គណបក្ស​នយោបាយ​គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា

ដោយ ខែ សុណង
2017-07-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP Photo

គណបក្ស​នយោបាយ គ្រោង​ធ្វើ​ពិធី​រំឭក​ខួប ២០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​រំឭក​ការ​ចងចាំ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយ​ប្រហារ​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​ចម្រុះ​ទាំង​ពីរ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​រយៈពេល ២០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទាន់​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​បង្កើត​ឲ្យ​មាន​ការ​បាញ់​ប្រហារ​គ្នា បណ្ដាល​ឲ្យ​ជន​ស្លូតត្រង់​ស្លាប់​ជាច្រើន​នាក់​នោះ មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

គិត​មក​ដល់​ឆ្នាំ​២០១៧ គឺ​រយៈពេល ២០​ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ប៉ុន្តែ​គណបក្ស​នយោបាយ​មួយ​ចំនួន មិន​បំភ្លេច​ហេតុការណ៍​នេះ​ទេ ហើយ​បាន​រៀបចំ​ពិធី​រំឭក​ខួប​នៃ​ការ​ចងចាំ​អំពី​ព្រឹត្តិការណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ។

មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ គណបក្ស​មួយ​ចំនួន​នឹង​ធ្វើ​ពិធី​រំឭក​ខួប​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា គណបក្ស​នឹង​ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។ លោក​ថា ពិធី​នេះ​គឺ​ជា​ពិធី​សាសនា​ដោយ​សូត្រ​មន្ត បង្សុកូល​គោរព​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ប្រើ​កម្លាំង ឬ​ប្រើ​អំពើ​ហិង្សា​តតាំង​គ្នា​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ៖ «ព្រោះ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មាន​អំពើ​ឃោរឃៅ យើង​ចង់​ឲ្យ​អ្នក​នយោបាយ​សម័យ​ក្រោយៗ​ទៀត ធ្វើ​សេចក្ដី​សម្រេច​អី​ក៏ដោយ កុំ​ឲ្យ​មាន​អំពើ​ហិង្សា មាន​អំពើ​ឃោរឃៅ​បាត់បង់​ជីវិត​មនុស្ស ធ្វើ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ឈឺចាប់។ យើង​ចង់​រំឭក​ព្រឹត្តិការណ៍​នេះ​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បាន​ទៅ​កាន់​សុគតិភព»

ទាក់ទង​នឹង​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ខួប​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ​ដែរ អ្នក​នាំ​ពាក្យ និង​ជា​អនុប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កក្កដា ថា មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា គណបក្ស​នឹង​រៀបចំ​ពិធី​រំឭក​ព្រឹត្តិការណ៍​នេះ​នៅ​ឡើយ​ទេ។ លោក​ថា ជាទូទៅ​អាច​មាន​ការ​ប្រារព្ធ​ពិធី​សាសនា ប៉ុន្តែ​រឿង​នេះ​ជា​ព្រឹត្តិការណ៍​ជូរចត់ ដែល​គណបក្ស​មិន​មាន​បំណង​គាស់​កកាយ​នូវ​រឿង​ចាស់​ឡើង​វិញ​នាំ​ឲ្យ​មាន​ភាព​ឈឺចាប់​នោះ​ឡើយ«ខ្ញុំ​ទើប​មក​ដល់​ស្រុក​ខ្មែរ​ដែរ ខ្ញុំ​មិន​ទាន់​ច្បាស់​ថា អគ្គលេខាធិការដ្ឋាន​គេ​នឹង​ធ្វើ​ការ​ម៉េចៗ ទាល់​តែ​ស្អែក​បាន​ព័ត៌មាន​ខ្លះ ជាទូទៅ​សូត្រ​មន្ត​សង្ឃទាន​អី​ខ្លះ​ទៅ»

អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ដែល​បាន​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ពី​អំណាច ដោយ​ការ​បង្ហូរ​ឈាម​បាន​ជោគជ័យ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​ទៅ​ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​លោក​ទេ។

អតីត​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​រឿង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-៦ កក្កដា ម្ដង​ណា​ទេ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ២០​ឆ្នាំ​មុន។

ទោះ​បី​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​របាយការណ៍​កម្រាស់ ៧៣​ទំព័រ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រៀបរាប់​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ ហៅ​ថា ជា​រដ្ឋ​ប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់​នរោត្តម រណឫទ្ធិ។

កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ជា ស៊ីម លោក ស ខេង និង​លោក កែ គឹមយ៉ាន ជា​ដើម បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋ​ប្រហារ​នោះ​ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជា​សព​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កង​កម្លាំង​របស់​លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កង​កម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

ក្នុង​របាយការណ៍​ក៏​បាន​រៀបរាប់​ពី​ការ​ស្លាប់​របស់​ឧត្ដមសេនីយ៍​មួយ​ចំនួន រួម​មាន​លោក ចៅ សម្បត្តិ លោក ក្រូច យឿម បន្ទាប់​ពី​ត្រូវ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​កង​កម្លាំង​អង្គភាព​ឆត្រ​យោង​៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី។ សាក្សី​និយាយ​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាញ់​ចំ​ក្បាល​ចំនួន ៣​គ្រាប់។ ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​ដែល​ស៊ើប​អង្កេត​ករណី​នេះ​ឡើយ គឺ​គ្រាន់​តែ​អះអាង​ថា លោក ចៅ សម្បត្តិ ខាំ​អណ្ដាត​សម្លាប់​ខ្លួន។ យ៉ាង​ណា សាកសព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រក​ឃើញ ដោយ​អង្គការ​សហប្រជាជាតិ និង​ក្រុម​គ្រួសារ​ដែល​បង្ហាញ​ពី​អំពើ​ទារុណកម្ម​មុន​ពេល​សម្លាប់។ អង្គភាព​៩១១ ត្រូវ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ទារុណកម្ម។ នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ បើក​ការ​ស៊ើប​អង្កេត មេ​បញ្ជាការ​អង្គភាព​៩១១ លោក ចាប ភក្តី បាន​ទទួល​ស្គាល់​ថា​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ទាំងនោះ​ឡើយ។ ក្រោយ​មក លោក ចាប ភក្តី ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថែម​ទាំង​ត្រូវ​បាន​ឡើង​បុណ្យ​ស័ក្ដិ តែងតាំង​ជា​ឧត្ដមសេនីយ៍​ទៀត។

ករណី​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​សម្លាប់​លោក ហូ សុក ដែល​ជា​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់​ចេញ​មុខ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​រៀបចំ​បណ្ដឹង​ប្រឆាំង​លោក ម៉ុង ឬទ្ធី ជា​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ លោក ហ៊ុន សែន ធ្លាប់​គំរាម​ឲ្យ​អ្នក​ហ៊ាន​លូកលាន់​រឿង​នេះ​ឲ្យ​ពាក់​មួក​ដែក។ លោក ហូ សុក ក៏​មាន​សត្រូវ​ម្នាក់​ទៀត​នៅ​ក្រសួង​មហាផ្ទៃ គឺ​លោក ហុក ឡង់ឌី។ នៅ​ក្រោយ​រដ្ឋ​ប្រហារ លោក​ត្រូវ​បាន​ចាប់​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាញ់​សម្លាប់។ សាកសព​របស់​លោក ត្រូវ​ដុត​ចោល​ក្នុង​វត្ត​មួយ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ។ មនុស្ស ៣​នាក់ ត្រូវ​នាំ​ទៅ​សួរ​ចម្លើយ​ក្នុង​ករណី​នេះ ប៉ុន្តែ​ត្រូវ​ដោះលែង​ឲ្យ​រួច​ខ្លួន ហើយ​ការ​ស៊ើប​អង្កេត​បន្ត​ក៏​ពុំ​មាន​លទ្ធផល។

របាយការណ៍​បន្ត​ទៀត​ថា ជន​ស៊ីវិល​ដែល​ត្រូវ​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ នោះ គឺ​អ្នក​សារព័ត៌មាន​ខ្មែរ​សញ្ជាតិ​កាណាដា លោក ដោក សុគន្ធ ឬ ម៉ៃឃើល សេនៀ (Michael Senior) នៅ​ពេល​កំពុង​ថត​រូប​កង​កម្លាំង​រដ្ឋាភិបាល​ប្រមូល​ជ័យភណ្ឌ​តាម​ហាង ឬ​ផ្ទះ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។ ភរិយា​របស់​លោក គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពុំ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ។

ការ​សម្លាប់​ទាំង​អំបាលម៉ាន គឺ​ជា​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូត​ដល់​មាន​ការ​សម្របសម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការ​សហប្រជាជាតិ ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការ​បោះឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់​ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​សភា។ ទាំង​រដ្ឋ​ប្រហារ និង​ការ​បោះឆ្នោត បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន ពង្រឹង​អំណាច។

នៅ​ចុង​ឆ្នាំ​១៩៩៩ ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ចំនួន ៧​ផ្សេងៗ​គ្នា ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​ដំណឹង​អ្វី​ពី​ការ​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ណា​ម្នាក់​នៅ​ឡើយ​មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល