ស្ថាប័ន​អន្តរជាតិ​និង​ជាតិ​សំខាន់ៗ​ថ្កោលទោស​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2016-07-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

គិត​ចាប់​ពី​ថ្ងៃ​ទី​១០ កក្កដា មក​ដល់​ថ្ងៃ​ទី​១៤ កក្កដា គឺ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ទាំង​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​ផង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ស្ថាប័ន​ខ្លះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​មុខ​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ស្ថាប័ន​អន្តរជាតិ​ខ្លះ​ទៀត ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត និង​ស្នើសុំ​បរទេស​មក​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​ទៀត​ផង។

តើ​ស្ថាប័ន​ណា​ខ្លះ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​លើ​ករណី​ឃាតកម្ម​នេះ?

ស្ថាប័ន​អន្តរជាតិ និង​ជាតិ​សំខាន់ៗ​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឲ្យ​ឆាប់​រហ័ស​មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​នេះ នៅ​ខណៈ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​សួរ​ចម្លើយ​ជន​សង្ស័យ និង​កំពុង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត។ កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា តុលាការ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ចំនួន​ពីរ​បទ​ចោទ គឺ​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់​អាវុធ​ខុស​ច្បាប់ ដែល​នឹង​ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ពិត​ជា​ឃាតក​ពិត​មែន។

ក្រុម​គ្រួសារ​សាកសព​លោក​បណ្ឌិត កែម ឡី បាន​ដាក់​លិខិត​ទៅ​តុលាការ​ស្នើសុំ​យក​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​របស់​លោក​បណ្ឌិត កែម ឡី មក​វិញ ដែល​សមត្ថកិច្ច​ដក​ហូត​យក​ទៅ​ប្រគល់​ឲ្យ​តុលាការ​នោះ។

លី សុផាណា ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ក្នុង​សន្និសីទ​កាសែត​បង្ហាញ​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

នៅ​ថ្ងៃ​ទី​១៤ កក្កដា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​តាម​តេលេក្រាម​ថា (Telegram) ចៅក្រម​ស៊ើបសួរ​កំពុង​ពិចារណា​លើ​ការ​ស្នើសុំ​យក​ទូរស័ព្ទ​វិញ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្មួយ​ប្រុស​លោក​បណ្ឌិត កែម ឡី លោក ធួវី ហ្សាន់ឌី អំពាវនាវ​ឲ្យ​តុលាការ​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក៖ «សូម​សំណូមពរ​អាជ្ញាធរ និង​តុលាការ​ជួយ​រក​អ្នក​ឃុបឃិត​នៅ​ពី​ក្រោយ​ខ្នង និង​ឃាតក​ពិត តែ​ការ​សម្រេច​យ៉ាង​ណា​របស់​តុលាការ គឺ​ជា​សិទ្ធិ​របស់​តុលាការ​តែ​ខាង​ក្រុម​គ្រួសារ​ខ្ញុំ​គ្រាន់​តែ​ចង់​រក​យុត្តិធម៌​ជូន​គាត់»

បាន គីមូន ៨៥៥ ២០១៦
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។ AFP AFP

ទាក់ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។ លោក​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។

អ្នក​នាំ​ពាក្យ​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា លោក បាន គីមូន នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​បំភិតបំភ័យ ការ​រើសអើង ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​បញ្ហា​គំរាម​កំហែង​លើ​ផ្នែក​សារព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ជាដើម។ លោក បាន គីមូន ក៏​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស រួម​មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​គ្នា ជាដើម។

ទន្ទឹម​នឹង​នេះ ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថ្កោលទោស​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា អង្គការ​សហប្រជាជាតិ ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​បើក​ការ​ស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឲ្យ​បាន​ជាក់លាក់​ច្បាស់លាស់ និង​ត្រូវ​ធានា​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យក​មក​កាត់​ទោស និង​ដាក់​ទោស​ត្រឹមត្រូវ​តាម​ច្បាប់។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដដែល ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល។

អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស កត់​សម្គាល់​ថា ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​តានតឹង​នៅ​រយៈពេល​ចុង​ក្រោយ វា​មាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ពេញលេញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រង​ហិង្សា​លើ​រាង​កាយ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ពិសេស​ក្នុង​ពេលវេលា​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​បកស្រាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ កក្កដា អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) រក​ឃើញ​ថា គ្រួសារ​ត្រកូល​ហ៊ុន​ចំនួន ២៧​នាក់ បាន​ក្តោប​ក្តាប់​មុខ​ជំនួញ​ស្ទើរ​គ្រប់​ផ្នែក​នៅ​កម្ពុជា និង​មាន​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រមាណ​១១៤។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ទី​១០ កក្កដា អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ប្រកាស​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ឃាតកម្ម​លោក កែម ឡី។ អង្គការ​អន្តរជាតិ​នេះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​អ៊ីមែល (email) ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ករណី​បាញ់​សម្លាប់​លោក កែម ឡី ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស មិន​មែន​តែ​ខ្មាន់​កាំភ្លើង។ រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ប្រកាន់ និង​មាន​ប្រវត្តិ​មិន​ល្អ​រាប់​សិប​ឆ្នាំ​ពី​ការ​សម្លាប់​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស និង​កម្មករ ដែល​អាជ្ញាធរ​កម្រ​ចាប់​ខ្លួន​ជន​ល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ក៏​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា ថ្កោលទោស​ឲ្យ​ខ្លាំងក្លា និង​ទាមទារ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី នេះ។

លោក​បណ្ឌិត កែម ឡី ជា​ស្ថាបនិក​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ ដែល​ជា​ក្រុម​តស៊ូ​មតិ​មូលដ្ឋាន។ លោក​ជា​ញឹកញយ រិះគន់​ពី​បញ្ហា​អវិជ្ជមាន​នានា​ស្ដីពី​សង្គម និង​នយោបាយ​នៅ​កម្ពុជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន និង​លុប​បំបាត់​អំពើ​ពុក​រលួយ បក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

ចំពោះ​សហរដ្ឋ​អាមេរិក វិញ ដែល​ជា​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា បាន​ហៅ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ថា​ជា​ព័ត៌មាន​រន្ធត់ និង​សោកស្ដាយ។ សហរដ្ឋ​អាមេរិក ហៅ​លោក កែម ឡី ថា​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា ដ៏​សំខាន់​ម្នាក់។

ថម ម៉ាលីណូស្គី ២០១៦ ៨៥៥
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ប៊ូរុនឌី (Burundi) កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៦។ Photo AFP Photo AFP

ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ លោក​ក៏​នឹង​រម្លឹក​ឲ្យ​កម្ពុជា លើក​កម្ពស់​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ធានា​ការ​ការពារ​អង្គការ​សិទ្ធិ​មនុស្ស។

ចំណែក​ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស លោក ប៊ីល ឡុងហឺស (Bill Longhurst) ថ្លែង​ថា លោក​រន្ធត់ និង​សោក​សង្រេង​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ លោក​ថា នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​សង្គម​កម្ពុជា។

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) វិញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា អំពាវនាវ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ឲ្យ​ឆាប់​រហ័ស មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​នៃ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ថ្លែង​ថា «លោក កែម ឡី ដែល​ជាអ្នក​វិភាគ​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ខណៈ​មាន​ការ​ចាប់​ខ្លួន​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង»

លោក​បន្ត​ថា «ក្នុង​បរិបទ​នៃ​ប្រវត្តិ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​របស់​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នយោបាយ ហើយ​បើ​ទោះ​បី​ជាជន​សង្ស័យត្រូវ​គេចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ អាជ្ញាធរ​ត្រូវ​បន្ត​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​វិធីសាស្ត្រ​ត្រឹមត្រូវ រហូត​ដល់​អស់​លទ្ធភាព និង​សមត្ថភាព»

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ផ្តល់​យោបល់​ថា ខណៈ​កម្ពុជា ខ្វះ​សមត្ថភាព​ស៊ើប​អង្កេត​កម្ពុជា គួរ​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​បរទេស​ដែល​មាន​ជំនាញ​ខាង​វិភាគ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​ទិន្នន័យ​ទំនាក់ទំនង អង្កេត និង​ការ​ធ្វើ​កោសល្យវិច័យ​រាង​កាយ​លោក កែម ឡី ទីកន្លែង​កើត​ហេតុ និង​រថយន្ត ដែល​មាន​សារសំខាន់​អាច​ជួយ​កំណត់​អត្តសញ្ញាណ និង​សកម្មភាព​របស់​ឧក្រិដ្ឋជន និង​ដើម្បី​ដឹង​ថា តើ​គេ​ប្រព្រឹត្ត​តែ​ម្នាក់​ឯង ឬ​ផ្សំ​គំនិត​ជាមួយ​អ្នក​ដទៃ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ចាំបាច់​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ឬ​ពឹងពាក់​បរទេស​អ្វី​ទេ សមត្ថកិច្ច​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស៊ើប​អង្កេត​នេះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​ថា រាល់​អ្នក​ស៊ើប​អង្កេត និង​ចៅក្រម​ស៊ើប​អង្កេត ត្រូវ​តែ​ឯករាជ្យ និង​មិន​លម្អៀង គ្មាន​រង​ឥទ្ធិពល​អ្វី​ទាំងអស់ ហើយ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​គ្មាន​ការ​គំរាម​កំហែង ធ្វើ​បាប ការ​បន្ទច់​បង្អាក់ ឬ​ការ​ជ្រៀតជ្រែក។

ក្រៅ​ពី​អង្គ​ទូត និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​នោះ។ អង្គការ​ក្នុង​ស្រុក​វិញ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ និង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជា​បណ្ដុំ​អង្គការ​ក្នុង​ស្រុក​ចំនួន ១១​ស្ថាប័ន ដែល​ចេញ​នៅ​ថ្ងៃ​ទី​១២ កក្កដា បង្ហាញ​ពី​ការ​សោកស្ដាយ​លោក កែម ឡី ដែល​ជា​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ​មួយ មិន​ត្រឹម​តែ​អាច​ផ្ដល់​យុត្តិធម៌​ដល់​លោក កែម ឡី និង​ក្រុម​គ្រួសារ​ទេ ថែម​ទាំង​អាច​ជម្រះ​មន្ទិល​សង្ស័យ​នានា ព្រម​ទាំង​អាច​បន្ធូរ​ស្ថានការណ៍​តានតឹង និង​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដែល​ករណី​ឃាតកម្ម​កន្លង​មក​ដូចជា ករណី​លោក ជា វិជ្ជា និង​ករណី​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន អ្នក​កាសែត និង​សិល្បករ កន្លង​មក​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​នៅ​ឡើយ ដែល​ពួក​គេ​បារម្ភ​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ដូច​ករណី​មុនៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

GW.Bush

ពី Ha Noi

Waterboarding the assassin to find mastermind leh doeuk tho boy, hun manet. it is so simple

Jul 15, 2016 06:52 PM

ខ្មែរក្រៅស្រុក

យើងខ្ញុំគ្មានជំនឿទាល់តែសោះលើការស៊ើបអង្កេតរបស់រដ្ឋាភិបាល!!!!!
សូមអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចទាំងអស់ស៊ើបអង្កេតករណីនេះដោយខ្លួនឯង។
យើងសង្ឃឹមថាពាក្យនេះនឹងទៅដល់ពួកអស់លោក !!

Jul 15, 2016 05:25 AM

អ្នក​អាន​អនាមិក

សូមអោយលើសពីការត្រឹមតែសេចក្តីថ្កោលទោសនៅលើក្រដាសរឺជាសម្លេងទៅរកកិច្ចការស៊ីជម្រៅជាងនេះបានដែររឺទេ? រឺទាល់តែខ្មែរក្រោកឈរមួយនគរដើម្បីបង្ងាញអំពីឆន្ទះសិនរឺយ៉ាងណា? ប្រសិនដូច្នេះមែន ប្រហែលជាស្លាប់កាន់តែច្រើន​ឡើងៗជាងនេះទើបច្បាប់អន្តរជាតិអីហ្នឹងអាចធ្វើអន្តរាគមន៍បាន? តើតម្លៃមនុស្សម្នាក់ ម្តងមួយៗមិនអាចនឹងមាន​តម្លៃគ្រប់គ្រាន់ដើម្បីយកច្បាប់ណាមួយមកប្រើរឺទេ? រឺត្រឹមអាងថាមិនលូកដៃផ្ទៃក្នុងប្រទេស រំលោភអធិតេយ្យភាពរឺយ៉ាងណា? ឪពិភពលោកនេះអីក៏សាហាវយ៉ាងនេះ។

Jul 15, 2016 01:42 AM

អ្នក​អាន​អនាមិក

សូមទោសទាន ស្តាប់ទៅទើសៗមេចទេនេះ ព្រោះអីចេះដឹង​ពែក ធ្វើ​អស់លោកជាអ្នកក្តោបក្តាប់ប្រទេសអញ្ចឹង អារឿងអញ្ចឹងៗ ប្រទេស​ណាមិនដឹងទេ អ្នកដឹកនាំសម័យណាមិនដឹងទេ សម្រាប់ប្រទេស​ខ្មែរ​មានសម្តេចអគសេនាមហាបតីតេជោហ៊ុនសែន គឺលោកល្អិតណាស់ មិនធើលែងធេងទេ មើលៗបាញ់ផូង ចាប់បានភ្លេត ជូនតុលាការ​ផ្លាញ រុញចូលគុកផ្លុក គឺមហាល្អិតបាទ ជាមួយសម្តេចខ្ញុំបើអត់ទាន់​រលូនអត់ទាន់ថាទេក្រែងរាស្រ្តលោកទើសត្រចៀក​ ទាល់តាថារលូន​ហើយអត់មានទើសទែងពាក់ព័ន្ធអីហើយ បង្ហាញភ្លេតកុំជោរ​សម្តេច​ខ្ញុំណា អញ្ចឹងកុំបាច់មកចេះដឹងលូកមាត់លូកកជួសលោកអីបាទ។

Jul 14, 2016 07:31 PM

អ្នក​អាន​អនាមិក

ចង់សួរ​លោក​ សុខ​ ឥសានថាបើអ្នកស្លាប់បោះជាកូនរបស់លោក​ តើលោកសប្បាយចិត្តយ៉ាងណាទៅ​ បើគេមិនសុឺបការពិតអោយដឹងផងហ្នឹង!

Jul 14, 2016 10:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល