ថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ គឺជាខួប ១៨ឆ្នាំនៃព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមគ្នារវាងកងទ័ពដែលស្មោះស្ម័គ្រនឹងសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងកងទ័ពរបស់ លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីទី២ នៅពេលនោះ។
ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារនោះ កងកម្លាំងរបស់ លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ប៉ុន្តែរហូតមកទល់ពេលនេះ គ្មានជនដៃដល់ណាម្នាក់ត្រូវបានគេនាំខ្លួនមកផ្ដន្ទាទោសនៅឡើយ។
ស្របពេលដែលជនដៃដល់នៃការសម្លាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ មិនទាន់ត្រូវបានគេវែកមុខនៅឡើយនោះ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្ស នៅតែបន្តទទូចឲ្យរដ្ឋាភិបាលនាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
ព្រឹត្តិការណ៍ផ្ទុះអាវុធរយៈពេល ២ថ្ងៃ គឺថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់បាត់បង់ជីវិត។ ក្រៅពីនោះ មនុស្សប្រមាណ ៦០នាក់ផ្សេងទៀត ក៏ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់ នៅក្រោយព្រឹត្តិការណ៍បង្ហូរឈាម ក្នុងនោះក៏រួមមានអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ដូចជា លោក ហូ សុខ លោក ចៅ សម្បត្តិ និងលោក ក្រួច យឿម ជាដើម។
ទាក់ទងនឹងព្រឹត្តិការណ៍បង្ហូរឈាមនេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ។ លោកមានប្រសាសន៍នៅថ្ងៃទី៤ ខែកក្កដា ថា គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យបញ្ចប់នូវវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ចំពោះជនឧក្រិដ្ឋដែលបានសម្លាប់ និងរំលោភសិទ្ធិមនុស្សនៅពេលនោះ។ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងបន្តថា គណបក្សសង្គ្រោះជាតិ ក៏នៅតែទទូចឲ្យមានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីនាំយកជនដៃដល់មកផ្ដន្ទាទោស ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ កត់សម្គាល់ដែរថា ចាប់តាំងពីកម្ពុជា មានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ នោះមក វិបត្តិនយោបាយក្រោយការបោះឆ្នោតចេះតែកើតមានជាបន្តបន្ទាប់ ហើយរបត់នយោបាយទាំងមូលក៏មានការប្រែប្រួលធ្ងន់ធ្ងរផងដែរ៖ «យើងសង្កេតឃើញថា ក្រោយឆ្នាំ១៩៩៧ មក មានបញ្ហាជាច្រើនដែលកើតឡើង ទី១ គណបក្សដែលបែកចេញពីហ៊្វុនស៊ិនប៉ិច មានបួនប្រាំគណបក្ស ការបាត់បង់សំឡេងរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លើសពីនេះទៅទៀតដែលយើងឲ្យឈ្មោះថា ការធ្វើវិសោធនកម្មច្បាប់ និង គ.ជ.ប ទាំងប៉ុន្មាន និងថ្ងៃខែបោះឆ្នោត ហើយការប្រែប្រួលនៃការបោះឆ្នោតនោះ វាមានលក្ខណៈមួយដែលយើងតែងតែបញ្ហាជានិច្ច ដែលយើងឲ្យឈ្មោះថា មិនមានលក្ខណៈមួយត្រឹមត្រូវ និងយុត្តិធម៌»។
គណបក្សសង្គ្រោះជាតិ ប្រកាសថា ពួកគេនឹងរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ នៅព្រឹកថ្ងៃទី៥ ខែកក្កដា នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក យ៉ែម បុញ្ញឫទ្ធិ ដែលចាត់ទុកថ្ងៃរដ្ឋប្រហារ ៥-៦ កក្កដា ថាជាព្រឹត្តិការណ៍មួយដ៏ជូរចត់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នោះ មានប្រសាសន៍ថា គោលបំណងនៃការប្រារព្ធពិធីនោះ គឺដើម្បីរំឭកពីភាពខ្លោចផ្សានៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅពេលនោះ។
ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ដែលអតីតប្រធានរបស់ខ្លួន គឺសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបាន លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ មន្ត្រីជាន់ខ្ពស់គណបក្សនេះនៅមិនទាន់ដឹងថា តើគណបក្សរាជានិយមមួយនេះ នឹងធ្វើពិធីរំឭកព្រឹត្តិការណ៍រដ្ឋប្រហារ ឬក៏យ៉ាងណានោះទេ?
មន្ត្រីនៅជាប់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺលោក ទុំ សម្បុរ មានប្រសាសន៍នៅថ្ងៃទី៤ កក្កដា ថា លោកមិនទាន់ដឹងថាយ៉ាងម៉េចនោះទេ ព្រោះមួយរយៈនេះ លោកជាប់រវល់ចុះមូលដ្ឋានច្រើន។
រីឯជំនួយការផ្ទាល់របស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ លោក ញ៉េប ប៊ុនជីន វិញ ឲ្យដឹងថា លោកក៏មិនបានដឹងពីរឿងនេះនៅឡើយ ដោយសារលោកមិនសូវស្រួលខ្លួន ហើយមិនបានទៅធ្វើការរយៈពេលពីរបីថ្ងៃមកហើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានទេនៅថ្ងៃទី៤ ខែកក្កដា។
យ៉ាងណាក៏ដោយ គេនៅចាំបានថា ភ្លាមៗក្រោយព្រឹត្តិការណ៍បង្ហូរឈាមឆ្នាំ១៩៩៧ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ហើយព្រះអង្គក៏បានថ្កោលទោសចំពោះរដ្ឋប្រហារនោះ។
យ៉ាងណាក៏ដោយ គេនៅចាំបានថា ភ្លាមៗក្រោយព្រឹត្តិការណ៍បង្ហូរឈាមឆ្នាំ១៩៩៧ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ហើយព្រះអង្គក៏បានថ្កោលទោសចំពោះរដ្ឋប្រហារនោះ។ ចំណែកអតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពេលនោះ គឺលោក ថូម៉ាស ហាម៉ាប៊ើក (Thomas Hammarberg) ក៏បានចាត់ទុកព្រឹត្តិការណ៍ផ្ទុះអាវុធនោះ ថាជារដ្ឋប្រហារផងដែរ។
រីឯអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) វិញ បានថ្លែងថា រដ្ឋប្រហារនៅខែកក្កដា ឆ្នាំ១៩៩៧ មិនមែនជារដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នោះទេ តែវាជារដ្ឋប្រហារបង្កើតឡើងដោយ លោក ហ៊ុន សែន និងបក្ខពួកជិតស្និទ្ធរបស់លោក ដូចជា លោក គន់ គីម លោក ម៉ុល រឿប លោក សៅ សុខា លោក ហុក ឡង់ឌី លោក កែវ ពង្ស និងលោក ចាប ភក្តី ជាដើម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ប៊្រែដ អាដាម ឲ្យដឹងថា ចំពោះមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ផ្សេងទៀត ដូចជា លោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និងលោក កែ គឹមយ៉ាន វិញ មិនបានគាំទ្រចំពោះរដ្ឋប្រហាររបស់ លោក ហ៊ុន សែន នៅពេលនោះទេ។
លោក ប៊្រែដ អាដាម អះអាងដែរថា ការសម្លាប់ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សក្រោយថ្ងៃរដ្ឋប្រហារបានកើតឡើងជាច្រើន ជាពិសេសគឺនៅទីបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ក្នុងខេត្តកំពង់ស្ពឺ ដែលមាន លោក ចាប ភក្តី ជាមេបញ្ជាការ។ លោក ប៊្រែដ អាដាម ថា នៅទីនោះ អ្នកចាប់ខ្លួនត្រូវបានកូនចៅរបស់ លោក ចាប ភក្តី ធ្វើទារុណកម្មដោយវាយនឹងខ្សែក្រវាត់ ដោយជើងតុ ដោយក្ដារបន្ទះ ទាត់នឹងស្បែកជើងទាហាន អុកនឹងជង្គង់ ដាល់ចូលផ្ទៃមុខ ឬគំរាមសម្លាប់ដោយភ្ជង់កាំភ្លើងលើក្បាល ហើយគំរាមបាញ់បំបែកក្បាល ជាដើម។
លោក ប៊្រែដ អាដាម បញ្ជាក់ថា សកម្មភាពទាំងអស់នេះគួរត្រូវបានគេបើកការស៊ើបអង្កេត ដើម្បីនាំយកជនប្រព្រឹត្តិអំពើឃោរឃៅមកផ្ដន្ទាទោស។
យ៉ាងណាក៏ដោយចុះ រហូតមកទល់ពេលនេះ រដ្ឋាភិបាល លោក ហ៊ុន សែន មិនដែលទទួលស្គាល់ថា ពួកគេជាអ្នកធ្វើរដ្ឋប្រហារនោះទេ ហើយថា គឺខាងភាគីសម្ដេចក្រុមព្រះទៅវិញទេដែលជាអ្នកបង្កឲ្យមានអសន្តិសុខក្នុងសង្គម។

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា អះអាងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាការប៉ុនប៉ងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការនាំចូលនូវអាវុធយុទ្ធភណ្ឌខុសច្បាប់។ លោកថា អ្វីដែលបានកើតឡើង គឺជាវិធានការរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់សកម្មភាពបង្កចលាចលក្នុងសង្គម។ លោក ទិត្យ សុធា មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្របែបនេះ គួរត្រូវបានគេចងចាំ។ ប៉ុន្តែលោកថា គេក៏មិនត្រូវបកស្រាយផ្ទុយពីការពិតចំពោះព្រឹត្តិការណ៍នេះដែរ។ លោកថា គេមិនអាចនិយាយថា អ្នកដែលទប់ស្កាត់សកម្មភាពរដ្ឋប្រហារក្លាយទៅជាអ្នកធ្វើរដ្ឋប្រហារទៅវិញនោះទេ៖ «យើងដឹងថា ព្រឹត្តិការណ៍ ៥-៦ កក្កដា គឺជាព្រឹត្តិការណ៍នៃការធ្វើរដ្ឋប្រហារដោយក្រុមប្រដាប់អាវុធមួយ ដែលនាំអាវុធចូលមកទៀត ហើយប៉ុនប៉ងធ្វើឲ្យមានភាពចលាចលនៅក្នុងសង្គម។ អ៊ីចឹងធម្មតាទេ អ្នកនយោបាយមួយចំនួនចេះតែកេងចំណេញនយោបាយទៅលើព្រឹត្តិការណ៍ហ្នឹង អ៊ីចឹងសូមក្រុមគណបក្សនយោបាយប្រឆាំងក៏ដោយ សូមធ្វើការបកស្រាយដោយឈរលើការពិត ហើយដើម្បីផ្សារភ្ជាប់នូវវិធានការទប់ស្កាត់រហូតធានាបានស្ថានភាពសព្វថ្ងៃនេះ ឲ្យវាឆ្លើយតបទៅនឹងតម្រូវការចង់បាន គឺការធានានូវសន្តិភាព សុវត្ថិភាពសង្គម»។
លោក ទិត្យ សុធា ថ្លែងបន្តថា អ្នកទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នេះ គួរតែជាអ្នកបង្កហេតុ។ ប៉ុន្តែលោកថា តាមរយៈបទពិសោធន៍នេះ គ្រប់ភាគីទាំងអស់គួរនាំគ្នាបញ្ចៀសឲ្យបាននូវដានប្រវត្តិសាស្ត្រអាក្រក់នេះ កុំឲ្យវាកើតឡើងជាថ្មីទៀត ដើម្បីជាការឯកភាពជាតិ។
យ៉ាងណាក៏ដោយ សម្រាប់មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត វិញ យល់ឃើញថា គេត្រូវបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស្រាវជ្រាវស្វែងរកការពិត និងដើម្បីស្វែងរកយុត្តិធម៌ឲ្យអ្នកបាត់បង់ជីវិត៖ «យើងឃើញហើយថា ប្រសិនជានៅប្រទេសគេដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ គឺគេមានគណៈកម្មការមួយដែលធ្វើការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវដ៏ពិតប្រាកដ វាជាគំរូមួយដើម្បីចងទៅដល់អ្នកដឹកនាំជំនាន់ក្រោយៗ កុំឲ្យប្រព្រឹត្តទង្វើហ្នឹងតទៅទៀត នេះហើយដែលធ្វើឲ្យមេរៀនប្រវត្តិសាស្ត្រ វាអាចកើតឡើងជាបន្តទៀត ដោយសារតែការប្រព្រឹត្ត ហើយគ្មានការទទួលខុសត្រូវ»។
លោក អំ សំអាត កត់សម្គាល់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា បានចាប់ផ្ដើមនូវរបត់នយោបាយមួយថ្មី ដោយដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែលោកថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ មក ភាពជាប់គាំងនយោបាយ និងអំពើហិង្សាក្រោយការបោះឆ្នោតបានកើតឡើងជាបន្តបន្ទាប់ ដែលនេះលោកចាត់ទុកថា គឺជាកម្អែលដែលបន្សល់ទុកនៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ៥-៦ កក្កដា។
ចំណែក លោក ប៊្រែដ អាដាម វិញ យល់ឃើញថា ព្រឹត្តិការណ៍រដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧ គឺជាការលុបបំបាត់នូវសុបិន្ដរបស់ពលរដ្ឋខ្មែរ ដែលទើបតែមានក្តីសង្ឃឹមថា វាសនាអនាគតប្រទេសជាតិរបស់ពួកគេ ចាប់ពីឆ្នាំ១៩៩៣ តទៅ នឹងត្រូវសម្រេចដោយសន្លឹកឆ្នោត គឺមិនមែនដោយគ្រាប់កាំភ្លើងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
