ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ស្នើអោយអ្នកនយោបាយខ្មែរ ទប់ស្កាត់ការប្រើប្រាស់ភាសាប្រឆាំងវៀតណាម តទៅទៀត។ នេះគឺជាគោលនយោបាយការបរទេសដែលលោក អ៊ូ វីរៈ សង្ឃឹមថា កម្ពុជា និងវៀតណាម អាចរស់នៅសុខដុមជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង បន្ទាប់ពីមានព្រឹត្តិការណ៍តានតឹងជាប្រវត្តិសាស្ត្រជាច្រើនលើករួចមក។ ប៉ុន្តែគណបក្សនយោបាយមួយចំនួនយល់ថា គោលនយោបាយនេះមិនអាចយកទៅពិចារណាបានឡើយ។
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ប្រជាជនវៀតណាម បានកើនឡើងវិញនៅក្រុងភ្នំពេញ និងជុំវិញបឹងទន្លេសាប ចាប់តាំងពីអំឡុងពេលនៃការគ្រប់គ្រងរបស់វៀតណាម មកលើប្រទេសកម្ពុជា ក្នុងទសវត្សរ៍ទី៨០ ហើយនិន្នាការប្រឆាំងជនជាតិវៀតណាម បានបន្តពុះកម្ដៅ និងឆាបឆេះ ចាប់តាំងពីនោះមក ជាពិសេសការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែន និងក្នុងអំឡុងពេលបោះឆ្នោត។
បទពិសោធន៍តានតឹងទាំងនេះហើយដែលប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ជំរុញឲ្យភាគីទាំងអស់ ជាពិសេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បង្កើតគោលនយោបាយការបរទេសរួម ដើម្បីអនុវត្តឲ្យបានស្របគ្នា។ ក្នុងនោះ គឺភាគីទាំងអស់ គឺត្រូវរារាំងមិនអោយមានការញុះញង់បង្កហិង្សា ការស្អប់ខ្ពើម និងការរើសអើជាតិសាសន៍ ព្រមទាំងធានាសន្តិភាព គោរពគ្នាទៅវិញទៅមកជាមួយវៀតណាម ក៏ជាអាទិភាពគោលនយោបាយការបរទេស។ ជាងនេះទៅទៀត គឺកម្ពុជា ត្រូវទទួលស្គាល់សិទ្ធិជាមូលដ្ឋាន និងជាសាកលសម្រាប់មនុស្សទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជា។
ទាក់ទងការលើកឡើងនេះ ត្រូវបានគណបក្សនយោបាយមួយចំនួនអះអាងថា គ្រាន់តែជាការសម្ដែងមតិរបស់បុគ្គលម្នាក់ដែលមិនអាចយកទៅពិចារណាបានឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងវៀតណាម គ្មានបញ្ហាល្អក់កករធំដុំនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា អ្នកនយោបាយមួយចំនួនបានអនុវត្តវប្បធម៌លាបពណ៌ដែលមិនអាចយកជាការបានឡើយ ហើយគណបក្សកាន់អំណាចក៏ធ្លាប់អំពាវនាវឲ្យបញ្ចប់ការប្រឌិតពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយព័ត៌មានមិនពិតថា រដ្ឋាភិបាលជាអាយ៉ងរបស់វៀតណាម។
លោក សុខ ឥសាន៖ «ឥឡូវយើងរកចំណុចណាមួយដែលថា រដ្ឋាភិបាលអាយ៉ងយួន ធ្វើការដើម្បីផលប្រយោជន៍យួន បើធ្វើការដើម្បីផលប្រយោជន៍យួននោះ មិនមែនបញ្ហាព្រំដែនពន្យារពេលរហូតមកដល់ពេលនេះទេ គឺមានការតស៊ូជាមួយគ្នាខ្លាំងក្លាណាស់។ អាហ្នឹងហើយឆ្លុះបញ្ចាំងថា រដ្ឋាភិបាលកម្ពុជា មិនបានរណបរដ្ឋាភិបាលប្រទេសណាមួយទេ»។
ដោយឡែក ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម អះអាងថា លោកមិនទាន់ឃើញលិខិតរបស់លោក អ៊ូ វីរៈ នៅឡើយទេ ប៉ុន្តែលោកលើកឡើងថា អ្វីដែលគណបក្សសង្គ្រោះជាតិ និយាយទាក់ទងនឹងជនជាតិវៀតណាម ខុសច្បាប់នោះ គឺស្របនឹងច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ ម្យ៉ាងវិញទៀត គណបក្សសង្គ្រោះជាតិ មានគោលនយោបាយទំនាក់ទំនងជាអន្តរជាតិរួចទៅហើយ ដែលមានករណីកិច្ចការពារផលប្រយោជន៍ប្រជាជាតិ និងប្រជាជនរបស់ខ្លួន។
លោក ប៉ុល ហំម៖ «ទំនាក់ទំនងជាលក្ខណៈអន្តរជាតិ រួមទាំងប្រទេសជិតខាងដទៃទៀតនោះ គឺយើងធ្វើយ៉ាងណាអោយមានទំនាក់ទំនងល្អ និងគោរពគ្នាទៅវិញទៅមក កុំអោយប្រទេសណាមួយកេងចំណេញទៅលើប្រទេសណាមួយទៀត»។
លិខិតចំហមួយមានកម្រាស់ ១៦ទំព័រ ដែលលោក អ៊ូ វីរៈ ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា បានបរិយាយថា កម្ពុជា និងវៀតណាម បានពើបប្រទះស្ថានភាពតានតឹងជាមួយគ្នាញឹកញយ។
ក្នុងខែមករា ឆ្នាំ២០១៤ បន្ទាប់ពីជម្លោះបោះឆ្នោតឆ្នាំ២០១៣ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធីមនុស្សក្នុងប្រទេសកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីសញ្ញាអាសន្នអំពីការប្រើប្រាស់ភាសាប្រឆាំងជនជាតិវៀតណាម។
មិនយូរប៉ុន្មានក្នុងខែកុម្ភៈ ឆ្នាំ២០១៤ អ្នកប្រឆាំងបានវាយបំផ្លិចបំផ្លាញអាជីវកម្មដែលមានម្ចាស់ជាជនជាតិវៀតណាម ក្នុងក្រុងភ្នំពេញ និងមានការដុតទង់ជាតិវៀតណាម នៅក្រៅស្ថានទូតវៀតណាម។ ធ្ងន់ធ្ងរជាងនេះ គឺជនជាតិខ្មែរ-វៀតណាមម្នាក់ ត្រូវបានគេវាយសម្លាប់ដែរ។ បន្ទាប់មកក្នុងខែមិថុនា ឆ្នាំ២០១៥ នេះ សកម្មជននយោបាយកម្ពុជា បានប៉ះទង្គិចគ្នាជាមួយអ្នកភូមិ និងទាហានវៀតណាម នៅក្បែរព្រំដែន ហើយបានបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរជាថ្មីទៀត។
ម្ល៉ោះហើយ ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថា ការបង្កើតគោលនយោបាយការបរទេសស្របគ្នារបស់គណបក្សនយោបាយទាំងអស់នៅកម្ពុជា គឺជាទិសដៅដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា មានស្ថិរភាពនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
