ក្រុមប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀង មួយចំនួន អ្នកខ្លះប្រជុំគ្នាពិភាក្សាតាមរោងកាហ្វេ និងអ្នកខ្លះទៀតពិភាក្សាគ្នានៅមុខកញ្ចក់ទូរទស្សន៍ក្នុងផ្ទះរបស់ខ្លួនថា ពួកគាត់មានការអាក់អន់ស្រពន់ចិត្តចំពោះកិច្ចប្រជុំសភាដំបូង ថាជាកិច្ចប្រជុំសភាមួយដែលមិនបានបង្ហាញអំពីឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ។ ការថ្លែងដូចនេះ កើតឡើងបន្ទាប់ពីពួកគាត់មើលឃើញកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍ ដែលមានសមាជិកសភាចូលរួមប្រជុំមិនបានគ្រប់ចំនួន និងមកពីគណបក្សនយោបាយដែលឈ្នះឆ្នោតទាំងពីរ។
ក្រុមប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៣ កញ្ញា ថា កិច្ចប្រជុំសភាដំបូងនេះជាកិច្ចប្រជុំដែលមិនបានដំណើរការទៅតាមគន្លងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ៖ «វាមិនមែនជាឆន្ទៈរបស់រាស្ត្រទេ ការចូលប្រជុំហ្នឹង ខ្ញុំមិនគាំទ្រទេ លើការប្រជុំបែបហ្នឹង។ ខ្ញុំមើលទៅតាមទូរទស្សន៍ឃើញថា សភាដែលចូលរួមឃើញកៅអីមួយខាងចំហទទេ អត់ឃើញសភាខាងគណបក្សមួយទៀតចូលរួមទេ។ បើយើងនិយាយឲ្យកូរ៉ុមចាប់ពី១២០ ឡើងទៅ បានគ្រប់កូរ៉ុម។ ដល់ឥឡូវឃើញតែ ៦៨អ៊ីចឹង ដល់មើលទៅវាចន្លោះប្រហោងច្រើន វាមិនយកទៅតាមសំណូមពររបស់ពលរដ្ឋ។ ក្នុងដំណាក់កាលដែលប្រជាពលរដ្ឋមួយចំនួនធំនោះមិនទាន់រកយុត្តិធម៌ មិនទាន់មានភាពយុត្តិធម៌ អ៊ីចឹងសភាកើតឡើងនេះ គឺរំលោភពីច្បាប់ធម្មនុញ្ញឆ្នាំ១៩៩៣។ ប្រជាពលរដ្ឋទាំងអស់វាមិនប្រក្រតីទៅហើយ វាខុសច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុង។ ដូច្នេះ ប្រជាពលរដ្ឋមិនគាំទ្រទេ។ ខ្ញុំមិនយល់ព្រមការប្រជុំសភានេះដែលមិនមានគ្រប់កូរ៉ុម។ ដូច្នេះ ខ្ញុំជាពលរដ្ឋមួយរូបមិនពេញចិត្តដែលកើតឡើងនេះទេបាទ»។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុខ ទូច បង្ហាញថា ប្រជាពលរដ្ឋលោកអាក់អន់ចិត្ត ដោយសារគណបក្សប្រជាជនកម្ពុជា មិនព្រមបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីត្រួតពិនិត្យតាមដានភាពមិនប្រក្រតីនៃការបោះឆ្នោតទៅតាមការស្នើសុំរបស់គណបក្សប្រឆាំង៖ «ខ្ញុំយល់ថា ប្រហែលជាបញ្ហាពីរ ទី១ គឺលោកចង់ឃើញគណៈកម្មការមួយឯករាជ្យ ដើម្បីត្រួតពិនិត្យទៅលើសន្លឹកឆ្នោតដែលគាត់បានបោះ មកហេតុអីក៏វាអ៊ីចឹង។ ហើយហេតុអីក៏អ្នកឈ្នះ ហេតុអីក៏យើងបារម្ភក្នុងការបង្កើតគណៈកម្មការឯករាជ្យហ្នឹង។ ទីពីរ ខ្ញុំជឿជាក់ថា លោកមិនបានមើលរដ្ឋធម្មនុញ្ញទេ ប្រហែលជាលោកអន់ចិត្តទៅលើព្រះមហាក្សត្រហើយ ដែលចង់ឲ្យពន្យារពេល ប៉ុន្តែព្រះមហាក្សត្រអត់ពន្យារតាមសំណើជាង ២សែននាក់ហ្នឹង អ៊ីចឹងប្រហែលគាត់អន់ចិត្តរឿងហ្នឹង»។
កិច្ចប្រជុំសភាតំណាងរាស្ត្រនីតិកាលទី៥ លើកដំបូង ប្រារព្ធឡើងនៅវិមានរដ្ឋសភា ក្រុងភ្នំពេញ ក្រោមព្រះរាជាធិបតីភាព ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកសភាចូលរួមប្រជុំចំនួន ៦៨រូប និងមានតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ចូលរួម។
ចំពោះសំណួរសួរថា តើសភាដែលមានសមាជិកសភាចូលរួមប្រជុំដំបូងចំនួន ៦៨រូបនេះ ជាសភាស្របច្បាប់ឬទេ?
លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា តាមយោបល់ផ្ទាល់របស់លោក សភានេះជាសភាស្របច្បាប់ ប៉ុន្តែលោកថា បញ្ហានេះទៅជាយ៉ាងណានោះ គឺស្ថិតលើសេចក្ដីថ្លែងការណ៍ឆ្លើយតបទទួលស្គាល់ពីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា សិន៖ «អ៊ីចឹងទេ យើងចាំមើលពួកបរទេសទៀត ដែលស្ថានទូតនិមួយៗបានចូលទៅប្រជុំសភាព្រឹកមិញហ្នឹង តើគេចេញសេចក្ដីថ្លែងការណ៍របៀបម៉េច នៅពេលដែលចេញមកហើយ ពេលនោះហើយដែលយើងនឹងបង្ហាញអំពីភាពមិនប្រក្រតីណាមួយ ទាក់ទងក្នុងបញ្ហាការបរទេស ហើយនិងសេដ្ឋកិច្ចអន្តរជាតិហ្នឹង»។
ការបោះឆ្នោតសភាតំណាងរាស្ត្រនីតិកាលទី៥ នៅកម្ពុជា បើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៨ កញ្ញា គណបក្សជាប់ឆ្នោតមានចំនួន ២គណបក្សនយោបាយ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨ និងគណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ៥៥អាសនៈ។ ហើយកិច្ចប្រជុំសភាតំណាងរាស្ត្រដំបូង បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ កញ្ញា ដែលមានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាជនចំនួន ៦៨រូប ចូលរួមប្រជុំ ដោយពុំមានសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
