង្ស៊ី បានផ្ញើលិខិតទៅ លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុំសិទ្ធិចូលរួមបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រដែរ តែ គ.ជ.ប បដិសេធ ដោយសម្អាងថា លោក សម រង្ស៊ី ចាំបាច់ត្រូវចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសាជាថ្មី ហើយរយៈពេលចុះឈ្មោះបោះឆ្នោតផុតកាលកំណត់ទៅហើយ។ ប៉ុន្តែ លោក សម រង្ស៊ី បញ្ជាក់ថា លោកមានសិទ្ធិចូលរួមបោះឆ្នោតបាន ព្រោះថា ព្រះមហាក្សត្រ បានលើកលែងទោសឲ្យលោកទៅហើយ ហើយអ្វីៗក៏អាចត្រឡប់ទៅសភាពដើមជាធម្មតាវិញដែរ តែ គ.ជ.ប នៅតែមិនព្រម។
បើគិតចាប់ពីថ្ងៃទី២៥ កក្កដា នេះទៅដល់ថ្ងៃបោះឆ្នោតទី២៨ កក្កដា គឺនៅសល់តែ ២ថ្ងៃប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បន្តថា លោក សម រង្ស៊ី បានព្យាយាមចុងក្រោយដោយផ្ញើលិខិតសុំសិទ្ធិចូលរួមបោះឆ្នោតទៅក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី២៤ កក្កដា។ តែមកទល់ល្ងាចថ្ងៃទី២៥ កក្កដា គេនៅមិនឃើញមានចម្លើយពីក្រុមប្រឹក្សាធម្មនុញ្ញនៅឡើយទេ។ លោកថា ទោះយ៉ាងណា គណបក្សសង្គ្រោះជាតិ នឹងព្យាយាមរកវិធីផ្សេង ដើម្បីឲ្យ លោក សម រង្ស៊ី អាចចូលរួមបោះឆ្នោតបាន បើទោះបីពេលនេះកៀកថ្ងៃបោះឆ្នោតទៅហើយក៏ដោយ៖ «វាមិនមែនជាបញ្ហារបស់គាត់តែម្នាក់ឯងទេ វាមិនមែនជាបញ្ហាផ្ទាល់ខ្លួន គាត់វាជាបញ្ហាជាតិ។ អីចឹង បើសភាឆ្លើយអ៊ីចឹង គ.ជ.ប ឆ្លើយអ៊ីចឹង គ.ជ.ប និងសភាត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតឡើងចំពោះមុខ ហើយយើងនឹងរិះរកមធ្យោបាយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាហ្នឹងដែរ»។
លោក សម រង្ស៊ី ដែលពេលនេះមានអាយុ ៦២ឆ្នាំ ត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីសប្ដាហ៍មុន បន្ទាប់ពីបានរស់នៅនិរទេសខ្លួនប្រហែល ៤ឆ្នាំ នៅប្រទេសបារាំង រួចមក។
តុលាការកម្ពុជា បានកាត់ទោស លោក សម រង្ស៊ី កំបាំងមុខអោយជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទចោទផ្សេងទៀត បន្ទាប់ពីលោកបានដកតម្រុយបង្គោលព្រំដែនវៀតណាម នៅខេត្តស្វាយរៀង ដែលលោកចោទថាបានបោះចូលដីខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
