មន្ត្រីនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប នឹងត្រូវបោះឆ្នោតជ្រើសរើសក្នុងរយៈពេល ៣ខែខាងមុខទៀតនេះ។ ការបញ្ជាក់ពីជំហរដូចនេះរបស់មន្ត្រី គ.ជ.ប គឺធ្វើឡើងបន្ទាប់ពីសាធារណជននៅរង់ចាំលទ្ធផលនៃការជ្រើសរើសអគ្គលេខាធិការថ្មីនៅក្រោយពេលស្ថាប័ន គ.ជ.បថ្មីបានបង្កើតឡើងជាច្រើនខែមកហើយ តែគេឃើញអគ្គលេខាធិការចាស់នៅតែបន្តតួនាទីនេះដដែល។
មន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប ថ្លែងឲ្យដឹងថា ដោយសារពុំបានចងដោយច្បាប់ និងបទបញ្ជាផ្ទៃក្នុងនៃ គ.ជ.ប ហេតុនេះការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ក្នុងពេលខាងមុខនេះ នឹងពុំបានបិទសិទ្ធិ ឬប្រកាន់ថា ទាល់តែបេក្ខជនថ្មីទើបអាចមានសិទ្ធិចូលរួមប្រកួតប្រជែងឈរឈ្មោះបាននោះទេ ពោលគឺអ្នកចាស់នៅតែមានសិទ្ធិឈរឈ្មោះដដែល។
លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យរបស់ គ.ជ.ប ឲ្យដឹងកាលពីថ្ងៃទី២១ ខែមិថុនា ថា ពេលវេលានៃការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងថ្មីរបស់ គ.ជ.ប នឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រមាណ ១២០ថ្ងៃខាងមុខទៀតនេះ។ លោកថ្លែងបន្តថា មូលហេតុដែលនាំឲ្យមានភាពយឺតយ៉ាវជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប នេះ គឺដោយសារត្រូវរង់ចាំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកមន្ត្រីរាជការរបស់ គ.ជ.ប ជាមុនសិន។ បន្ថែមពីលើនេះទៀត បន្ទាប់ពីមានលក្ខន្តិកៈដោយឡែកមន្ត្រីរាជការរបស់ គ.ជ.ប ហើយ គឺត្រូវអមដោយអនុក្រឹត្យមួយបន្ថែមទៀត គឺអគ្គលេខាធិការដ្ឋានដែលចែងលម្អិតពីរចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវក្រោយពីមន្ត្រី គ.ជ.ប ដំណើរការ។ លោកបន្តថា «បច្ចេកទេសដដែល គឺអគ្គលេខាធិការ គឺត្រូវតែបន្តនិរន្តរភាពការងារ។ គ.ជ.ប ធ្វើការងារវិសោធនកម្មកែទម្រង់បទបញ្ជា និងនីតិវិធីផ្សេងៗផង ហើយដំណើរការការងារចុះឈ្មោះបោះឆ្នោតផង»។
លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងទៀតថា ព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកមន្ត្រីរាជការរបស់ គ.ជ.ប ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខារួចហើយកាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ។ លក្ខន្តិកៈនេះមានភារកិច្ចដ៏ចម្បង គឺសម្រាប់ធ្វើសមាហរណកម្មពីមន្ត្រីជាប់កិច្ចសន្យារបស់ គ.ជ.ប មកជាមន្ត្រីចូលក្នុងក្របខ័ណ្ឌពេញសិទ្ធិដូចស្ថាប័នរដ្ឋដទៃទៀតដែរ។
ស្របពេលជាមួយគ្នានេះ កាលពីចុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានសម្រេចនូវគោលនយោបាយផ្ទៃក្នុងរបស់ខ្លួនចំនួន ២ចំណុចដែរ គឺទី១ សេចក្ដីសម្រេចអំពីការបែងចែកការទទួលខុសត្រូវទៅតាមបណ្ដាខេត្ត និងសេចក្ដីសម្រេចទី២ ពាក់ព័ន្ធទៅនឹងសមាជិក គ.ជ.ប ត្រូវមានទំនាក់ទំនងនឹងការទទួលខុសត្រូវជាមួយស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការប្រព្រឹត្តទៅនៃការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប នេះ ដោយសារពុំមានចងដោយច្បាប់ ថែមទាំងពុំមានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងផង។ ហេតុនេះ បេក្ខជនទាំងថ្មី និងចាស់របស់ គ.ជ.ប អាចចូលរួមប្រកួតប្រជែងបាន ដោយរួមទាំងអគ្គលេខាធិការកំពុងនៅក្នុងតួនាទីផង ក៏ប៉ុន្តែ សេចក្ដីសម្រេចបែបណានៅនាទីចុងក្រោយ គឺផ្អែកលើថ្នាក់ដឹកនាំ គ.ជ.ប ជាអ្នកបោះឆ្នោតសម្រេច។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ទទួលស្គាល់ថា ថ្វីបើពុំមានកំណត់ដោយច្បាប់ចំពោះសមាសភាពនៃអគ្គលេខាធិការនេះក៏ដោយចុះ ប្រសិនបើ គ.ជ.ប មិនធ្វើកំណែទម្រង់ដោយប្រាកដនិយមទេ ហើយការសម្រេចចុងក្រោយដោយបន្តរក្សាតួនាទីអគ្គលេខាធិការចាស់ លោក ទេព នីថា នោះ អាចនឹងប៉ះពាល់ជំនឿ និងសេចក្ដីទុកចិត្តពីម្ចាស់ឆ្នោត។ លោកបន្តថា «អ្នកពាក់ព័ន្ធដែលមិនគាំទ្រគណបក្សកាន់អំណាចហ្នឹង គេមិនសប្បាយចិត្ត ដល់អ៊ីចឹងទៅ នេះគឺជាបញ្ហាប្រឈមរបស់ គ.ជ.ប។ បច្ចុប្បន្នថាតើពួកគាត់យក គ.ជ.ប ចាស់ធ្វើយ៉ាងម៉េច ដើម្បីឲ្យគេមានទំនុកចិត្តទៅលើគាត់? អាហ្នឹងមួយ។ ទីពីរទៀត តើគាត់យកក្រុមចាស់ដដែល ពេលគាត់ដាក់គំនិតកំណែទម្រង់អីហ្នឹង ថាតើវាអាចរុញការកែទម្រង់បានប្រសិទ្ធភាពដែរទេ»។
ក្រោយការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ មានប្រតិកម្មជាខ្លាំងចំពោះលទ្ធផលបោះឆ្នោត។ គណបក្សប្រឆាំង ព្យាយាមជំទាស់ជាញឹកញាប់ និងច្រានចោលលទ្ធផលឆ្នោត។ ប្រតិកម្មនេះរហូតធ្វើឲ្យគណបក្សនយោបាយ ដែលជាគូប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើពហិការមិនចូលសភា និងជម្រើសចុងក្រោយ ធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោតថែមទៀតផង។ បញ្ហាទាំងនេះ ជាកំហុសមួយផ្នែកធំ គឺត្រូវបក្សប្រឆាំងចោទប្រកាន់ថា ជាបន្ទុករបស់ គ.ជ.ប ហើយស្ថាប័នឯករាជ្យមួយនេះទៀតសោត ប្រហែលជាធ្វើកិច្ចការមួយចំនួនបម្រើឲ្យគណបក្សគ្រប់គ្រងអំណាច។ នៅទីបំផុត គណបក្សជាប់ឆ្នោតទាំងពីរបានរំលាយសមាសភាព គ.ជ.ប ចាស់ និងបង្កើតច្បាប់បោះឆ្នោតថ្មី និងរៀបចំស្ថាប័ន គ.ជ.ប ថ្មី វិញដែរ។
មកទល់ពេលនេះ អគ្គលេខាធិការចាស់ លោក ទេព នីថា នៅតែបន្តការងារដដែល។ ទាំងបទបញ្ជាផ្ទៃក្នុង និងច្បាប់ គ.ជ.ប ចាស់ កៅអីអគ្គលេខាធិការនេះ គឺជាសេនាធិការដ៏មានឥទ្ធិពលរបស់ប្រធាន គ.ជ.ប ជាប់ពាក់ព័ន្ធនឹងការធ្វើសេចក្តីសម្រេចនានា។ ស្ថិតក្រោមហេតុផលនេះហើយ ដែលក្រុមអ្នកជំនាញកិច្ចការបោះឆ្នោត និងគណបក្សនយោបាយមកពីសំឡេងភាគតិច យល់ឃើញថា គឺជាក្ដីកង្វល់ និងអាចបង្កើតភាពស្មុគស្មាញបន្តទៀត ប្រសិនបើអគ្គលេខាធិការចាស់ លោក ទេព នីថា ត្រូវបានរក្សាទុកក្នុងតួនាទីជាអគ្គលេខាធិការដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
