អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​បក្ស​ប្រឆាំង​ម្នាក់​នៅ​សៀមរាប​ទាមទារ​បើក​ប្រាក់​ខែ

0:00 / 0:00

ការ​ជាប់​គាំង​ខាង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មាន​អាសនៈ​សភា ជាច្រើន​ខែ​មក​ហើយ​ហាក់​មាន​សភាព​ធូរ​ស្រាល​បន្តិច​វិញ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​មាន​ឆន្ទៈ​ចរចា​គ្នា​លើ​បញ្ហា​ខ្លះៗ។

ក៏ប៉ុន្តែ នៅ​តាម​ខេត្ត ស្រុក​ខ្លះ គឺ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ស្រុក មួយ​ចំនួន ដែល​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​នៅ​មាន​ការ​រើសអើង​ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា ដែល​មក​ពី​គណបក្ស​ប្រឆាំង​នៅ​ឡើយ។

ការ​រើសអើង​នោះ គឺ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ខ្លះ​មិន​បើក​ប្រាក់​ខែ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​ទេ នៅ​ពេល​ដែល​សមាជិក​ខ្លះ​បាន​ប្ដូរ​បេក្ខភាព​ពី​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​មិន​ដូរ​បេក្ខភាព​ក៏ដោយ។

អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម នៃ​គណបក្ស សម រង្ស៊ី មួយ​រូប ដែល​ទើប​បញ្ចប់​អាណត្តិ កំពុង​ទាមទារ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប និង​ស្រុក​សូទ្រនិគម ត្រូវ​តែ​បើក​ប្រាក់​ខែ​ចំនួន ១​លាន​រៀល ដែល​មន្ត្រី​បាន​កាត់​ដោយ​ខុស​ច្បាប់ ត្រឡប់​មក​ឱ្យ​រូប​គាត់​វិញ។

អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម គឺ​លោក គឹម ពិសិដ្ឋ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មិថុនា ថា ប្រាក់​ខែ​របស់​គាត់​ចំនួន ៥០​ម៉ឺន​រៀល​ក្នុង​១​ខែ ត្រូវ​បាន​គេ​កាត់​ចាប់​ពី​ខែ​មេសា និង​ខែ​ឧសភា។ បុរស​ដដែល​បញ្ជាក់​ថា លោក គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម របស់​គណបក្ស សម រង្ស៊ី ហើយ​នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ កាល​ពី​ខែ​ឧសភា កន្លង​ទៅ រូប​លោក​មិន​បាន​ប្ដូរ​បេក្ខភាព​ចេញ​ពី​គណបក្ស សម រង្ស៊ី ទៅ​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទេ ក៏ប៉ុន្តែ​ប្រាក់​ខែ​របស់​លោក ត្រូវ​គេ​កាត់​ដូចជា​អ្នក​ដែល​ប្ដូរ​បេក្ខភាព​ដែរ។

អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​រូប​នោះ ឱ្យ​ដឹង​ថា លោក​បាន​សួរ​ដេញ​ដោល​បញ្ហា​នេះ​ទៅ​មន្ត្រី​គណនេយ្យ​ស្រុក​ចំនួន​ពីរ​លើក ក៏ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ទេ៖ «ខ្ញុំ​សួរ​ថា ហេតុ​អ្វី​បាន​ជា​អត់​ប្រាក់​ខែ​ឱ្យ​ខ្ញុំ? គាត់​ថា ខ្ញុំ​ហ្នឹង​ជាប់​ពាក់ព័ន្ធ​ចូលរួម​ហែ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ពាក់​អាវ​ពាក់​អី គាត់​ថា​ខ្ញុំ​ចូល​ជា​សមាជិក​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​តវ៉ា​ជាមួយ​គាត់​ថា វា​មិន​ត្រូវ​នឹង​ច្បាប់​ទេ ព្រោះ​អី​ប្រជាពលរដ្ឋ​ម្នាក់​អាច​មាន​សិទ្ធិ​ទៅ​គាំទ្រ​គណបក្ស​ដទៃ​បាន។ គ្មាន​លក្ខខណ្ឌ​ណា​ដែល​អាច​បញ្ជាក់​ថា ខ្ញុំ​ហ្នឹង​ជា​សមាជិក និង​ឈរ​ជា​បេក្ខជន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ ឥឡូវ​ចាំ​មើល​ដំណឹង​ពី​គាត់​មិន​ទាន់​បើក​ប្រាក់​ខែ​ឱ្យ​ទៀត»

ទាំង​មន្ត្រី​សាលា​ស្រុក និង​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម ដែល​ធ្លាប់​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ បាន​ឆ្លើយ​ដូច​គ្នា​ថា គេ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ជុំវិញ​រឿង​មិន​បើក​ប្រាក់​ខែ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​ម្នាក់​នោះ​ទេ។

អតីត​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម លោក យិន សង មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ជុំវិញ​រឿង​នោះ​ទេ ពីព្រោះ​កាល​ណោះ​លោក​ជាប់​រវល់​ការងារ។ ក៏ប៉ុន្តែ​នៅ​ពេល​ដឹង​ថា សមាជិក​របស់​លោក​មិន​បាន​ប្រាក់​ខែ គឺ​លោក​ធ្លាប់​ជួយ​សម្រប​សម្រួល​ឱ្យ​សាមី​ខ្លួន​សរសេរ​ពាក្យ​ស្នើសុំ​បើក​ប្រាក់ ដាក់​ទៅ​សាលា​ខេត្ត​សៀមរាប ឡើង​វិញ​ដែរ៖ «គាត់​ធ្វើ​សេចក្តី​ប្រកាស​ថា គាត់​មិន​បាន​ចូល​ទទេ វា​គ្មាន​ស្អី​ជា​សំអាង មាន​ឯកសារ​យក​ទៅ​ស្នើសុំ​ទៅ​លើ​ទៀត។ បាន​ក្រោយ​មក ទៅ​ប្រាប់​ខ្ញុំៗ​ថា​ធ្វើ​តាម​គេ​ទៅ ឱ្យ​គេ​ដោះស្រាយ​តាម​ដំណើរ​នោះ​ទៅ ប៉ុន្តែ​មិន​ដឹង​ថា គាត់​បាន​ធ្វើ​ឬ​ក៏​អត់ ខ្ញុំ​ក៏​មិន​ដឹង»

ចំណែក​អភិបាល​ស្រុក​សូទ្រនិគម លោក ឌិត ដន បាន​បដិសេធ​មិន​ពន្យល់​រឿង​នោះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​និវត្តន៍​ទៅ​ហើយ។ លោក ឌិត ដន បាន​ជំរុញ​ឱ្យ​សួរ​រឿង​នេះ​ទៅ​អភិបាល​ស្រុក​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី។

ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក គណបក្ស សម រង្ស៊ី មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប ៣​រូប និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ចំនួន ៣១​រូប ហើយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤ គឺ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ចំនួន ៣៣​រូប បាន​ប្ដូរ​បេក្ខភាព​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ លើក​លែង​តែ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សូទ្រនិគម ម្នាក់​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ហៅ​ការ​មិន​បើក​ប្រាក់​ខែ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ស្រុក មក​ពី​គណបក្ស​ប្រឆាំង​ម្នាក់​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។ អង្គការ​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ការ​មិន​បើក​ប្រាក់​ខែ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​នោះ គឺ​អាច​ជា​ការ​ស្អប់​ខាង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។