គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីរៀបចំការបន្ទាន់មួយ ក្នុងនោះក៏មានការជ្រើសរើសអគ្គលេខាធិការ គ.ជ.បថ្មីនេះដែរ នៅក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបញ្ចប់។
តើការងារអ្វីខ្លះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវធ្វើបន្ទាន់នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនេះ?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថា គ.ជ.បថ្មី នឹងធ្វើការងាររបស់ខ្លួនចំនួនបីសំខាន់ៗ នៅក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គ.ជ.ប បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ កាលពីថ្ងៃទី១១ មេសា កន្លងទៅ នៅបន្ទាប់ពីសមាជិកទាំង ៩រូប បានទទួលតំណែងពីសមាជិក គ.ជ.បចាស់នោះ។ លោកបញ្ជាក់ថា នៅក្រោយពិធីចូលឆ្នាំ គណៈកម្មការនេះនឹងធ្វើកិច្ចការបីសំខាន់ៗ ទី១ រៀបចំបុគ្គលិកជាប់កិច្ចសន្យាជាង ២០០នាក់ ឲ្យក្លាយទៅជាមន្ត្រីរាជការពេញសិទ្ធិដែលមានចែងក្នុងច្បាប់។ ទី២ ពិនិត្យមើលរចនាសម្ព័ន្ធដើម្បីឲ្យ គ.ជ.បថ្មីនេះ ធានានូវប្រសិទ្ធភាពការងារ និងឯករាជ្យ។ ទី៣ ការរៀបចំ និងការប្រព្រឹត្តទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប៖ «ក្នុងករណីរៀបចំព្រះរាជក្រឹត្យជាគោលការណ៍ត្រូវមើលថា តើមន្ត្រីទាំងនោះស្របតាមព្រះរាជក្រឹត្យដែរឬអត់? ទី២ មន្ត្រីមួយចំនួនទៀត មានអ្នកខ្លះមានអាយុគ្រប់ចូលនិវត្តន៍ មានឈ្មោះខ្លះធ្វើការនៅស្ថាប័នផ្សេង ដូច្នេះនៅពេលនោះ ត្រូវឲ្យគាត់ធ្វើការសម្រេចចិត្តថា នឹងត្រូវនៅស្ថាប័នណា?»។
ចំពោះអគ្គលេខាធិការ គ.ជ.ប វិញ លោក គួយ ប៊ុនរឿន បន្ថែមថា គ.ជ.ប នឹងប្រកាសជ្រើសរើសនៅក្នុងពេលឆាប់ៗនេះ។ លោក គួយ ប៊ុនរឿន ក៏បានឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាមថា លោក ទេព នីថា នឹងធ្វើជាអគ្គលេខាធិការ គ.ជ.ប ដដែល ឬយ៉ាងណានោះ? លោកបញ្ជាក់ថា គ.ជ.ប នឹងប្រកាសជ្រើសរើសជាសាធារណៈ ហើយការសម្រេចយកអ្នកណាម្នាក់នោះ អាស្រ័យលើសំឡេងភាគច្រើនរបស់ថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូបនោះ៖ «ព្រោះអគ្គលេខាធិការហ្នឹងជារឿងមួយសំខាន់ដែរ ក្នុងការរៀបចំយន្តការផ្សេងៗទៀតដែល គ.ជ.ប ត្រូវតែបំពេញ ដើម្បីឲ្យការងារនេះទាន់ពេលវេលា។ ថ្នាក់ដឹកនាំ គ.ជ.ប ទាំង ៩រូបនេះ ត្រូវបានសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៩ មេសា និងបានទទួលតំណែងពីសមាជិក គ.ជ.ប ចាស់ កាលពីថ្ងៃទី១៣ មេសា នៅមុនពិធីចូលឆ្នាំថ្មីបានចូលមកដល់មួយថ្ងៃ»។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី លោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា នោះ បានប្ដេជ្ញាថានឹងប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយឯករាជ្យ អព្យាក្រឹត និងតម្លាភាព ដើម្បីធានាឲ្យការបោះឆ្នោតក្នុងពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទទួលយកបាន។ លោក ស៊ិក ប៊ុនហុក លើកឡើងថា នៅក្រោយពេលចូលឆ្នាំថ្មីនេះ គ.ជ.បថ្មី នឹងកែប្រែបទបញ្ជាផ្ទៃក្នុងឲ្យស្របទៅនឹងច្បាប់ថ្មីដែលសភាបានអនុម័ត៖ «ការកែសម្រួលបទបញ្ជា និងនីតិវិធី បទបញ្ជាផ្ទៃក្នុងទៀតដែល គ.ជ.ប ត្រូវកែសម្រួល ព្រោះច្បាប់នោះនៅតែជាធរមានដដែល ដូច្នេះយើងត្រូវកែសម្រួលឲ្យស្របនឹងច្បាប់ថ្មីនេះ»។
គ.ជ.បថ្មី ត្រូវបានបង្កើតឡើងនេះ គឺមេដឹកនាំគណបក្សទាំងពីរអះអាងថា បានកើតចេញពីវប្បធម៌សន្ទនាក្រោយកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងបានដាក់ចេញរូបមន្តបង្កើត គ.ជ.បថ្មីនេះ គឺសមាជិកម្ខាង ៤រូបជ្រើសចេញពីគណបក្សជាប់ឆ្នោតទាំងពីរ និង ១រូបទៀតជ្រើសចេញពីអង្គការសង្គមស៊ីវិល។ គណបក្សទាំងពីរ បានឯកភាពយករូបមន្តបែបនេះ ដើម្បីធានានូវឯកភាព តម្លាភាព និងសេរី នៅពេលបោះឆ្នោតអាណត្តិក្រោយ។ ក៏ប៉ុន្តែ គេនៅរង់ចាំមើលទៀតថា តើ គ.ជ.បថ្មីនេះ នឹងអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រកម្ពុជា ក្នុងការបោះឆ្នោត ដែលធ្វើឲ្យការបោះឆ្នោតដែលគ្មានបញ្ហា និងទទួលបានគ្រប់ភាគីមែនដែរឬទេ?
លោក គួយ ប៊ុនរឿន បន្ថែមថា គ.ជ.ប ចង់ពន្លឿនការងាររបស់ខ្លួននៅក្រោយពេលរៀបចំអគ្គលេខាធិការដ្ឋានរួច នឹងត្រូវរៀបចំការចុះឈ្មោះ និងរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀង និងមានចែងនៅក្នុងច្បាប់បោះឆ្នោតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
