ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន ទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ លុបចោលរាល់គម្រោងដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវៀតណាម តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ក្រុមនេះបារម្ភថា វៀតណាម អាចលេបត្របាក់យកទឹកដីកម្ពុជា តាមរយៈគម្រោងដីសម្បទានសេដ្ឋកិច្ច ដែលសម្បូរទៅដោយក្រុមកម្មករជនជាតិវៀតណាម។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ដីសម្បទានទាំងនោះមិនអាចបង្កផលប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា នោះឡើយ។
តំណាងរាស្ត្រមណ្ឌលសៀមរាប ពីខាងគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃអង្គារ ថា រាល់គម្រោងដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ឆ្នាំនៅតាមខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនវៀតណាម កំពុងគ្រប់គ្រងនោះមានរូបភាពដូចជាការបង្កើតរចនាសម្ព័ន្ធភូមិឃុំ ឬជាកសិដ្ឋានតាមរយៈការបញ្ជូនកម្មករវៀតណាម ដ៏ច្រើនសន្ធឹកសន្ធាប់មករស់នៅ និងធ្វើការក្នុងដីសម្បទានទាំងនោះ។
មន្ត្រីបក្សប្រឆាំងរូបនេះ ជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលគម្រោងដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ឆ្នាំជាមួយក្រុមហ៊ុនវៀតណាម នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីការពារពីការបាត់បង់ទឹកដីរបស់ខ្លួនទៅថ្ងៃក្រោយ៖ «ខ្ញុំបានចុះទៅខេត្តរតនគិរី កាលពីពេលថ្មីៗនេះ ខ្ញុំបានឃើញដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនយួន ហ្នឹង ដែលភាគច្រើនធ្វើការដាំកៅស៊ូ ហើយមានភូមិមួយទៀត គឺសុទ្ធតែយួន តែម្តង ហើយខ្មែរយើងអត់ហ៊ាននៅទេ ពីព្រោះយួន នៅពេញ។ អាហ្នឹងដែលជាគ្រោះថ្នាក់សម្រាប់ប្រទេសខ្មែរ»។
ស្ថិតិក្រុមហ៊ុនវិនិយោគដីសម្បទានដែលបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពាក់កណ្ដាលឆ្នាំ២០១២ បង្ហាញថា យ៉ាងហោចណាស់មានដីទំហំប្រហែល ១លានហិកតារ កំពុងគ្រប់គ្រងដោយក្រុមហ៊ុនវៀតណាម ជាង ១០០ នៅតាមខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ដែលភាគច្រើនចុះកិច្ចសន្យា ៩៩ឆ្នាំជាមួយរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនវៀតណាម ទាំងនោះរួមមាន ក្រុមហ៊ុន ភូរៀង ក្រចេះអភិវឌ្ឍន៍ ក្រុមហ៊ុន ដុង ណាយ ដុង ភូ ដាយដុងយឿង ដូវ ទៀង ប៊ិញហ្វឿក និងក្រុមហ៊ុនវៀតណាម ជាច្រើនទៀត។ ក្រុមហ៊ុនទាំងនេះ បានទទួលសម្បទានដីសេដ្ឋកិច្ចចាប់ពី ៥ពាន់ហិកតារ ១ម៉ឺនហិកតារ ហើយខ្លះរហូតដល់ទៅ ៧ម៉ឺនហិកតារ ក្នុងការវិនិយោគដាំដំណាំកសិឧស្សាហកម្ម រួមមាន កៅស៊ូ ដំឡូងមី និងដូងប្រេង ជាដើម។

ក្រុមអ្នកអភិរក្សធនធានធម្មជាតិនិយាយថា ការសុំដីសម្បទានដើម្បីដាំដំណាំកសិឧស្សាហកម្មរបស់ក្រុមហ៊ុនវៀតណាម ឬក្រុមហ៊ុនចិន ផ្សេងទៀត គ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ តែការពិត ក្រុមហ៊ុនទាំងនោះបានដកយកព្រៃឈើ និងរ៉ែដ៏មានតម្លៃរបស់ខ្មែររាប់ពាន់លានដុល្លារ ធ្វើអាជីវកម្មឲ្យហិនហោចតែម្តង។
ក្រុមនេះឲ្យដឹងថា ក្រៅពីក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា រាប់សែនហិកតារ ដើម្បីកាប់ព្រៃឈើ និងជីករ៉ែធ្វើអាជីវកម្មទៅក្រៅប្រទេស ដែលចំណេញកប់ក្តោងរាប់ពាន់លានដុល្លារហើយនោះ ក្រុមហ៊ុនទាំងនេះក៏បាននាំពលរដ្ឋរបស់ខ្លួន មកដាំកៅស៊ូក្នុងទឹកដីខ្មែររាប់ម៉ឺននាក់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ថែមទៀត។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ពលរដ្ឋខ្មែរខ្លះបានចាត់ទុកឈ្មោះក្រុមហ៊ុនវៀតណាម មួយចំនួន សឹងស្មើគ្នាទៅនឹងឈ្មោះភូមិឃុំរបស់ពួកគេទៅហើយ សម្រាប់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។ លោកបន្តថា កម្ពុជា កំពុងជួបគ្រោះភ័យនៃការបាត់បង់ទឹកដីរបស់ខ្លួនតាមបណ្តោយព្រំដែន ខណៈក្រុមហ៊ុនវៀតណាម ជាច្រើន កំពុងហ៊ុមព័ទ្ធរបងដីសម្បទានដែលខ្លួនទទួលបានពីរដ្ឋាភិបាលកម្ពុជា ដោយមន្ទិលសង្ស័យ៖ «រដ្ឋាភិបាលកម្ពុជា បើមិនខ្លាចបាត់ដីតទៅទៀតទេ ត្រូវលុបចោលដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនវៀតណាម យកអស់តាមព្រំដែន។ បើក្រុមហ៊ុនចិន ក្រុមហ៊ុនឥណ្ឌា ក្រុមហ៊ុនអឺរ៉ុប វាមិនបញ្ហាអីទេ ពីព្រោះប្រទេសវានៅឆ្ងាយ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវៀតណាម គឺធ្វើឡើងក្នុងចម្ងាយ ១គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ហើយថា បញ្ហាដីសម្បទាននេះមិនអាចប៉ះទង្គិចដល់បូរណភាពដែនដីកម្ពុជា នោះឡើយ៖ «យើងមិនដែលឲ្យធ្វើជាប់ខ្សែព្រំដែនទេ គឺយើងតែងតែឲ្យមានគម្លាតឆ្ងាយ។ ប្រសិនជាឲ្យធ្វើទៀតសោត ទាល់តែកន្លែងហ្នឹងវាបានកំណត់រួចហើយ បើមិនទាន់រួចទេ អាហ្នឹងយើងឲ្យឃ្លាតមិនតិចជាង ១គីឡូម៉ែត្រ ទៅ ២គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន»។
ផ្ទុយពីការលើកឡើងនេះ លោក កែម ឡី បញ្ជាក់ថា បើទោះបីជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចចម្ងាយ ១គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនក៏ដោយ ប៉ុន្តែក្រុមហ៊ុនវៀតណាម ដែលមានទំហំដីសម្បទានដ៏ច្រើនធំធេងនោះ អាចព័ទ្ធរបងមិនឲ្យពលរដ្ឋខ្មែរចេញចូលបាន លើកលែងតែពលរដ្ឋវៀតណាម។ លោកបន្តថា បញ្ហាទាំងនេះហើយដែលអាចនាំឲ្យមានការលួចចូលមកជីកស្រះក្នុងទឹកដីកម្ពុជា៖ «ម៉ាគីឡូ ពីរគីឡូពីព្រំដែន ប៉ុន្តែដីសម្បទានហ្នឹងវាទំហំ ៥ម៉ឺនហិកតារ ហើយគេហ៊ុមព័ទ្ធរបង។ តើអ្នកណាដែលអាចចូលទៅមើលព្រំដែនបាន? បើទោះបីម៉ាគីឡូចេញក៏ដោយ តែគេព័ទ្ធជាប់ហើយហ្នឹង ហើយអាច្រកគេផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យហ្នឹង គឺជាច្រកគេដឹកឈើចេញថែមទៀត ហើយអាចេញចូលតាមព្រំដែនហ្នឹងហើយដែលគេអាចចូលមកជីកប្រឡាយ ជីកស្រះ ឬជីកត្រពាំងអីបាន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារឲ្យបានតឹងរ៉ឹង ដើម្បីត្រួតពិនិត្យពីភាពស្របច្បាប់ទៅលើកម្មករវៀតណាម ទាំងឡាយដែលកំពុងធ្វើការ និងរស់នៅតាមបណ្ដាក្រុមហ៊ុនវៀតណាម ក្នុងទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
