មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បង្ហាញក្តីព្រួយបារម្ភខ្លាចមហាជនខ្មែរផ្ទុះកំហឹង ឬមានការតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃណាមួយ ដើម្បីប្រឆាំងទៅលើការបំភ្លៃប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលផ្ដើមដោយមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលស្នើដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ត្រូវជួបដំណោះស្រាយជាមួយស្ថានទូតវៀតណាម ឲ្យបានឆាប់ ព្រោះអាចមានជម្លោះរវាងជាតិសាសន៍ទាំងពីរធ្ងន់ធ្ងរ។
មេដឹកនាំសហព័ន្ធនិស្សិត និងសមាគមខ្មែរកម្ពុជាក្រោម ព្រមានដឹកនាំក្រុមយុវជន ព្រះសង្ឃ និងមហាជន ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃពុធ ទី១៦ ខែកក្កដា បន្តទៀត ដើម្បីប្រឆាំងទៅនឹងសម្ដីប្រមាថរបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ដែលបានបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរក្រោម។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ឲ្យដឹងថា លោកមិនអាចអត់ទ្រាំចំពោះសម្ដីប្រមាថម្តងជាពីររបស់ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម បានទេ។ លោកបន្តថា ទឹកដីកម្ពុជាក្រោម មិនមែនជារបស់វៀតណាម ជាយូរលង់មកហើយដូចអ្នកនាំពាក្យរូបនេះលើកឡើងទេ គឺទើបបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ប៉ុណ្ណោះ។
មេដឹកនាំយុវជនរូបនេះ បានរិះគន់ និងពេបជ្រាយទៅលើសកម្មភាពដឹកនាំរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ ដែលមិនហ៊ានធ្វើសកម្មភាពតបត និងរណបលន់តួប្រទេសវៀតណាម ទោះត្រូវគេប្រមាថដល់ជាតិសាសន៍បែបណាក្តី៖ «រាជរដ្ឋាភិបាលកម្ពុជា លោកត្រូវតែពិចារណារឿងនេះ ព្រោះថា វាជារឿងជាតិ ហើយរដ្ឋាភិបាលខ្មែរត្រូវតែបង្ហាញនូវគោលជំហរដែលស្រឡាញ់ជាតិ ការពារទឹកដី ការពារប្រជាជនខ្លួន ជាជាងអោបដៃស្ងៀម ហើយថែមទាំងបង្ក្រាបទៅដល់ការតវ៉ារបស់ពួកយើងថែមទៀត»។
លោក ម៉ៅ ពិសេស ថ្លែងថា មហាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងសម្ដីប្រមាថរបស់ជនជាតិវៀតណាម ចំពោះប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ទំនងជាមិនអាចជៀសផុតទេនាថ្ងៃអនាគត បើវៀតណាម មិនសុំទោស ឬមិនទទួលស្គាល់ប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម នោះ។
ទាក់ទិនបញ្ហានេះ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស និងច្បាប់របស់សមាគមអាដហុក (adhoc) បានចាត់ទុកទង្វើ ឬពាក្យសម្ដីរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ថាជាការបង្កើតឲ្យមានកំហឹងជាតិសាសន៍រវាងជនជាតិខ្មែរ និងវៀតណាម។ លោកថា សកម្មភាពបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម របស់អ្នកនាំពាក្យស្ថានទូតវៀតណាម ជំរុញឲ្យពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំពាសពេញផ្ទៃប្រទេសក្នុងពេលដ៏ឆាប់ខាងមុខ។
លោក នី ចរិយា៖ «ខ្ញុំយល់ថា អ្វីដែលជាទង្វើរបស់អ្នកនាំពាក្យវៀតណាម កន្លងមកនេះ ជារឿងមួយធ្វើឲ្យកើតមានកំហឹងជាតិសាសន៍ ហើយបញ្ហានេះជាបញ្ហាមួយដែលផ្ទុយទៅនឹងគោលការណ៍របស់ប្រទេសនៅក្នុងសហគមន៍អាស៊ាន ដែលគេខិតខំធ្វើយ៉ាងណាឲ្យសហគមន៍អាស៊ានហ្នឹង ជាសហគមន៍មួយរស់នៅដោយសុខដុមរមនា។ ហើយមិនគួរណាគាត់យកមកនិយាយឲ្យផ្ទុះឡើងជាកំហឹងជាតិសាសន៍អ៊ីចឹងនោះទេ ព្រោះរឿងនេះជារឿងប្រវត្តិសាស្ត្រមួយដែលអ្នកណាក៏គេដឹង ពិភពលោកក៏គេដឹង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះថ្លែងចាត់ទុកសម្ដីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចំពោះប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ថាមានបំណងប្រមាថដល់ពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា ដោយចំហ។
លោក នី ចរិយា យល់ថា ការប្រមាថនេះនឹងនាំឲ្យយុវជនកម្ពុជា ឬសាធារណជនស្នេហាជាតិ ផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ប្រឆាំងចំពោះការប្រមាថរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម រហូតមានដំណោះស្រាយ។
សម្រាប់ លោក អាង ច័ន្ទឫទ្ធី នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច ក៏បានចាត់ទុកសម្ដីរបស់មន្ត្រីទូតវៀតណាម ទៅលើប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម អាចជាការបង្កើតឲ្យមានចលាចលហិង្សាក្នុងប្រទេសកម្ពុជា រវាងជាតិសាសន៍ប្រទេសទាំងពីរ។ លោកបន្តថា ប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជា មានការដឹងឮជាសកល ឬជាលក្ខណៈអន្តរជាតិ។ ដូច្នេះ មន្ត្រីស្ថានទូតវៀតណាម មិនគួរមកបំភ្លៃប្រវត្តិសាស្ត្រទាំងនេះទេ៖ «ទស្សនៈហ្នឹងក៏អាចបណ្ដាលឲ្យមានអំពើហិង្សា ឬក៏មានការតវ៉ា ឬក៏ការទាមទារបន្ថែមទៀតពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរងគ្រោះរាប់សិបជំនាន់មកហើយ ទាំងនៅកម្ពុជាក្រោម ក៏ដូចជានៅប្រទេសកម្ពុជា និងនៅប្រទេសជិតខាងផ្សេងទៀត»។
លោក អាង ច័ន្ទឫទ្ធី ព្រលយថា ប្រជាពលរដ្ឋខ្មែរមានកំណើតក្នុងទឹកដីកម្ពុជាក្រោម មានព្រះសង្ឃ និងយុវជន ជាដើម នឹងមិនលះបង់ការតស៊ូ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការប្រមាថរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ដែលមានបំណងក្លែងបន្លំឯកសារប្រវត្តិសាស្ត្រ នៃទឹកដីខ្មែរកម្ពុជាជាដាច់ខាត។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ផ្តល់វិភាគថា ពាក្យសម្ដីរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា ទាក់ទងប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម គឺបង្ហាញពីការប្រមាថដល់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។ លោកថា ពាក្យប្រមាថនេះបានប៉ះពាល់ដល់អារម្មណ៍យុវជន បញ្ញវន្ត និងសាធារណជនខ្មែរទូទៅ ឲ្យចេះក្រោកឈរការពារកិត្តិយស និងទឹកដីរបស់ខ្លួន ទោះត្រូវបាត់បង់ ឬនៅសេសសល់ឲ្យគង់វង្សនាថ្ងៃខាងមុខ៖ «រឿងទី២ មេរៀនដ៏ជូរចត់ ដែលស្ថានទូតវៀតណាម ផ្តល់ឲ្យនេះ គួរតែជាមេរៀនមួយធ្វើឲ្យអ្នកដឹកនាំកម្ពុជាហ្នឹងភ្ញាក់រលឹក ហើយថ្កោលទោសនូវទង្វើដ៏អាក្រក់នេះ សម្រាប់កិច្ចការពារប្រជាជនកម្ពុជា និងដែនដីកម្ពុជា។ រឿងទី៣ ពាក្យពេចន៍ទាំងអស់នេះ វាមិនត្រឹមតែចង់បំបាត់នូវដានប្រវត្តិសាស្ត្រទេ ថែមទាំងប្រមាថមើលងាយទៅដល់វីរជនខ្មែរយើង ដែលពលីជីវិតក្នុងកិច្ចការពារទឹកដីកម្ពុជាទៅទៀត»។
លោក កែម ឡី ដែលជាអ្នកវិភាគឯករាជ្យផងនោះ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា ត្រូវរកដំណោះស្រាយបញ្ចប់វិវាទនៃការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ឲ្យបានឆាប់ ព្រោះបញ្ហានេះមានកំសួលហិង្សាធ្ងន់ធ្ងររវាងជនជាតិប្រទេសទាំងពីរ៖ «ខ្ញុំគិតថា សាររបស់ជនជាតិយួន នេះ រដ្ឋាភិបាលកម្ពុជា គួរតែចរចាជាមួយស្ថានទូតយួន ឲ្យគាត់មានការសុំទោស។ ទី២ រដ្ឋាភិបាលគួរតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនូវទង្វើ ឬក៏ពាក្យពេចន៍ប្រកបដោយការញុះញង់របៀបនេះ»។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រាល់ការធ្វើបាតុកម្មណាមួយ ត្រូវមានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានជាមុន។ ឆ្លើយតបអ្នកវិភាគ លោក ផៃ ស៊ីផាន ថ្លែងថា រដ្ឋាភិបាលមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់ក្រុម ឬផ្នែកណាមួយនោះទេ៖ «ការបញ្ចេញយោបល់តាមសាធារណៈ និងការឆ្លើយឆ្លងរបស់មន្ត្រីស្ថានទូតវៀតណាម អាហ្នឹងជាការបញ្ចេញយោបល់របស់មន្ត្រីស្ថានទូតវៀតណាម។ ចំពោះរាជរដ្ឋាភិបាលយើង គឺយើងធ្វើទៅតាមនីតិរដ្ឋ បានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ។ រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់អ្វីដែលជាផលប្រយោជន៍របស់ទំនាក់ទំនង និងសហប្រតិបត្តិការ ប្រាសចាកពីច្បាប់ យើងមិនអនុញ្ញាតទេ។ យើងចាត់វិធានការទៅតាមច្បាប់ទម្លាប់ យើងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាពីក្រុមណាមួយនោះឡើយ»។
កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ក្រុមយុវជន សិស្ស និស្សិត ព្រះសង្ឃ និងពលរដ្ឋកម្ពុជា រាប់រយនាក់ និងអង្គ បានធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រីនាំពាក្យស្ថានទូតនេះ សុំទោសជាសាធារណៈចំពោះការលើកឡើងដែលថា ទឹកដីខ្មែរកម្ពុជាក្រោម វៀតណាម គ្រប់គ្រងជាយូរមកហើយ។ ប៉ុន្តែកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលបង្ក្រាបដោយហិង្សា។
ទោះយ៉ាងណា ស្ថានទូតវៀតណាម បានរក្សាជំហរមិនសុំទោសប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការអះអាងដែលថា ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីវៀតណាម ជាយូរមកហើយ គឺមិនមែនទើបបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅឆ្នាំ១៩៤៩ ទេ។ ជំហររបស់ស្ថានទូតវៀតណាម បែបនេះ កើតឡើងក្រោយពេលព្រះសង្ឃ និស្សិត និងសកម្មជនខ្មែរកម្ពុជាក្រោម ក្រោកឡើងតវ៉ាកាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ដើម្បីទាមទារឲ្យស្ថានទូតវៀតណាម សុំទោសជាផ្លូវការចំពោះការបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម របស់អ្នកនាំពាក្យស្ថានទូតវៀតណាម។
មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ដែលចេះនិយាយភាសាខ្មែរស្ទាត់ជំនាញនោះ នៅតែរក្សាជំហរមិនកែប្រែពាក្យសម្ដីរបស់ខ្លួន ដែលលើកឡើងថា ទឹកដីកម្ពុជាក្រោម វៀតណាម គ្រប់គ្រងយូរមកហើយ គឺមិនមែនទើបបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅឆ្នាំ១៩៤៩ ទេ។ លោក ត្រឹង វ៉ាន់ថុង ពោលបែបចំអកថា បាតុករដែលប្រមូលផ្តុំទាមទារឲ្យស្ថានទូតវៀតណាម សុំទោសនោះ គ្រាន់តែជាក្រុមតូចមួយ គឺមិនតំណាងឲ្យពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសទេ៖ «ដីវៀតណាម ភាគខាងត្បូងហ្នឹង គឺជារបស់វៀតណាម។ ហើយបញ្ហាគេថាបារាំង កាត់ដីវៀតណាម ទៅឲ្យកម្ពុជា ឬកាត់ដីកម្ពុជាទៅឲ្យវៀតណាម គឺអត់មានទេ។ ខ្ញុំសុំបញ្ជាក់ឲ្យច្បាស់»។
យ៉ាងនេះក្តី សហគមន៍ខ្មែរកម្ពុជាក្រោម នៅតែរក្សាជំហរបន្តទាមទារឲ្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា សុំទោសជាផ្លូវការចំពោះការប្រមាថ និងបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម រហូតមានដំណោះស្រាយ។
ឯកសារបង្ហាញថា អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្តក្រុង ដែលមានផ្ទៃដីទំហំជាង ៦ម៉ឺន ៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យប្រទេសវៀតណាម កាន់កាប់ដោយខុសច្បាប់ និងគ្មានការឯកភាពយល់ព្រមពីពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ គិតមកដល់ឆ្នាំ២០១៤ មានរយៈពេល ៦៥ឆ្នាំគត់ ដែលជោគវាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ជាង ១០លាននាក់ជាម្ចាស់ទឹកដី ឬម្ចាស់ស្រុក ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
